រាជធានីភ្នំពេញ ៖ ផ្ទៃទឹកទន្លេសាប ហាក់មានសកម្មភាពមាមាញឹកឡើងវិញ ដោយសារទូកទេសចរណ៍ដឹកភ្ញៀវចុះឡើង ទស្សនាទីក្រុង និងស្រូបខ្យល់ទន្លេ ដែលធ្វើឲ្យផ្ទៃទឹកដងទន្លេសាប និងទន្លេមេគង្គ ហាក់មានសកម្មភាពអ៊ូរអរឡើងវិញ ក្រោយពីបានស្ងាត់ដោយសារកូវីដ ១៩ ច្រើនខែមកនោះ ។
អ្នកស្រីចន្ធូ ម្ចាស់កាណូតទេសចរណ៍មួយដែលកំពុងចតនៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយឲ្យដឹងថា រយៈពេលពីរបីថ្ងៃកន្លងមកនេះ ឃើញមានភ្ញៀវប្រុសស្រីជាច្រើនមកទិញសំបុត្រកាណូតជិះគយគន់តាមដងទន្លេ ដូចកាលពីមិនទាន់ផ្ទុះជំងឺកូវីដ១៩ ។ អ្នកស្រីថា កាលពីល្ងាចថ្ងៃសុក្រកាណូតរបស់អ្នកស្រី បានដឹកភ្ញៀវបាន ២០ នាក់ ដែលជាព្រឹត្តិការណ៍ល្អមួយខានមានច្រើនខែមកហើយ ។ «យើងមានសង្ឃឹមឡើងវិញនៅពេលនេះ សង្ឃឹមថា នៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ សប្តាហ៍ក្រោយៗនឹងមានជិះទូកដើរកម្សាន្តច្រើន» ។
អ៊ំស្រីម្ចាស់កាណូតឈ្មោះ មេគង្គ និយាយទាំងដកដង្ហើមធំ ដោយសារគាត់រំឭកដល់ជំងឺកូវីដ ១៩ ដែលបានបំផ្លាញសសេដ្ឋកិច្ចគាត់ច្រើនខែមកហើយ ។ «ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ នោះធ្វើឲ្យម្ចាស់កាណូតជាច្រើនបានផ្អាក ធ្វើអាជីវកម្មអស់រយៈពេលច្រើនខែមក ។ ឥឡូវយើងបានធូរស្រាល ឃើញមានអតិថិជនប្រុស ស្រី ក្មេងចាស់បាននាំគ្នាជិះទូកកម្សាន្តតែវាមិនមានច្រើនណាស់ណាទេ តែវាគ្រាន់បើជាងពីពេលមុនៗដែលរកភ្ញៀវម្នាក់មិនបានផង» ។
ដោយឡែកលោក សាន មេសា អាយុ ជាង ៣០ ឆ្នាំ ដែលអង្គុយក្នុងកាណូតរបស់ខ្លួនដែលសំចតនៅផែរថ្មខាងជើងផ្សារចាស់ ត្អូញត្អែរថា កូវីដ ១៩ បានមកបំបែកឆ្នាំងបាយរបស់លោកជាច្រើនខែមកហើយទើបនៅចុងខែតុលានេះ ឃើញមានភ្ញៀវមកជិះកាណូតជាហូរហែនៅពេលល្ងាច តែកាណូតខ្លះបានដឹក និងកាណូតខ្លះនៅតែមិនបានដឹកផងដែរ ព្រោះភ្ញៀវមកនៅមានកម្រិតទាបនៅឡើយ ។
លោកអ៊ំ គឹម វិសាល អាយុប្រហែល ៦០ ឆ្នាំ បាននិយាយថា លោកបានប្រកបមុខរបរកាណូតដឹកភ្ញៀវទេសចរតាមដងទន្លេមេគង្គមុខព្រះរបមរាជវាំងអស់រយះពេលជាង ១០ ឆ្នាំមកហើយបច្ចុប្បន្នគាត់មានកាណូតបីគ្រឿង ។ ក្រោយពីមានផ្ទុះព្រឹត្តិការសហគមន៍២០ កុម្ភៈ លោកបានផ្អាកមុខរបរនេះជាងពីរឆ្នាំ ដោយចតកាណូតទុកចោលនៅត្រើយខាងកើតទន្លេ រង់ចាំកូវីដ ១ ៩ធូរស្រាលសិន ។ «នៅរយៈពេលចុងក្រោយនេះក្នុងកំលុងខែតុលាឃើញមានភ្ញៀវមកជិះកាណូតនៅពេលល្ងាចកើនគួសម ។ ការណូតខ្ញុំយកថ្លៃក្នុងម្នាក់តម្លៃ ៥០០០ រៀលដដែលមិនមានការឡើងថ្លៃទេ» ។
ដោយឡែកមន្ត្រីមន្ទីរទេសចរណ៍រាជធានីភ្នំពេញមួយរូបបានឲ្យដឹងថា កន្លងមកក្រសួងទេសចរណ៍ បានចេញផ្សាយវីដេអូស្តីពី នីតិវិធីស្តង់ ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម ដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីលើកកម្ពស់សុវត្តិភាពទេសចរណ៍នៅកម្ពុជា ។ ក្នុងវីដេអូរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ស្ដង់ដារនេះត្រូវបានរៀបចំជា ៦ ចំណុច រួមមាន ៖ ១ ការរៀបចំយន្តការអនុវត្ត ការតាមដាន និងការត្រួតពិនិត្យរបស់ អាជីវកម្ ។ម ២ ការរៀបចំសុវត្តិភាពអនាម័យទីតាំងចំណតនាវា ឬកាណូតទេសចរណ៍ ។ ៣ ការរៀបចំសុវត្ថិភាពអនាម័យបញ្ជរលក់សំបុត្រ ។ ៤ ការរៀបចំសុវត្តិភាពអនាម័យក្នុងនាវា ឬកាណូតទេសចរណ៍ ។ ៥ ការរៀបចំសុវត្ថិភាពសម្រាប់ទេសចរ និងអ្នកដំណើរ ។ ៦ ការរៀបចំសុវត្ថិភាពសម្រាប់បុគ្គលិកផ្តល់សេវាកម្ម ។
កម្ពុជាបានប្រកាសបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២១ នេះតទៅ ប៉ុន្តែសកម្មភាពរស់នៅ និងការធ្វើអាជីវកម្មត្រូវដំណើរការតាមគន្លងថ្មីរស់នៅជាមួយកូវីដ ១៩ ដោយមិនបានធ្វេសប្រហែសឡើយ ក្រៅពីបានចាក់វ៉ាក់សាំងការពារហើយគេត្រូវពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងសម្អាតដៃជាដើម ៕
ចែករំលែកព័តមាននេះ