ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តួឯក​នាង​វិធា​វី ក្នុង​រឿង «​ផ្កា​ស្រពោន​» ឆ្នាំ​១៩៦៥ ទទួលមរណភាព​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោកស្រី ញ៉ុញ សា​ណុំ អតីត​សិល្ប​ការិនី​ល្ខោន​ជាតិ និង​ជា​តួ​នាង​វិធា​វី ក្នុង​ខ្សែភាពយន្ត​រឿង «​ផ្កា​ស្រពោន​» ឆ្នាំ​១៩៦៥ បាន​ទទួលមរណភាព​ហើយ

រាជធានី​ភ្នំពេញ ៖ លោកស្រី ញ៉ុញ សា​ណុំ អតីត​សិល្ប​ការិនី​ល្ខោន​ជាតិ និង​ជា​តួ​នាង​វិធា​វី ក្នុង​ខ្សែភាពយន្ត​រឿង «​ផ្កា​ស្រពោន​» ឆ្នាំ​១៩៦៥ បាន​ទទួលមរណភាព​ហើយ ក្នុង​ជន្មាយុ​៨០​ឆ្នាំ​។

បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមព្រះ​សុរិយា​បានអោយ​ដឹង​ថា អតីត​សិល្ប​ការិនី​ល្ខោន​ជាតិ (​ល្ខោននិយាយ​) នៃ​ប្រទេស​កម្ពុជា សម័យ​សង្គមរាស្ត្រនិយម និង​ជា​តួ​នាង​វិធា​វី ក្នុង​ខ្សែភាពយន្ត​រឿង «​ផ្កា​ស្រពោន​» ព្រមទាំង​ជា​អនុ​ប្រ​ធានា​ការិយាល័យ​វប្បធម៌​ខេត្តបាត់ដំបង ទស​វត្ស​៩០ លោកស្រី ញ៉ុញ សា​ណុំ បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នា​គេហដ្ឋាន​របស់​លោកស្រី ក្បែរ​សាលា​ពីរ​ធ្នូ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយសារ​ជំងឺមហារីក​កូនកណ្តុរ ក្រោយ​ពី​លោកស្រី​ធ្លាក់ខ្លួន​ឈឺ​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២១​កន្លង​ទៅ​។

នេះ​ជា​ដំណឹង​ដ៏​រន្ធត់ និង​ក្រៀមក្រំ​បំផុត​នៃ​ការ​បាត់បង់​ធនធាន​ដ៏​កម្រ​នៃ​ប្រជាជាតិ​យើង​ដែល​ធ្លាប់​បាន​កសាង​ស្នាដៃ​ជា​ច្រើន​លើ​វិស័យ​សិល្បៈ​ខ្មែរ​។ ហើយ​ពិធីបុណ្យ​ស​.​ព​របស់​លោកស្រី ញ៉ុញ សា​ណុំ កំពុង​រៀបចំ​តាម​គន្លង​ព្រះពុទ្ធ​សាសនា នា​គេហដ្ឋាន​របស់​លោកស្រី និង​បូជា​នៅ​វត្ត​ប៉ាឆា នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​ព្រឹក​។

គួរ​បញ្ជាក់​ថា លោកស្រី ញ៉ុញ សា​ណុំ មានកំណើត​នៅ​ទឹកដី​ខេត្តកំពង់ឆ្នាំង ក្នុង​ត្រកូល​គ្រួសារ​អ្នករាជការ បំរើ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​។ នៅ​ចុង​ទស​វត្ស​៥០ លោកស្រី​បាន​ចូល​សិក្សា​រៀនសូត្រ​ផ្នែក​ល្ខោន​ជាតិ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ លោកស្រី ញ៉ុញ សា​ណុំ បាន​សម្តែង​ជា​តួ​សំខាន់​ៗ និង​ជា​តួឯក​ក្នុង​ល្ខោននិយាយ​លើ​ឆាក និង​ក្នុង​វិទ្យុ​ជា​ច្រើន​រឿង​ដោយ​ទទួល​ការ​ពេញចិត្ត​ពី​មហា​ទស្សនិកជន​នា​ជំនាន់​នោះ​។

នៅ​ឆ្នាំ​១៩៦៥ លោកស្រី ញ៉ុញ សា​ណុំ បាន​សម្តែង​ជា​តួ​នាង​វិធា​វី តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង «​ផ្កា​ស្រពោន​» ដែល​ជា​អក្សរសិល្ប៍​ដ៏​ល្បីល្បាញ​ថ្នាក់​ជាតិ​និពន្ធ​ដោយ លោក នូ ហាច​។ តាម​រយៈ​ខ្សែភាពយន្ត​រឿង «​ផ្កា​ស្រពោន​» នេះ មហា​ទស្សនិកជន​ខ្មែរ​មិន​តិច​ទេ រំជួលចិត្ត និង​ស្ងើចសរសើរ​ពី​ទេព​កោសល្យ​របស់​លោកស្រី ហើយ​ចង​ចាំ​នូវ​ការ​សម្តែង​នេះ​មិន​ភ្លេច​រហូត​មក​ដល់​សព្វថ្ងៃ​។

ក្រោយ​របប​ខ្មែរក្រហម​បញ្ចប់​ទៅ លោកស្រី ញ៉ុញ សា​ណុំ បាន​ចូល​បំរើ​ក្នុង​វិស័យ​សិល្បៈ​ដដែល ក្នុង​នាម​ជា​គ្រូបង្ហាត់​ផង និង​ជា​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​ផង រហូត​បាន​ក្លាយជា​អនុប្រធាន​ការិយាល័យ​សិល្បៈ​នៅ​ទស​វត្ស​ឆ្នាំ​៩០​។ លោកស្រី ញ៉ុញ សា​ណុំ គឺជា​ភរិយា​របស់​លោក​កៅ លឹ​ម​ហ៊ា​ង អ្នកនិពន្ធ​បទ​ភ្លេង និង​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​រូប និង​ជា​ម្ចាស់​បទ «​កម្ពុជា​មាតុភូមិ​ខ្ញុំ​» ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ