ខេត្តមណ្ឌលគិរី ៖ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទប់ស្នាក់នៅ ក្នុងខេត្តមណ្ឌលគិរី ចំនួន១៥០០បន្ទប់ ត្រូវបានគេកក់ពេញជិតអស់គ្មានសល់តាំងពី២ខែមុនមកម្ល៉េះ ដើម្បីស្នាក់អាស្រ័យក្នុងថ្ងៃឆ្លងឆ្នាំ២០២១-២០២២ ខាងមុខនេះ។
គេសង្កេតឃើញថា ជារៀងរាល់ឆ្នាំ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ខណៈនៅខេត្តមណ្ឌលគិរី តែងតែមានអាកាសធាតុរងារខ្លាំង ខ្យល់អាកាសដ៏ល្អបរិសុទ្ធ ហើយក៏មានអ្នកទេសចរជាច្រើននាក់បានមកទស្សនាកម្សាន្ត និងរង់ចាំអបអរពិធីបុណ្យឆ្លងឆ្នាំសកលនៅទីនេះផងដែរ ។
![Picture]()
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងរីសត ប្រហែល១៥០០បន្ទប់ នៅខេត្តមណ្ឌលគិរី ត្រូវបានអ្នកទេសចរកក់ពេញអស់ហើយ ដើម្បីស្នាក់នៅលេងកម្សាន្តនាឱកាសបុណ្យឆ្លងឆ្នាំសកល ដូចនេះចំនួនអ្នកទេសចរដែលនឹងចូលមកកម្សាន្ត គឺខ្ទង់ម៉ឺននាក់ឯណោះ ។ លោកបន្តថា សម្រាប់ខេត្តមណ្ឌលគិរី ក្រោយកូវីដ១៩ ស្ងប់ស្ងាត់ ជារៀងរាល់សប្ដាហ៍ក៏មានអ្នកទេសចរប្រមាណជិត១ម៉ឺននាក់ បានមកលេងកម្សាន្តជាប្រចាំផងដែរ ។
ចំណែកអាជីវករ ដេលជាម្ចាស់សំណាក់ និងហាងកាហ្វ លោក ពាត សុវណ្ណាល័ក្ខ ក៏បានប្រាប់ដែរថា បន្ទប់ផ្ទះសំណាក់ គឺមានភ្ញៀវកក់ពេញអស់ហើយសម្រាប់បុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។ លោកសម្គាល់ឃើញថា ក្នុងខែធ្នូនេះ គឺមានអ្នកទេសចរចូលមកលេងច្រើន សូម្បីហាងកាហ្វេក៏មានអ្នកដំណើរចូលមកទិញជាប្រចាំដែរ ។
![Picture]()
លោក ពាត សុវណ្ណាល័ក្ខ បន្តទៀតថា ទោះបីជំងឺកូវីដ១៩ បានធូរស្រាល តែចំពោះវិធានការការពារជំងឺកូវីដ១៩ គឺលោកបានអនុវត្តជាប់ជាប្រចាំ ដោយនៅគ្រប់បន្ទប់ផ្ទះសំណាក់ គឺមានការសម្អាតអនាម័យល្អ និងដាក់អាកុលក្នុងនោះសម្រាប់ភ្ញៀវប្រើប្រាស់ផងដែរ ។
គួរបញ្ជាក់ថា កាលបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ ឆ្លងចូល២០២១ កន្លងទៅ ខេត្តមណ្ឌលគិរី គឺមានអ្នកទេសចរជាង១ម៉ឺននាក់ចូលមកកម្សាន្ត និងមានការកើនឡើងតិចតួច។ ដូច្នេះមន្ត្រីជំនាញរំពឹងថា បុណ្យឆ្លងឆ្នាំសកលខាងមុខ ខេត្តមណ្ឌលគិរី ក៏នឹងមានកំណើនទេសចរណ៍ច្រើន ព្រោះជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់បានយ៉ាងល្អប្រសើរ ហើយប្រមុខរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញថែមទៀត ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ