កវី យស ងិន ជាអ្នកនិពន្ធរឿង «ទេវវង្សកុមារ» គេស្គាល់ថា រឿង«ចៅស្រទបចេក» ដែលជារឿងកម្សត់ក្រៃលែង ដែលបានស្ថិតនៅជាការចងចាំរបស់ខ្មែររហូតមកដល់បច្ចុប្បន្ន ហើយលោកបាននិពន្ធរឿងនេះនៅគ្រឹស្គសករាជ១៨៨៩ ។
យោងតាមសៀវភៅ «មហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ» ឱ្យដឹងថា កវីយស ងិន បានរចនារឿង «ទេវវង្សកុមារ» ឬ«ចៅស្រទបចេក» នៅពុទ្ធសករាជ២៤៣១ ត្រូវនឹងគ្រឹស្គសករាជ១៨៨៩ ហើយរឿងនេះនៅតែមានឥទ្ធិពលក្នុងផ្នត់គំនិតខ្មែរនៅឡើយ ។ សព្វថ្ងៃនេះប្រសិនបើគេឃើញបុគ្គលណាម្នាក់ក្រីក្រ កម្សត់ ទុរគតនោះ គេតែងហៅបុគ្គលនោះថា «អាស្រទបចេក» គឺគេប្រដូចបុគ្គលនោះទៅនឹងចៅស្រទបចេក ក្នុងរឿង«ទេវវង្សកុមារ» ជាតួអង្គក្នុងរឿងនោះដែលកម្សត់ រហូតរកសម្លៀកបំពាក់ស្លៀកពាក់មិនបាន ក៏យកស្រទបចេកមករុំរាងកាយធ្វើជាសម្លៀកបំពាក់ ។ ទោះយ៉ាងនេះក្តី មនុស្សមួយចំនួនធំពុំស្គាល់រឿង«ទេវវង្សកុមារ»ទេ ប៉ុន្តែគេស្គាល់ច្បាស់ថា រឿង«ចៅស្រទបចេក» ។ យើងពុំអាចរកបានឯកសារបញ្ជាក់ពីជីវប្រវត្តិនៃអ្នកនិពន្ធខ្មែរម្នាក់នេះបានឡើយ អ្វីដែលពួកអ្នកសិក្សាស្រាវជ្រាវបានដឹងពីជីវប្រវត្តិរបស់លោកខ្លះៗ តែតាមរយៈរឿង «ចៅស្រទបចេក» ឬទេវវង្សកុមារប៉ុណ្ណោះ ។
តាមការបញ្ជាក់ក្នុងសេចក្តីផ្តើមនៃរឿង«ចៅស្រទបចេក» ដឹងថា អ្នកនិពន្ធឈ្មោះងិន បិតាឈ្មោះយស មានងារជាឧកញ៉ាភក្តីភាសា សក្តិបីហ៊ូពាន់ ជាគោរមងារ ឬជាអាជ្ញាហ្លួង ដែលព្រះរាជាបំពាក់ឱ្យសម្រាប់មន្ត្រីរាជការណាម្នាក់បំពេញមុខងារ ជាអ្នកសម្រុះសម្រួលអ្នកស្រុកខាងការចែកមរតក ដ្បិតសម័យនោះពុំទាន់មានអង្គតុលាការសម្រាប់កាន់កាប់ច្បាប់គ្រប់គ្រាន់ឡើយ ឯមាតាឈ្មោះម៉ី ។ សេចក្តីផ្តើមនៃរឿង ទេវវង្សកុមារ ឬចៅស្រទបចេកនេះ អ្នកនិពន្ធពុំបានបញ្ជាក់ពីកាលបរិច្ឆេទកំណើតរបស់ខ្លួនឡើយ ប៉ុន្តែបានអះអាងថា លោកកើតនៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង សព្វថ្ងៃនេះ ។
កាលពីកុមារ កវី យស ងិន បានបួសរៀននៅវត្តកោះឫស្សីស្រុក ដែលសព្វថ្ងៃនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លុះលាចាកសិក្ខាបទមក ឪពុករបស់លោកបាននាំលោកទៅថ្វាយព្រះករុណានរោត្តម (ព្រះនាមដើមព្រះអង្គច្រឡឹង) ដើម្បីធ្វើជាមហាតលឹក ។ ពេលនោះដោយទ្រង់យល់ឃើញថា លោកយស ងិន មានចំណេះខាងឆ្លាក់ក្បាច់ ចេះការជាងទង ក៏ប្រទានជាជាងរចនា នៅក្រោមឱវាទព្រះកាញ្ជនា ជាមេជាងធំក្នុងព្រះបរមរាជវាំង ។
តាមសេចក្តីផ្តើមក្នុងរឿង «ចៅស្រទបចេក» បានដឹងទៀតថា រឿងនេះនិពន្ធនៅថ្ងៃអង្គារ ១១កើត ខែផល្គុន ហេមន្តរដូវ ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ ២៤៣១ ត្រូវនឹងគ្រឹស្តសករាជ១៨៨៩។ ឯទីកន្លែងពិតជានៅភ្នំពេញ ជាទីដែលលោកបំពេញមុខងាររាជការនៅអំឡុងពុទ្ធសករាជ២៤៣១ ដែលត្រូវនឹងគ្រឹស្តសករាជ១៨៨៩ ដែលរាជធានីបានលើកមកតាំងនៅភ្នំពេញ។ ដោយហេតុនេះ ពួកអ្នកសិក្សាស្រាវជ្រាវទាំងឡាយ បានសន្និដ្ឋានថា អ្នកនិពន្ធកើតនៅអំឡុងពាក់កណ្តាលសតវត្សទី១៩ ប៉ុន្តែគេពុំបានដឹងអំពីមរណសម័យរបស់លោកឡើយ ។
សៀវភៅ «មហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ» បន្តថា តាមសេចក្តីផ្តើមនៃរឿង «ទេវវង្សកុមារ» ឬ «ចៅស្រទបចេក» អ្នកនិពន្ធបញ្ជាក់ថា លោកបានចេះចាំរឿងនេះតាមការនិទានប្រាប់របស់លោកបណ្ឌិតមហាម៉ៅ ដែលជាអ្នកចេះចាំអត្ថប្រែប្រាយសម្រាយសេចក្តីជ្រាលជ្រៅហើយថារឿងនេះមាននៅក្នុងគម្ពីរទុកនិបាត ។ ប៉ុន្តែពួកលោកអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានស្រាវជ្រាវនៅក្នុងគម្ពីរទុកនិបាតទៅពុំឃើញមានរឿងនេះទេ ។ ហេតុនេះត្រូវគេសង្ស័យថា គម្ពីរទុកនិបាត ឯណាផ្សេងពីអដ្ឋកថាជាតក និងបញ្ញាសជាតកទៅទៀត។ រឿងនេះនិពន្ធជាកំណាព្យបទកាកគតិ ពំនោល ភុជង្គលីលា និងបទពាក្យ៧ ។
រឿងទេវវង្សកុមារ ឬចៅស្រទបចេកត្រូវផលិតករ យកទៅផលិតជាខ្សែភាពយន្តទទួលបានការគាំទ្រខ្លាំងនាសម័យសង្គមរាស្ត្រនិយម។ វាជារឿងកម្សត់ទុរគតយ៉ាងខ្លាំងដែលធ្វើឱ្យអ្នកទស្សនាពិបាកនឹងទប់ទឹកកភ្នែក ។
នេះជាសម្រង់ចេញពីរឿង «ទេវវង្សកុមា» ឬ«ចៅស្រទបចេក» ត្រង់វគ្គម្តាយចៅស្រទបចេកស្លាប់ ៖
-អ្នកឱបអង្គមាតា សោយសោកាពន់ពេកក្រៃ ទៀងទួញទំនួញវៃ ថាឱះឱអ្នកម្តាយខ្ញុំ ។
-ម៉េ្តចឡើយមកមរណា ក្នុងអធ្វាព្រៃទុគ៌ម ទុគ៌តផុតលែងលំ នៅទីឋានផ្ទះសំបែង ។
-អ្នកមេអ្នកមានគុណ ខ្ពស់អនន្តជ្រៅលើសលែង ប្រឹថពីគិរីស្តែង មិនគួរបើមកច្នេះណា ។
-មកស្លាប់ដេកដោយដី ដូចក្របីគោឆ្កែឆ្មា បើគ្មានឋានគ្រឹហា គួរតែមានកន្ទេលមួយ ។
-គ្រាន់ក្រាលទ្រទ្រាប់អ្នក សោះប្រឡាក់អង្គប្រាណព្រួយ កូនគិតស្ទើររលួយ ចិត្តថ្លើមស្ទើរធ្លាក់ដល់ដី ។
បច្ចុប្បន្ន ចម្រៀងក្នុងខ្សែភាពយន្តរឿងទេវវង្សកុមារ ឬចៅស្រទបចេកនោះ នៅតែជាចម្រៀងដ៏ពេញនិយមសម្រាប់ខ្មែរនៅឡើយ ៕
ចែករំលែកព័តមាននេះ