ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Mercedes-Benz ស៊េរី​ថ្មី​ពីរ​គ្រឿង​ធ្វើ​ឲ្យ​កក្រើក​ព្រៃ​លើ​ទឹកដី​បី​ស្រុក

7 ឆ្នាំ មុន

ភ្នំពេញ​-​កំពង់ធំ​-​ព្រះ​វិហារ​-​ស្ទឹង​ត្រែង ៖ បេសកកម្ម​នៃ​ការ​ស្វែង​យល់​អំពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​ជាង​១.៥០០​គីឡូម៉ែត្រ ដែល​បាន​ចាប់ផ្តើម​នៅ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា

ភ្នំពេញ​-​កំពង់ធំ​-​ព្រះ​វិហារ​-​ស្ទឹង​ត្រែង ៖ បេសកកម្ម​នៃ​ការ​ស្វែង​យល់​អំពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​ជាង​១.៥០០​គីឡូម៉ែត្រ ដែល​បាន​ចាប់ផ្តើម​នៅ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ដល់​យប់​ថ្ងៃ​ទី​១៥ ឧសភា ២០១៦ កន្លង​មកនេះ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នៅ​ខេត្តស្ទឹងត្រែង ជាប់​ព្រំ​ទល់​ឡាវ ជាមួយនឹង​ការ​ប្រើប្រាស់​រថយន្ត​ស៊េរី​ថ្មី​ដ៏​ទំនើប​ម៉ាក Mercedes-Benz ម៉ូ​ដែល គឺ GL 400 4MATIC និង GLA 250 4MATIC ដែល​មាន​តម្លៃ​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ទាំងស្រុង​ដោយ​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ទទួល​បាន​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​លក់​ផ្តាច់មុខ​នូវ​គ្រប់​ប្រភេទ​រថយន្ត​ម៉ាក Mercedes-Benz ប្រចាំ​នៅ​កម្ពុជា ពី​ក្រុមហ៊ុន​ដើម​ឈ្មោះ Daimler AG (​ឌែម​លើ អេ​ជី​) នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​។

លោក ឃុន ចាន់​ថា ដែល​ជានា​យក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បេសកកម្ម​នៃ​ការ​ស្វែង​យល់​អំពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ក្នុង​រយៈពេល​បី​ថ្ងៃ​ជាមួយ​រថយន្ត​ប្រណីត Mercedes-Benz នេះ បាន​ឆ្លងកាត់​តំបន់​រមណីយដ្ឋាន​សំខាន់​មាន​ដូច​ជា ប្រាសាទ​សំបូរ​ព្រៃ​គុ​ហ៍​នៃ​ខេត្តកំពង់ធំ ប្រាសាទកោះកេរ្តិ៍  ប្រាសាទព្រះវិហារ​នៃ​ខេត្តព្រះវិហារ និង​ទឹកធ្លាក់​ល្បាក់ខោន ស្ថិត​ក្នុង​ព្រំប្រទល់​នៃ​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ឡាវ​។  បេសកកម្ម​នេះ ធ្វើ​ឡើង​ដើម្បី ១-​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៃ​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ដែល​ភាគច្រើន​នៃ​ប្រជាជន​ក្នុង​តំបន់​មិន​ធ្លាប់​បាន​ទៅ​ទស្សនា​នៅឡើយ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​ភាគច្រើន​នៅ​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅ​។ ២-​បង្កើត​បទ​ពិសោធន៍​ថ្មី សម្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មី​ៗ​អំពី​ការ​ប្រើប្រាស់​រថយន្ត Mercedes-Benz ក្នុង​ការ​បើកបរ​លើ​ស្ថានភាព​ផ្លូវ​លំបាក​ៗ និង​ដើម្បី​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​អំពី​បច្ចេកវិទ្យា​ដ៏​ទំនើប​ចុង​ក្រោយ​របស់​រថយន្ត Mercedes-Benz ជូន​ដល់​អតិថិជន​ឲ្យ​ឈប់​បារម្ភ​ពី​ការ​ប្រើប្រាស់​រថយន្ត​ប្រភេទ SUV ដូច​ជា រថយន្ត GL 400 4MATIC និង GLA 250 4MATIC តទៅ​ទៀត ហើយ​សូមកុំ​ប្រើ​រថយន្ត​ប្រភេទ​នេះ​តែ​នៅ​ទីក្រុង ឬ​តែ​នៅ​លើ​ផ្លូវ​ល្អ​រាបស្មើ ប៉ុន្តែ​សូម​អតិថិជន​បើកបរ​រថយន្ត​ទាំងនោះ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​នៅ​កម្ពុជា ទោះជា​ការ​បើកបរ​ក្នុង​ស្ថានភាព​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង មាន​ផ្លូវ​រអិល ឬ​លើ​ផ្លូវ​ដី​ហុយ ផ្លូវ​មាន​ផុ​ក ផ្លូវ​លិច​ទឹក ផ្លូវ​គ្រ​ហុ​ក​តូច​ធំ ផ្លូវ​មានទឹក​ដក់ ផ្លូវ​ឡើង​ចុះ​ចំណោត​ខ្ពស់​ទាប​ៗ ផ្លូវ​មាន​គ្រួ​ស ផ្លូវ​ដីក្រហម និង​ផ្លូវ​មាន​ក្រាល​ដុំ​ថ្ម​តូច​ធំ​ជាដើម​។

ហេតុ​ដូច្នេះ​ទើប​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា បាន​បង្កើត​កម្មវិធី​នេះ​ឡើង និង​បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ផ្សេង ឲ្យ​បើកបរ​រថយន្ត​ទាំងនោះ​ដោយ​ផ្ទាល់​ក្នុង​កាលៈទេសៈ​លំបាក​ៗ​ប្រកបដោយ​ភាព​ភ្ញាក់ផ្អើល​ជាមួយនឹង​បច្ចេកវិទ្យា​ដែល​រថយន្ត​អាច​បើកបរ​ដោយ​ខ្លួនឯង​ក្នុង​ការ​ឡើង​ចំណោត និង​ចុះ​ចំណោត ពិសេស​នៅ​តំបន់​ប្រាសាទព្រះវិហារ​ដែល​ជាទី​មាន​ចំណោត​ខ្ពស់​បំផុត ដែល​ស្ទើរតែ​គ្រប់​រថយន្ត​ដែល​បាន​ធ្វើ​ដំណើរ​ដល់ទី​នោះ​មិន​ហ៊ាន​ប្រថុយ​ក្នុង​ការ​បើកបរ​ឡើង​ទៅ​ដល់​កំពូល​នៃ​ប្រាសាទ​ឡើយ ប៉ុន្តែ​ជាមួយ​រថយន្ត Mercedes-Benz GL 400 4MATIC និង GLA 250 4MATIC បើក​ឡើង​ប្រុយ​ៗ អត់​ដឹង​ថា ឡើង​ខ្ពស់​ខ្លាំង ឬ​ចុះ​ចំណោត​ខ្លាំង​អី​នោះ​ទេ​។  រឹតតែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ នៅ​ពេល​ដែល​បើកបរ​លើ​ផ្លូវ​ដែល​មាន​ជង្ហុក និង​ដុំ​ថ្ម​ធំ​ៗ គឺ​រថយន្ត​ប្រើ​ប្រព័ន្ធ​កាំ​មេ​រ៉ា​៣៦០ ដឺ​ក្រេ និង​ប្រព័ន្ធ​កា​ពី​តាស់ ដោយ​ស្វ័យប្រវត្តិ​ដែល​បាន​បង្ហាញ​រូបភាព​ច្បាស់​ៗ​ពី​ស្ថានភាព​ផ្លូវ ងាយស្រួល​ក្នុង​ការ​បើកបរ​។ រីឯ​កៅអី​រថយន្ត​វិញ ក៏​មាន​ប្រព័ន្ធ​ម៉ាស្សា​ដែល​ផ្តល់​នូវ​ថាមពល​បន្ថែម និង​ជួយ​កាត់​បន្ថយ​ការ​នឿយ​ហត់ ហើយ​នូវ​ផ្តល់​ផាសុកភាព​យ៉ាង​ពិសេស ទោះ​ស្ថិត​ក្នុង​ដំណើរ​ផ្លូវ​ជិត ឬ​ឆ្ងាយ​យ៉ាងណា​ក៏​ដោយ​។ ដោយឡែក​ប្រព័ន្ធ​មើល​ភ្លើង​ពេល​យប់​វិញ មាន​ពន្លឺ​ភ្លឺ​ស​ស្ញា​ច ចាំង​បាន​ឆ្ងាយ មិន​ធ្វើ​ឲ្យ​ចាំង​ភ្នែក​ដល់​អ្នក​បើករ ឬ​អ្នក​ថ្មើរជើង​ដទៃ​ទៀត ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ផ្លូវ​ស្រប ឬ​បញ្ច្រាសទិស​គ្នា​ក៏​ដោយ​។

លោក ឃុន ចាន់​ថា បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ដែល​បាន​ឡើង​ទៅ​ដល់​លើ​កំពូលភ្នំ​ប្រាសាទព្រះវិហារ​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ២០១៦  រថយន្ត Mercedes-Benz ដ៏​ទំនើប​ស៊េរី​ថ្មី​ប្រភេទ SUV ទាំង​ពីរ​គ្រឿង​នោះ ក៏​បាន​បន្ត​នាំ​អ្នក​សារព័ត៌មាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ខេត្តព្រះវិហារ ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ទឹកធ្លាក់​ព្រះ​និម្មិត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹកដី​ស្រុក​ឆែប ជាប់​ព្រំប្រទល់​ជាមួយ​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ របស់​ប្រទេស​ឡាវ​បន្ត​ទៀត​។ ខណៈ​បាន​ទៅ​ចូល​ចត​ដល់​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ភ្លាម​នោះ រថយន្ត​ដ៏​ទំនើប​ស៊េរី​ថ្មី​ទាំង​ពីរ​គ្រឿង​នេះ បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ទូទៅ​ជា​ច្រើន​ដែល​បាន​ទៅ​កម្សាន្ត​ដល់ទី​រមណីយដ្ឋាន ដោយ​អ្នកទេសចរ ភាគច្រើន​បាន​ចោមរោម​មើល និង​សុំ​ថតរូប​ទុកជា​អនុស្សាវរីយ៍​ទៀត​ផង​។

ជាមួយនឹង​មោទនភាព​លើ​រថយន្ត Mercedes-Benz ដែល​ក្រុមហ៊ុន Star Auto Cambodia បាន​ទទួល​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​លក់​ផ្តាច់មុខ​នៅ​កម្ពុជា ហើយ​ទទួល​បាន​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​ទូទៅ​បែប​នេះ​ហើយ ទើប​លោក​ឃុន ចាន់​ថា បាន​បង្ហាញ​ពី​ឆន្ទៈ​ថា លោក​និង​ក្រុមហ៊ុន នឹង​រៀបចំ​កម្មវិធី​បែប​នេះ​ឲ្យ​បាន​ល្អ និង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​ទៅ​ទៀត ពិសេស​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទេសចរណ៍​ដ៏​ល្បី​ៗ​របស់​កម្ពុជា ដែល​កំពុង​តែ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ទូទៅ​៕