ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​ ១៩ ​ជំរុញ​ឱ្យពលរដ្ឋ​ខ្លះ​ចំណាយ​លុយ​ទិញ​សេវា​ធានា​រ៉ាប់រង​អាយុជីវិត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ ​១៩ ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងាក​មក​ទិញ​សេវា​ធានា​រ៉ាប់រង​ដែល​ធ្វើ​ឲ្យ​វិស័យ​ថ្មី​មួយ​នេះ មាន​សន្ទុះ​កើនឡើង​ក្នុង​ពេល​ប្រទេស​នានា​ធ្លាក់​ចុះ ​។ លោក ​យក់ ចំរើន​ឬ​ទ្ធិ​…

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ ​១៩ ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងាក​មក​ទិញ​សេវា​ធានា​រ៉ាប់រង​ដែល​ធ្វើ​ឲ្យ​វិស័យ​ថ្មី​មួយ​នេះ មាន​សន្ទុះ​កើនឡើង​ក្នុង​ពេល​ប្រទេស​នានា​ធ្លាក់​ចុះ ​។ លោក ​យក់ ចំរើន​ឬ​ទ្ធិ​ អគ្គនាយក​ក្រុមហ៊ុន​ហ្វ​ត​តេ និង​ជា​អ្នកត្រួសត្រាយ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុ​ជាមួយ​រូប​បានឱ្យ​ដឹង​ថា បើ​និយាយ​ពី​វិស័យ​ធានា​រ៉ាប់រង​នៅ​លើ​ពិភពលោក​គេ​បាន​ព្យាករ​ថា​ នឹង​ដើរ​ថយក្រោយ ហើយ​នៅ​បណ្ដា​ប្រទេស​អាស៊ាន វិស័យ​នេះ​បាន​ព្យាករ​ថា​ដើរ​ថយក្រោយ​ប្រមាណ ​១០​ ភាគរយ តែ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​មាន​កំណើន ដោយ​ក្នុង​នោះ​វិស័យ​ធានា​រ៉ាប់រង​ទូទៅ​មាន​កំនើន​ប្រមាណ​ ៧​ ភាគរយ និង​ធាន​រ៉ាប់រង​លើ​អាយុជីវិត​មាន​កំណើន​ពី​១១ ​ទៅ​ ១២ ​ភាគរយ ​។

ជា​រួម​មូលដ្ឋាន​ធានា​រ៉ាប់រង​នៅ​កម្ពុជា​នៅ​តូច​នៅឡើយ​សម្រាប់​សេដ្ឋកិច្ច មាន​ន័យ​ថា​ ពលរដ្ឋ​ប្រើ​សេវា​ធានា​រ៉ាប់រង​នៅ​មាន​ចំនួន​តិច ​។ លោក ចំរើន​ឬ​ទ្ធិ បាន​លើក​ឡើង​បន្ត​ថា កត្តា​ដែល​ជំរុញ​ឱ្យ​វិស័យ​ធានា​រ៉ាប់រង​ទាំងមូល​ទទួល​បាន​កំណើន​ជា​វិជ្ជមាន គឺ​ដោយសារ​តែ​ក្នុង​វិបត្តិ​កូ​វី​ដ ​១៩ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​បណ្ណ​ធានា​រ៉ាប់រង​លើ​សុខភាព​មាន​ចំនួន​ច្រើន​ជាង​កាលពី​ឆ្នាំ​មុន​ៗ បើ​ទោះបីជា​កា​ទិញ​បណ្ណ​ធានា​រ៉ាប់រង​ទៅ​លើ​សំណង់ និង​កត្តា​ផ្សេង​ៗ​ទៀត​បាន​ថមថយ​ឬ​នៅ​ទ្រឹង​ក្ដី ។

លោក​ថា​ ​យើង​បាន​មើលឃើញ​ថា ​វិស័យ​ដែល​ជួយ​ច្រើន​ដល់​វិស័យ​ធានា​រ៉ាប់រង​ទាំងមូល ​គឺ​ការ​ធានា​រ៉ាប់រង​ទៅ​លើ​សុខភាព ដែល​មាន​កំណើន​រហូត​ដល់​ ៣០​ ភាគរយ ធានា​រ៉ាប់រង​យានយន្ត​ក៏​មាន​កំណើន​ដែរ ហើយ​ការ​ធានា​រ៉ាប់រង​ទៅ​លើ​ការ​ដឹក​ជញ្ជូន និង​យន្តហោះ​ក៏​មាន​កំណើន ​។ មន្ត្រី​ដដែល​បន្ត​ទៀត​ថា នៅ​ក្នុង​វិបត្តិ​កូ​វី​ដ​ ១៩​ នេះ ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​បាន​យល់​ដឹង​ពី​បញ្ហា​សុខភាព ហើយ​បាន​ទិញ​បណ្ណ​ធានា​រ៉ាប់រង​ទៅ​លើ​សុខភាព​កាន់តែ​ច្រើន​ឡើង ។ ដូច​ពាក្យចាស់​មួយ​និយាយ​ថា ចង់​ជោគជ័យ​ទាល់តែ​យើង​ជោគជ័យ​លើ​សុខភាព​សិន តែ​បើសិនជា​សុខភាព​ទ្រុឌទ្រោម មិន​អាច​ជោគជ័យ​អ្វី​ផ្សេង​បាន​ឡើយ ។

លោក​បន្ថែម​ថា នៅ​ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ លោក​ជឿជាក់​ថា ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​នឹង​សញ្ញា​វិជ្ជមាន​កាន់តែ​ខ្លាំង​ជាង​មុន ហើយ​អ្វី​ដែល​ប្រតិបត្តិ​ករ​វិស័យ​នេះ​ត្រូវធ្វើ​ដើម្បី​ជំរុញ​ឱ្យ​មាន​ចំណែក​សេដ្ឋកិច្ច​កាន់តែ​ធំ​នោះ​គឺ​ការ​ចូលរួម​សហការ​គ្នា ក្នុង​ផ្សព្វផ្សាយ បញ្ជ្រាប​ចំណេះដឹង​ទៅ​កាន់​ប្រជាពលរដ្ឋ​ពី​អត្ថប្រយោជន៍​នៃ​ធានា​រ៉ាប់រង ។

លោក ​ប៊ូ ចន្ទ​ភី​រូ អគ្គនាយក​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា​បាន​ថ្លែង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​កម្ពុជា​ទទួល​បានការ​វិនិយោគ​លើ​វិស័យ​ធានា​រ៉ាប់រង​ជា​បន្តបន្ទាប់ មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សរុប​ប្រមាណ​ ៤០ ​ក្រុមហ៊ុន ទាំង​ធានា​រ៉ាប់រង​ទូទៅ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​ក្រុមហ៊ុន​ខ្នាត​តូច​ជា​ច្រើន​ផង​ដែរ ។

លោក​បន្ត​ថា​ នៅ​ពេល​អនាគត វិស័យ​នេះ​នឹង​កាន់តែ​មានការ​រីក​លូតលាស់​កាន់តែ​ធំ​បន្ត​ខណៈ​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា​នៅ​មាន​ចំណែក​តូច​នៅឡើយ​ក្នុង​សេដ្ឋកិច្ច ហើយ​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​វិស័យ​ធាន​រ៉ាប់រង​យើង​គឺ​មាន​ទំហំ​តូច​មែនទែន និង​ត្រូវការ​អភិវឌ្ឍ​បន្ថែម​ទៀត​និង​ការ​វិនិយោគ​ពី​វិនិយោគិន​បន្តបន្ទាប់​ទៀត ។ ជា​ការ​កត់សម្គាល់ ក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា ក្រុមហ៊ុន​ជា​ច្រើន​តែង​ចូលរួម​សហការ​ជាមួយ​ធនាគារ ក៏​ដូច​ជា​មីក្រូហិរញ្ញវត្ថុ​ដើម្បី​លក់​កញ្ចប់​ធានា​រ៉ាប់រង​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ