ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​សំបុត្រ​យន្តហោះ​ពី​ចិនមក​ភ្នំពេញ ​ឡើងថ្លៃ​អាច​ប៉ះពាល់​ដល់​ផែនការអ្នកទេសចរវ៉ាក់សាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​កម្ពុជា​ប្រកាស​បើក​ទទួល​អ្នកទេសចរ​វ៉ាក់សាំង​នៅ​ចុងខែ​វិច្ឆិកា​នេះ គេ​សង្កេត​ឃើញ​ថា ​តម្លៃ​សំបុត្រ​យន្តហោះ​ពី​ចិន​មក​ភ្នំពេញ​បាន​ឡើងថ្លៃ​គួរ​ឲ្យ​កត់សម្គាល់​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចូល​មក​កម្ពុជា​របស់​អ្នកទេសចរ​ពីព្រោះ​តែ​ការ​ចំណាយ​ច្រើន​លើ​ការ​ហោះហើរ​នោះ ​។ ជា​ការ​កត់សម្គាល់ តម្លៃ​សំបុត្រ​យន្តហោះ ពី​ចិន​មក​កម្ពុជា​កាលពីមុនមាន​តម្លៃ​ក្រោម…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​កម្ពុជា​ប្រកាស​បើក​ទទួល​អ្នកទេសចរ​វ៉ាក់សាំង​នៅ​ចុងខែ​វិច្ឆិកា​នេះ គេ​សង្កេត​ឃើញ​ថា ​តម្លៃ​សំបុត្រ​យន្តហោះ​ពី​ចិន​មក​ភ្នំពេញ​បាន​ឡើងថ្លៃ​គួរ​ឲ្យ​កត់សម្គាល់​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចូល​មក​កម្ពុជា​របស់​អ្នកទេសចរ​ពីព្រោះ​តែ​ការ​ចំណាយ​ច្រើន​លើ​ការ​ហោះហើរ​នោះ ​។ ជា​ការ​កត់សម្គាល់ តម្លៃ​សំបុត្រ​យន្តហោះ ពី​ចិន​មក​កម្ពុជា​កាលពីមុនមាន​តម្លៃ​ក្រោម ​១០០០ ​ដុល្លារ ​និង​អាច​ប្រែប្រួល​ទៅ​តាម​រយៈពេល​នៃ​ការ​ទិញ ប៉ុន្តែ​នៅ​ពេលនេះ​មាន​តម្លៃចន្លោះ​ពី ​៥០០០ ​ទៅ​ ១០០០០ ដុល្លារ​ ។

លោកស្រី ​ឆាយ ស៊ី​វលី​ន ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បានឱ្យ​ដឹង​ថា បើសិនជា​តម្លៃ​សំបុត្រ​យន្តហោះ​នៅ​តែ​ខ្ពស់កប់ពពក​ដដែល វា​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​បើក​ប្រទេស​របស់​កម្ពុជា​នេះ​ផង​ដែរ ពីព្រោះ​ថា ​ភ្ញៀវ​ទេសចរ មិន​អាច​ចំណាយ​ថវិកា​ច្រើន​លើ​ការ​ហោះហើរ ត្រឹមតែ ​៣ ​ទៅ ​៤ ​ម៉ោង​នោះ ​។

តាម​លោកស្រី ឆាយ ​ស៊ីវលី​ន ការ​ឡើងថ្លៃ​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​ចិន គឺ​មាន​រយៈ​ជាង​មួយ​ឆ្នាំ​មក​ហើយ គឺ​ក្រោយ​ពី​មានការ​ផ្ទុះ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ហើយ​អ្នកដំណើរ​តាម​យន្តហោះ​ក៏​កាន់តែ​តិច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​យន្តហោះ​ត្រូវ​ដំឡើង​ថ្លៃ​ខ្ពស់​ដូច្នេះ​ ។

លោក ​ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​បានឱ្យ​ដឹងផង​ដែរ​ថា ​ការ​ឡើងថ្លៃ​សំបុត្រ​យន្តហោះ​នេះ ប្រទេស​ចិន​មានការ​ព្រួយបារម្ភ​ចំពោះ​ភ្ញៀវ​ទេសចរ ចេញចូល​ប្រទេស​របស់​ពួក​គេ​ដែរ​ ។ តែ​លោក​ជឿ​ថា នៅ​ពេល​ខាង​មុខ​ពោល​នៅ​ពេល​ស្ថានភាព​ជំងឺ​កូ​វី​ដ ​១៩ ​នៅ​លើ​ពិភពលោក​បាន​ថមថយ ​តម្លៃ​សំបុត្រ​យន្តហោះ​នឹង​ធ្លាក់​មក​នៅ​ទាប​វិញ​ជាក់​ជា​មិន​ខាន ។

មែនទែន​ទៅ​ប្រតិបត្តិ​ករ​វិស័យ​ទេសចរណ៍​បានដឹង​ពី​ផល​លំបាក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែរ ​។ ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បន្តសកម្មភាព​ហោះហើរ​នៅ​ពេល​កូ​វី​ដ ​១៩ ​រាតត្បាត ដែល​ពុំ​សូវមាន​អ្នក​ជិះ​នោះ មាន​តែ​ការ​ដំឡើង​ថ្លៃ​ទើប​អាច​ទប់ទល់​នឹង​ការ​ខាតបង់​បាន​ ហើយ​មិន​រង​ការ​ប្តឹងផ្តល់​ពី​អ្នក​ដែល​បាន​កក់​សំបុត្រ​ទុក​នោះ ​។

​លោកស្រី ឆាយ សី​វលី​ន ឲ្យ​ដឹង​ទៀតថា ​បញ្ហា​ឡើងថ្លៃ​សំបុត្រ​នេះ​ គឺ​មាន​ជើងហោះហើរ​ពី​ប្រទេស​ចិន​ប៉ុណ្ណោះ សម្រាប់​ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា​អា​មេ​រិ​ក ​និង​បណ្ដា​ប្រទេស​អាស៊ាន មិន​មានការ​ឡើង​ខ្ពស់​ទេ គឺ​ឡើង​តិចតួច​ប៉ុណ្ណោះ ។​ «​ភ្ញៀវ​ទេសចរ​ ឬ​ក៏​វិនិយោគិន​ចិន​ដែល​មក​ដល់​កម្ពុជា​បាន​រអ៊ូ​ពី​បញ្ហា​តម្លៃ​សំបុត្រ​យន្តហោះ ឡើងថ្លៃ​នេះ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ហោះ​ចូល​មក ដោយសារ​តែ​ពួក​គាត់​មានមុខ​ជំនួញ​សំខាន់​នៅ​កម្ពុជា ​ឬ​មុខ​ជំនួញ​សំខាន់​នៅ​ប្រទេស​ចិន​ដែល​ត្រូវ​តែ​ហោះហើរ​ទៅ​វិញ​ទៅ​មក ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ក៏​ត្រៀម​ជជែក​ជាមួយ​ខាង​ក្រុមហ៊ុន​ឯកជន និង​អាកាសយានដ្ឋាន​នៅ​កម្ពុជា ដើម្បី​សម្រួល​ថ្លៃ​សំបុត្រ​យន្តហោះ​មក​នៅ​កម្រិតមួយ» ​។ សូម​ជម្រាប​ថា ​ចាប់ពី​ថ្ងៃ​ទី​ ៣០ ​វិច្ឆិកា​ខាង​មុខ​នេះ កម្ពុជា​នឹង​ចាប់ផ្ដើម​ទទួលយក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួច ចូល​មក​ទស្សនា​តំបន់​ទេសចរ​ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្តកោះកុង ​។ អ្នកទេសចរ​ចិន​ជា​ក្តី​សង្ឃឹម​សំខាន់​របស់​កម្ពុជា​នៅ​ក្នុង​ជំ​ហ៊ាន​ដំបូង​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ