រាជធានីភ្នំពេញ ៖ តាមរយៈការចែករំលែកដែលមានអត្ថន័យ និងតាមរយៈបទពិសោធន៍ផ្ទាល់ ដែលកញ្ញាបានប្រឡូកដោយខ្លួន ឯងនូវវិស័យអាជីវកម្មអំបិលតាំងពីក្នុងឆ្នាំ ២០១៧ មក កញ្ញា ថូង ធីតា ជាស្ថាបនិក សហគ្រាសផលិតអំបិលធម្មជាតិនៅខេត្តកំពត ចាប់ផ្តើមជាមួយនឹងទុនប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះក្នុងដៃ ។ ដូចនេះ ខាងក្រោមនេះ គឺជាគន្លឹះ ៤ ចំណុចសម្រាប់អ្នកចាប់ផ្តើមអាជីវកម្មដំបូង ៖

១. ការសំឡឹងមើលលើដើមទុន ៖ ការពិតទៅអ្នកខ្លះគាត់គិតថា ការធ្វើអាជីវកម្ម ទាល់តែមានដើមទុនធំទើបអាចធ្វើបាន ជាការពិតប្រសិនជាគាត់គិតថា គាត់ចង់បានលទ្ធផលណាមួយដែលធំតាមតែអ្វីដែលគាត់ចង់បាន គាត់តែងតែគិតថា ទាល់តែគាត់ធ្វើវារាងធំដែរទើបបានចំណេញធំដូចគ្នា អ្វីទាំងអស់នឹងគឺជាការយល់ឃើញរបស់ពួកគាត់ ហើយការគិតបែបនេះមិនខុស ឬត្រូវនោះទេ ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់តែម្តង ខ្ញុំគិតថា ការធ្វើអាជីវកម្មមួយ វាមិនអាចសន្មត់ថាទាល់តែមានដើមទុនធំ ទើបអាចចាប់ផ្តើមបាននោះទេ យើងអាចមើលនូវសក្តានុពលរបស់យើង ថាយើងនឹងមានខ្លាំងចំណុចខ្លាំងកន្លែងណា យើងមានសក្តានុពលកន្លែងណា ហើយយើងអាចចាប់ផ្តើមធ្វើអាជីវកម្មនូវអ្វីដែលយើងកំពុងក្នុងដៃ ។

ឧទាហរណ៍ ខ្ញុំផ្ទាល់តែម្តង ខ្ញុំដឹងថា ខ្ញុំមានអ្វីមួយនៅក្នុងដៃ នោះគឺអំបិល ចឹងយើងអាចធ្វើអាជីវកម្មជាមួយអំបិលបានហើយ ដូចនេះយើងចាប់ផ្តើមពីដើមទុនតូចមួយ យើងធ្វើការកែប្រែនូវបញ្ហាប្រឈមអោយទៅជាឱកាសវិញ ។ បញ្ហាប្រឈមបែបណា ? គឺមានច្រើន ដូចជាបញ្ហាខ្វះគុណភាព ស្តង់ដារ អនាម័យ និងលើការវេចខ្ចប់ផ្សេងៗនឹង ដូចនេះយើងចាប់ផ្តើមមើលឃើញឱកាសនេះហើយ យើងកែប្រែវាទៅតាមអ្វីដែលយើងអាចធ្វើបាន ។ ដូចជាខ្ញុំចាប់ផ្តើមដំបូង យើងមិនទាន់ចំណាយដើមទុនធំនោះទេ យើងធ្វើការកែប្រែទៅជាម៉ូឌែលមួយសិន នៅពេលវាល្អហើយ យើងចាប់ផ្តើមថ្លឹងថ្លែងទៅលើការប្រើប្រាស់ដើមទុនធំទៅតាមអ្វីដែលយើងចង់ក៏បានដែរ ។

២. ការបង្កើតក្រុមការងារ៖ ការចាប់អាជីវកម្មណាមួយ សម្រាប់ខ្ញុំ ខ្ញុំគិតថាមិនចាំបាច់ទាល់តែយើងមានដើមទុនធំនោះទេ ឱ្យតែយើងមានធនធាន ជំនាញពិតប្រាកដ នោះយើងអាចចាប់ផ្តើមកសាងក្រុមមួយ ហើយទើបយើងគិតគូបន្តលើការពង្រីកអាជីវកម្មរបស់យើងឱ្យធំ ។ ធនធាននឹងមិនមែនសំដៅតែនៅលើលុយមួយមុខនោះទេ វាគឺសំដៅលើធនធានគំនិត ចំណេះ ធនធានលើការទំនាក់ទំនងឬបណ្តាញ ក៏ព្រោះថាការរកស៊ី ឬអាជីវកម្មនានា ត្រូវការឱ្យអ្នកមានការបណ្តាញច្រើន ។
ដូចនេះផែនការអាជីវកម្មគឺសំខាន់ និងទី ២ នោះ គឺក្រុមការងារ ការចាប់ផ្តើមអាជីវកម្មក្រុមការងារសំខាន់ណាស់ក៏ព្រោះថា យើងមិនអាចចាប់ការងារអ្វីមួយដោយគ្មានក្រុមការងារនោះទេ ដូចនេះយើងប្រាកដណាស់យើងនឹងត្រូវការអ្នកដែលមានសក្តានុពល ទៅតាមជំនាញរៀងៗរបស់ពួកគាត់ ដើម្បីប្រមូលម្តុំគ្នាដើម្បីធ្វើអោយការងាររបស់យើងមានប្រសិទ្ធភាពជាងមុន ។ ប្រសិនបើក្រុមការងារយើងខ្លាំងការងាររបស់យើងខ្លាំង ការងារដើរយ៉ាងរលូនតែម្តង ឬក៏អាចនិយាយថាការងារល្អប្រសើរបានច្រើន ។

៣. ការប្រឈមលើបញ្ហាផ្សេងៗជាពិសេសផ្នែកហិរញ្ញវត្ថុ៖ ការចាប់ផ្តើមអាជីវកម្មដំបូង គ្រប់គ្នាសុទ្ធតែបានដឹង មិនងាយស្រួលទេ គឺត្រូវតែជួបបញ្ហាទាំងអស់ គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ ហើយប្រសិនជាយើងក្រឡែកទៅមើលបញ្ហាចំបងនៃការធ្វើអាជីវកម្ម នោះប្រាកដណាស់ យើងនឹងជួបបញ្ហាហរិញ្ញវត្ថុមុនគេ គឺយើងត្រូវតែត្រៀម និងត្រូវដឹងថា យើងនឹងត្រូវចំណាយច្រើនជាងចំណូល ភាគច្រើនណាស់ ហើយសម្រាប់អាជីវកម្មរបស់ខ្ញុំវិញ គឺមានបញ្ហានេះធំជាងគេ ដូចនេះហើយត្រូវរកដំណោះស្រាយរហូត ការចំណាយទៅលើបុគ្គលិក ទៅលើការប្រតិបត្តិការរបស់យើង ទាំងនេះគឺជាបញ្ហាចំបងដែលយើងត្រូវដោះស្រាយវា ។

៤. ការយល់ដឹងអំពីការប្រកួតប្រជែងក្នុងទីផ្សារ ៖ បញ្ហាប្រកួតប្រជែងក្នុងទីផ្សារនេះទៀតសោត យើងទារហណ៍ទៅលើអំបិលចុះ ដោយសារថាវិស័យអំបិលរបស់យើង គឺជាវិស័យថ្មីក្នុងការលើកមុខមាត់អំបិលរបស់ជាតិយើង នៅពេលដែលយើងព្យាយាមបំលែងអំបិលឱ្យវាមានគុណភាព មានស្តង់ដារមួយ អញ្ចឹងយើងត្រូវផ្តោតសំខាន់ទៅលើគុណភាព ដូចនេះហើយតម្លៃរបស់យើងរាងថ្លៃជាងគេបន្តិចហើយ ។ ប៉ុន្តែនៅពេលដែលចូលទីផ្សារប្រជាពលរដ្ឋរបស់យើង គាត់មិនសូវអោយតម្លៃ ឬអាចនិយាយបានថា ពួកគាត់មិនទិញនោះទេ ព្រោះគាត់គិតថាវាមានតម្លៃខ្ពស់ឬថ្លៃពេក បើទោះបីជាគាត់ដឹងថា គុណភាពផលិតរបស់យើងល្អយ៉ាងណាក៏ដោយ ។ ដូចនេះវាបញ្ហាដែលយើងត្រូវអប់រំ ពួកគាត់ដើម្បីអោយយល់ពីភាពខុសគ្នា យល់ដឹងពីការប្រើប្រាស់អំបិលវាខុសគ្នាបែបណា ហើយការប្រើប្រាស់អំបិលដែលខុសវានឹងមានផលប៉ះពាល់អ្វីខ្វះ ដល់សុខភាពរបស់យើងអ្វីខ្លះ ។ វាពិតជាត្រូវការពេលវេលាខ្លាំងណាស់ ដើម្បីអោយប្រជាជនរបស់យើងយល់ដឹងពីវា ៕
ចែករំលែកព័តមាននេះ