ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! តួអង្គ «​អង្គ​លី​មា​ល៍​» នួន សុផល បាត់​មុខ​ជិត​២០​ឆ្នាំ សន្សំ​ចិត្ត​ចង់​វិល​មក​ជា​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

ទស្សនិកជន​ដែល​និយម​ទស្សនា​ភាពយន្ត​ខ្មែរ​ប្រហែលជា​នៅ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ នូវ​តួអង្គ​ក្នុង​រឿង «​អង្គ​លី​មា​ល៍​» លោក នួន សុផល ដែល​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​ក្នុង​ពិភព​ខ្សែភាពយន្ត​ខ្មែរ​កាលពី​អំឡុង​ឆ្នាំ​២០០៤ ខណៈ​ពេល​ដែល

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ដែល​និយម​ទស្សនា​ភាពយន្ត​ខ្មែរ​ប្រហែលជា​នៅ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ នូវ​តួអង្គ​ក្នុង​រឿង «​អង្គ​លី​មា​ល៍​» លោក នួន សុផល ដែល​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​ក្នុង​ពិភព​ខ្សែភាពយន្ត​ខ្មែរ​កាលពី​អំឡុង​ឆ្នាំ​២០០៤ ខណៈ​ពេល​ដែល​អតីត​តារា​សម្តែង​រូប​នេះ បាន​សន្សំ​ចិត្ត​ចង់​វិល​មក​ការ​សម្តែង​នៅ​ក្នុងស្រុក​ខ្មែរ​ជា​ថ្មី​ឡើង​វិញ​។

ក្នុង​វ័យ​ប្រមាណ​ជា​៤០​ឆ្នាំ លោក នួន សុផល កំពុង​សាង​ជីវភាព​ថ្មី​នៅ​ក្នុង​រដ្ឋ​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក ដែល​រហូត​មក​ទល់​ពេល​នេះ លោក​បាន​ទទួល​ចំណងដៃ​កូនស្រី​ម្នាក់ ក្នុង​ពេល​ដែល​ចំណងអាពាហ៍ពិពាហ៍​ជា​ប្តី​ប្រពន្ធ​របស់​លោក​បាន​បែកបាក់​គ្នា​ទៅ​ហើយ​។

លោក នួន សុផល បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ពី​ទឹកដី​អា​មេ​រិ​កថា លោក​បាន​បញ្ចប់​អាជីព​សិល្បៈ​នៅ​ក្នុងស្រុក​ខ្មែរ​នៅ​អំឡុង​ឆ្នាំ​២០០៤ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​មក​រស់នៅ​អា​មេ​រិ​ក ដើម្បី​កសាង​ជីវភាព​ថ្មី​នៅ​លើ​ទឹកដី​នេះ​អស់​រយៈពេល​ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយ​។

លោក​បញ្ជាក់​ថា បើ​ទោះបី​បញ្ចប់​អាជីព​សិល្បៈ​នៅ​ស្រុក​ខ្មែរ​ក៏​ដោយ ប៉ុន្តែ​កន្លង​មក នៅ​លើ​ទឹកដី​អា​មេ​រិ​ក​លោក​ក៏​មិន​បាន​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ការងារ​សិល្បៈ​នោះ​ឡើយ ពោល​គឺ​លោក​បាន​ចេញ​សម្តែង និង​ច្រៀង​កំសាន្ត​ឲ្យ​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ស្ទើរតែ​គ្រប់​រដ្ឋ​ផង​ដែរ​។

លោក​ថា ដោយសារ​បងប្អូន​ខ្មែរ​នៅ​ទីនោះ​បាន​ស្គាល់​លោក​ច្បាស់​តាម​រយៈ​តួអង្គ​នាយ​ដាំ ទើប​លោក​មានឱកាស​បាន​ចេញ​សម្តែង​អោយ​ពួក​គាត់​កំសាន្ត ប៉ុន្តែ​ដោយសារ​លោក​ជា​តារា​សម្តែង​ហេតុនេះ​លោក​ក៏​មិនជា​លេចធ្លោ​ខ្លាំង​ដូច​តារាចម្រៀង​អាជីព​ដែល​គេ​ល្បី​ៗ​នោះ​ដែរ​។

យ៉ាងណា​បើ​តាម​លោក នួន សុផល ថា ក្នុង​ពេល​ដែល​លោក​បាន​រស់នៅ​សហរដ្ឋអាមេរិក​ជិត​២០​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​សម្រាប់​ចិត្ត​របស់​លោក គឺ​នៅ​តែ​មានការ​នឹករលឹក​ប្រទេស​កំណើត និង​បងប្អូន​ទស្សនិកជន​ខ្មែរ​ទាំងអស់​ស្ទើរ​រៀង​រាល់ពេល​វេលា ហើយ​លោក​ក៏​សង្ឃឹមថា ក្នុង​ពេល​ណាមួយ​លោក​នឹង​មានឱកាស​ទៅ​លេង​ស្រុក​ខ្មែរ​ជា​ថ្មី​ម្តងទៀត​។

លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​អតីត​តារា​សម្តែង និង​ស្រឡាញ់​សិល្បៈ​ម្នាក់​លោក​នៅ​តែ​សន្សំ​ចិត្ត​ចង់​វិល​ទៅ​កាន់​ស្រុក​កំណើត ហើយនឹង​ចូលរួម​សម្តែង​ជា​ថ្មី ដោយ​រួម​ជាមួយ​តារា​ជើង​ចាស់​ផ្សេង​ទៀត ក្នុង​គោលបំណង​ផ្តល់​បទ​ពិសោធន៍​ដែល​ធ្លាប់​មាន​សម្រាប់​ប្អូន​ៗ​សិល្បករ​ជំនាន់​ក្រោយ​។

យ៉ាងណា​លោក​ថា បំណង​ដែល​លោក​ចង់​វិល​មក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​នេះ គឺ​មិនមែន​ចង់បាន​ភាព​ល្បីល្បាញ​អ្វី​នោះ​ទេ ពោល​គឺ​លោក​គ្រាន់តែ​ចង់​យក​ការ​សម្តែង​របស់​លោក​នេះ ដើម្បី​បាន​ថវិកា​ទៅ​ជួយ​ដល់​ជន​ក្រីក្រ​នៅ​ស្រុក​ខ្មែរ ជា​ពិសេស​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​តែ​ប៉ុណ្ណោះ​។

លោក​បន្ថែម​ថា ដោយសារ​មើលឃើញ​ស្ថានភាព​សិល្បៈ​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​មានការ​លូតលាស់ និង​មានការ​ឲ្យ​តម្លៃ​ច្រើន​ទៅ​លើ​អ្នកសិល្បៈ ធ្វើ​ឱ្យ​លោក​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខុស​ពី​អ្វី​ដែល​ទស្សនិកជន​នៅ​ទី​នេះ​មួយ​ចំនួន​តូច​ដែល​វាយតម្លៃ​ពី​សិល្បៈ​ខ្មែរ​យើង​មានការ​ក​កៀបសង្កត់​ច្រើន​។

លោក នួន សុផល បាន​បន្ថែម​ទៀត​ថា សិល្បៈ​ខ្មែរ​គឺ​មាន​ភាព​ថ្លៃថ្នូរ និង​ខ្ពង់ខ្ពស់​ណាស់ មិនមែន​ដូច​ពាក្យ​បុគ្គល​មួយ​ចំនួន​បាន​លើក​ឡើង​នោះ​ឡើយ អ្វី​ដែល​សំខាន់​អ្នក​ធ្វើ​ឲ្យ​គេ​មើល​ថា សិល្បៈ​អាប់អោន​នោះ គឺជា​ការ​ប្រព្រឹត្ត​ពី​បុគ្គល​ខ្លួន​ម្នាក់ឯង​ប៉ុណ្ណោះ វា​មិន​សំដៅលើ​អ្នកសិល្បៈ​ទាំងមូល​នោះ​ឡើយ​។

ទោះជា​យ៉ាងណា លោក​បាន​ស្នើ​សុំ​ឲ្យ​ទស្សនិកជន​ខ្មែរ​ទាំងអស់ សូម​បន្ត​ជួយ​គាំទ្រ​ដល់​សិល្បៈ​ខ្មែរ​យើង​បន្ថែម​ទៀត ព្រោះ​ទៅ​ថ្ងៃ​មុខ​លោក​ជឿ​ថា សិល្បៈ​ខ្មែរ​យើង​នឹង​កាន់តែ​រីក​ចម្រើន ខណៈ​ពេល​ដែល​លោក​ក៏​រំពឹង​នឹង​បាន​ចូលរួម​សម្តែង​ជា​ថ្មី ដើម្បី​ជា​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ដែល​លោក​មាន​សម្រាប់​ប្អូន​ៗ​អ្នកសិល្បៈ​ជំនាន់​ក្រោយ​។

ជា​ការ​កត់សម្គាល់​អតីត​តារា​សម្តែង​លោក នួន សុផល បាន​បង្ហាញ​វត្តមាន​សម្តែង​នៅ​ក្នុង​រឿង «​អង្គ​លី​មា​ល៍​» និង «​ស្តេច​ដំរី​ស​» ដែល​រឿង​ទាំង​ពីរ​នេះ បាន​ឆក់​បេះដូង​ទស្សនិកជន​ឲ្យ​ស្គាល់​រូប​លោក​ច្បាស់ បន្ទាប់​ពី​កន្លង​មក លោក​បាន​ត្រឹម​ជា​តួ​រាយរង​ម្នាក់​។ ក្រៅពី​ការ​សម្តែង​រឿង​ទាំង​ពីរ​ខាងលើ រូប​លោក​ក៏​មានបាន​សម្តែង​នូវ​រឿង​មួយ​ចំនួន​ទៀត ដោយ​មិន​តិច​ជាង​១០​រឿង​នោះ​ឡើយ ខណៈ​ពេល​ដែល​លោក​ក៏​បាន​សម្តែង​នៅ​ក្នុង​ឈុត​ខារ៉ាអូខេ​ជា​បន្តបន្ទាប់​ផង​ដែរ កាលពី​អំឡុង​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ