ការញាក់ត្របកភ្នែកតែងកើតឡើងជារឿយៗចំពោះមនុស្សទូទៅ ដែលអាការៈបែបនេះអ្នកខ្លះមានជំនឿថាបើញាក់មាត់នឹងមានលាភ ញាក់ក្លៀកនឹងជួបសំណាងធំ ឯញាក់ភ្នែកឆ្វេងតែងនាំរឿងមិនល្អជាដើម ។ ប៉ុន្តែទោះជាយ៉ាងណាជុំវិញការញាក់លើរាងកាយនេះក៏មានការយល់ឃើញខុសៗទៅតាមជំនឿទំនៀមទម្លាប់ និងការធ្លាប់ចំណាំចាំរៀងមក ។

តើលោកអ្នកមានដឹងទេថា ការញាក់លើរាងកាយជាប្រផ្នូលប្រាប់មុនអំពីហេតុការណ៍ដែលនឹងកើតឡើងនៅពេលអនាគតដ៏ខ្លីដែរទេ? ហេតុការណ៍នេះអាចជារឿងស៊យ ឬសំណាងយ៉ាងណានោះសូមអានអត្ថន័យនេះដូចតទៅ៖
១. បុគ្គលណាញាក់ត្របកភ្នែកស្ដាំខាងលើនឹងមានគេនាំលាភមមកឱ្យ ។

២. ញាក់ត្របកភ្នែកខាងឆ្វេង បើជាស្រីនិយាយដល់ញាក់ចំពាក់កណ្ដាលភ្នែកនឹងមានមនុស្សមករក ។
៣. ញាក់ត្របកភ្នែកឆ្វេងខាងក្រោមនឹងមានគេចោទប្រកាន់ ។
៤. ញាក់ច្រមុះមានគេរករឿងរកហេតុ មិនល្អទេ ។
៥. ញាក់ត្រចៀកស្ដាំនឹងបានឮដំណឹងអាក្រក់ បើញាក់ត្រចៀកឆ្វេងនឹងមានលាភ ។

៦. ន័យមួយទៀតថា ញាក់ត្រចៀកខាងស្ដាំនឹងបានកូនប្រុសជាទីគាប់ចិត្ត ញាក់ខាងឆ្វេងនឹងបានកូនស្រីជាទីស្រឡាញ់ ។
៧. ញាក់ក្លៀកខាងឆ្វេងនឹងមានលាភ, ញាក់ក្លៀកខាងស្ដាំនឹងមានរឿងរ៉ាវ ។
៨. ញាក់ខ្នងនឹងបានធ្វើការនៅបន្ទប់អ្នកធំ ។
៩. ញាក់បបូរមាត់ស្ដាំនឹងមានលាភ, ញាក់បបូរមាត់ខាងក្រោមមានទុក្ខព្រោះញាតិ, ញាក់បបូរមាត់លើនឹងបានបរិភោគអាហារឆ្ងាញ់ពិសា, ញាក់កៀនខាងឆ្វេងស្រីនឹងឱ្យលាភ, ញាក់កៀនខាងស្ដាំកើតជោគជាទីគាប់ចិត្ត ។

១០. ញាក់ដៃឆ្វេងចាប់ពីកែងដៃចុះទៅក្រោមនឹងមានស្រីធ្វើទោស, ញាក់ខាងស្ដាំនឹងមានលាភពីចម្ងាយ ។
១១. ញាក់កែងដៃខាងស្ដាំនឹងមានមនុស្សស្រឡាញ់, ញាក់កែងដៃខាងស្ដាំនឹងមានមនុស្សមករក ។
១២. ញាក់ដៃឆ្វេងតាំងពីស្មាចុះទៅក្រោមនឹងមានកេរ្ដិ៍ឈ្មោះ ។

១៣. ញាក់ដៃខាងស្ដាំនឹងបានមាសប្រាក់ពាក់ ។
១៤. ញាក់ចង្អុលដៃនិងកូនដៃនឹងមានរឿងរ៉ាវ ។
១៥. ញាក់ម្រាមកណ្ដាល បងប្អូននឹងគិតដល់ ។
១៦. ញាក់ជង្គង់ស្ដាំនឹងមានលាភ, ញាក់ជង្គង់ឆ្វេងនឹងបែកបាក់ប្ដីប្រពន្ធ ។
១៧. ញាក់ស្មាឆ្វេងនឹងមានទុក្ខ, ញាក់ស្មាស្ដាំ បានសេចក្ដីសុខចាកទុក្ខភ័យ ៕

ទាក់ទងនឹងការញាក់លើរាងកាយនេះ មានមនុស្សមួយចំនួនជឿថា ការញាក់ ឬកន្ត្រាក់លើរាងកាយត្រង់ចំណុចណាមួយពិសេសត្រង់ត្របកភ្នែកនឹងអាចមានលាភចូល ឬក៏កើតមានបញ្ហាណាមួយដល់ខ្លួនឯងជាមិនខាន តែផ្ទុយទៅវិញបើតាមវេជ្ជសាស្ត្រ អាការៈនៃការញាក់លើរាងកាយនេះ វាគឺជាសញ្ញាព្រមានពីបញ្ហាសុខភាពធ្ងន់ធ្ងរគួរប្រញាប់រកការពិភាក្សាអំពីអ្នកជំនាញជាបន្ទាន់ ៕ សាន សារិន
ចែករំលែកព័តមាននេះ