ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាចច្បាប់​ធំ​ជាងតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​ចូល​បំភ្លឺ​តាម​ដីកាកោះ​តុលាការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង បាន​ថ្លែង​ថា អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កោះហៅ​ឲ្យ​ពួក​គាត់​ចូល​ទៅ​បំភ្លឺ​នោះ​ពួក​គាត់​មាន​សិទ្ធិ​ក្នុង​ការ​មិន​ទៅ​ក៏​បាន ទៅ​ក៏​បាន​អាស្រ័យ​លើ​សាមីខ្លួន ។

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង បាន​ថ្លែង​ថា អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កោះហៅ​ឲ្យ​ពួក​គាត់​ចូល​ទៅ​បំភ្លឺ​នោះ​ពួក​គាត់​មាន​សិទ្ធិ​ក្នុង​ការ​មិន​ទៅ​ក៏​បាន ទៅ​ក៏​បាន​អាស្រ័យ​លើ​សាមីខ្លួន ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រដ្ឋសភា​នេះ ក្រោយ​ពី​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​ជំហរ​របស់​ខ្លួន​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ទៅ​តាម​ដីកាកោះ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​រំលោភ​បំពាន​ច្បាប់​នោះ​ឡើយ ។

អ្នកនាំពាក្យ​រដ្ឋសភា​បន្ត​ថា «​រឿង​តុលាការ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ទេ ព្រោះថា​តុលាការ​ជា​ស្ថាប័ន​មួយ​ដាច់​ដោយឡែក​ពី​រដ្ឋសភា ។ កម្ពុជា​មាន​អំណាច​បី​ដាច់​ដោយឡែក​ពី​គ្នា និង​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ អុ​ី​ចឹ​ង​ខ្ញុំ​ចង់​និយាយ​ថា​អំណាច​ដាច់​ដោយឡែក​ពី​គ្នា »​។

ទាក់ទិន​នឹង​អ្នកតំណាង​រាស្ត្រ​ដែល​កំពុង​មាន​អភ័យឯកសិទ្ធិ តែ​ត្រូវ​បាន​តុលាការ​កោះហៅ​នោះ ត្រូវ​បាន​លោក ឡេ​ង ប៉េង​ឡុ​ង លើក​ឡើង​ថា តុលាការ​កោះហៅ បើ​យើង​ទៅ​ក៏​ទៅ បើ​មិន​ទៅ​អាង​ស្អី​ក៏​អាង​ទៅ ហើយ​អនុវត្ត​ច្បាប់​រៀង​ៗ​ខ្លួន ។ ផ្ទុយ​ទៅ​វិញ​អ្នកតំណាង​រាស្ត្រ​អាងលើ​មាត្រា​៨០ បើ​ពួក​លោក​អញ្ជើញ​ទៅ​ក៏​អត់​មាន​បញ្ហា​អ្វី​ដែរ ។

លោក​បន្ថែម​ថា ការ​ហៅ​របស់​តុលាការ​គេ​សំអាង​តាម​ហេតុផល​របស់​គេ ចំណែក​អ្នកតំណាង​រាស្ត្រ​គេ​មិន​ទៅ​គេ​ក៏​ចេះ​ច្បាប់​ដូច្នេះ​គេ​ចេះ​ដឹង​ហើយ ។ រដ្ឋសភា​មិន​ទាន់​មាន​បើក​កិច្ចប្រជុំ​ទេ លើ​ករណី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​ជា​បន្តបន្ទាប់ ។ បើ​មាន​កិច្ចប្រជុំ លុះត្រាតែ​មាន​សំណើ​ពី​ក្រសួងយុត្តិធម៌ និង​តុលាការ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មួយ​ដឹកនាំ​ដោយ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​នៅ​ទីស្នាក់ការ​គណ​បក្ស។ បន្ទាប់​កិច្ចប្រជុំ គណបក្ស​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​លើក​ឡើង​ថា ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ ដែល​មាន​អភ័យឯកសិទ្ធិ​សភា​ពី​សំណាក់​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់ ហើយ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល និង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដើម្បី​ធានា​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ស្រប​តាម​គោលការណ៍​នៃ​នីតិរដ្ឋ ។

សេចក្តីថ្លែងការណ៍​បន្ត​ថា រាល់​ការ​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​ដែល​មាន​អភ័យឯកសិទ្ធិ​សភា ពី​សំណាក់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺជា​ការ​ប្រើប្រាស់​អំណាច​ដោយ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អភ័យឯកសិទ្ធិ​សភា​របស់​តំណាងរាស្ត្រ​ដែល​ធានា​ការពារ​ដោយ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែឧសភា កន្លង​ទៅ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​អ្នកតំណាង​រាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​(CNRP)​ចំនួន​២​រូប​បន្ថែម​ទៀត ឲ្យ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ពាក់ព័ន្ធ​នឹង​ករណី​លោក កឹ​ម សុខា ជាមួយ​កញ្ញា ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី​មុំ ។ ក្នុង​នោះ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​តុលាការ​កោះហៅ​ទៅ​បំភ្លឺ​ដែរ ។

យោង​តាម​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ ចែង​ថា ការ​ចោទប្រកាន់ ការ​ចាប់ខ្លួន ការ​ឃាត់ខ្លួន ឬ​ការ​ឃុំខ្លួន​សមាជិក​ណាមួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង ។ ក្នុង​ករណី​ខាងក្រោយ​នេះ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវធ្វើ​សេចក្ដីរាយការណ៍​ជូន​រដ្ឋសភា ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជា​បន្ទាន់ ដើម្បី​សម្រេច ។

សេចក្ដីសម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ត្រូវ​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា​ខាង​មុខ ដើម្បី​អនុម័ត​តាម​មតិ​ភាគច្រើន​ពីរ​ភាគ​បី​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល ។ ក្នុង​ករណី​ទាំងអស់​ខាងលើ​នេះ ការ​ឃុំខ្លួន ការ​ចោទប្រកាន់​តំណាងរាស្ត្រ​ណាមួយ​ត្រូវ​ផ្អាក ប្រសិនបើ​រដ្ឋសភា​បាន​បញ្ចេញមតិ​ឱ្យ​ផ្អាក​តាម​មតិ​ភាគច្រើន​បី​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ៕