ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​មី​ក្រុង ទំនង​មិន​អាច​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា​ដូច​ព្រឹត្តិការណ៍​សហគមន៍ ​២០ ​កុម្ភៈ​ នោះ​ឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ទើបតែ​ឈាន​ដល់​ការ​បើក​ប្រទេស​ឡើង​វិញ ក្រោយ​ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វី​ដ​ ១៩ ចុង​ក្រោយ​ដែល​បាន​ដាក់​ឈ្មោះ​ថា​ព្រឹត្តិការណ៍ ​២០​ កុម្ភៈ​ ឆ្នាំ​ ២០២០…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ទើបតែ​ឈាន​ដល់​ការ​បើក​ប្រទេស​ឡើង​វិញ ក្រោយ​ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វី​ដ​ ១៩ ចុង​ក្រោយ​ដែល​បាន​ដាក់​ឈ្មោះ​ថា​ព្រឹត្តិការណ៍ ​២០​ កុម្ភៈ​ ឆ្នាំ​ ២០២០ ដែល​បាន​អូស​បន្លាយ​ជាង​ ១​ ឆ្នាំ​នោះ​ ។ ប៉ុន្តែ​ថ្មីៗ​នេះ​សកលលោក​បាន​បារម្ភ​ពី​វត្តមានមេរោគ​កូ​វី​ដ​ ១៩ ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ ។ នៅ​កម្ពុជា ក៍បាន​រក​ឃើញ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ហ្គា​ណា មាន​ផ្ទុក​វីរុស​បំប្លែង​ថ្មី​នេះ​ដែរ​ ។ ទោះ​យ៉ាងណា​ទាំង​ថ្នាក់ដឹកនាំ​ និង​អ្នក​សេដ្ឋកិច្ច​មាន​ជំនឿ​ថា ​វត្តមាន​វីរុស​កូ​វី​ដ ​១៩ បំប្លែង​ថ្មី​នេះ​ទំនង​មិន​អាច​បំផ្លាញ​សង្គម​ និង​សេដ្ឋកិច្ច​កម្ពុជា​នោះ​ឡើយ ​។

សម្ដេច​តេ​ជោ ​ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ​១៥ ខែធ្នូ ឆ្នាំ ២០២១ ថា វត្តមាន​មេរោគ​កូ​វី​ដ ​១៩ ​អូ​មី​ក្រុង​ ១ ​ករណីលើ​ស្ត្រីជន​ជាតិខ្មែរ​មក​ពី​ប្រទេស​ហ្គា​ណា​ នោះមិន​គួរ​ណា​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​នោះ​ទេ តែ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ។

សម្ដេច​បញ្ជាក់​ថា កម្ពុជា​ទើបតែ​ប្រកាស​បើក​ទទួល​ទេសចរ​ឡើង​វិញ ហើយ​នៅ​ពេល​គេ​ស្លន់ស្លោ​នៅ​ខាងក្រៅ ធ្វើ​ឱ្យ​វិធានការ​ប្រទេស​ទាំងនោះ ត្រូវ​រឹត​បន្តឹង​ជា​ថ្មី​ហើយ​យើង​មិន​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ដែរ ។ «ខ្ញុំ​បាន​លុប​ចោល​វិញ​ចំពោះ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើ​របស់​ពលរដ្ឋ​មក​ពី​តំបន់​អាហ្វ្រិក ដើម្បីបើក​ទូលាយ​ដល់​ប្រជាជន​ប្រទេស​ជា​ច្រើន​ចូល​មក​កម្ពុជា» ។ ​​ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់​ថា ស្ត្រី​ដែល​មាន​ផ្ទុក​កូ​វី​ដ ​១៩ ​ប្រភេទ​អូ​មី​ក្រុង​ នឹង​ជា​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ ពីព្រោះ​គាត់​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ប្រភេទ​វ៉ា​ក់​សាំ​ច​ន​សុ​ន ​&​ ច​ន​សុ​ន ។ ​សុខភាព​គាត់​ក៏​ធម្មតា អត់​មាន​អ្វី​ប្លែក​ទេ តែ​អ្វី​ដែល​បារម្ភ​ គឺ​ទារក​ក្នុង​ផ្ទៃ​របស់​ស្ត្រី​នោះ ដូច្នេះ​ក្រុម​គ្រូពេទ្យ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នកជំងឺ​រូប​នេះ ។

លោក​ គី សេរី​វឌ្ឍន៍ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​សេដ្ឋកិច្ច​នៅ​កម្ពុជា បាន​និយាយ​ថា អូ​មី​ក្រុង ​មក​ដល់​កម្ពុជា ​គឺជា​រឿង​មួយ​ដែល​គួរ​ប្រុង​ប្រយ័ត្ន ហើយ​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​ក៏​មាន​ដែរ បើ​ពុំ​មាន​វិធានការ​ការពារ​ និង​ការ​ចូលរួម​ទាំងអស់​គ្នា ។ ​យ៉ាងណា​ក្ដី លោក​ជឿជាក់​ថា​ តាម​រយៈ​បទ​ពិសោធន៍​នៃ​ព្រឹត្តិការណ៍​សហគមន៍ ​២០ ​កុម្ភៈ ​២០២១​ កន្លង​ទៅ រាជរដ្ឋាភិបាល​នឹង​មាន​វិធានការ​ និង​ចំណាត់ការ​ក្នុង​ការ​ទប់ស្កាត់​មេរោគ​នេះ​មិន​ឱ្យ​រាលដាល​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ធំធេង​ដូច ​២០ ​កុម្ភៈ ​២០២១ ។

​«ទន្ទឹម​នឹង​នេះ​ដែរ ក៏​ត្រូវ​មានការ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ទប់ស្កាត់​នូវ​មេរោគ ប្រភេទ​ថ្មី​នេះ​កុំឱ្យ​ឆ្លង​រាលដាល​ធំ ដោយ​ក្នុង​នោះ​អាជ្ញាធរ​ត្រូវ​អប់រំ​ពលរដ្ឋ​បន្ថែម​ពី​មេរោគ​មួយ​នេះ ហើយ​ពលរដ្ឋ​ខ្លួនឯង​ក៏​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​ជាង​មុន ត្រូវ​បង្កើន​ការ​អនុវត្តន៍​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​» ។

រាជរដ្ឋាភិបាល​ទើបតែ​បាន​ប្រកាស​ពី​ការ​បើក​ប្រទេស​ឡើង​វិញ ក្រោយ​ពេល​ពី​បាន​រឹត​បន្តឹង​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ ហើយ​ក្រោយ​ពេល​បើក​ប្រទេស​បាន​ប្រមាណ​ជាង​ ១ ​ខែ ស្ថានភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ក៏​ឃើញ​ថា​ មាន​សកម្ម​ភាពល្អ​ប្រសើរ​ឡើង​វិញ ដែល​អាច​ជំរុញ​ឱ្យ​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ ២០២១​ អាច​នឹង​សម្រេច​បាន​លើស​ ២,៤% ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ