ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បើក​ប្រទេស​ឡើង​វិញ ពាណិជ្ជករ​ផ្តើម​សង្ឃឹមលើ​ជំនួញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ការ​បើក​ឱ្យ​ដំណើរការ​ប្រទេស​ឡើង​វិញ បាន​ធ្វើ​ឱ្យ​អ្នកជំនួញ ធុរជន​ និង​ពលរដ្ឋ​ជា​ទូទៅ​សា​ទរ ​។ លោក​ឧកញ៉ា លឹ​ម ហេង…

រាជធានី​ភ្នំពេញ​ ៖ ​ការ​បើក​ឱ្យ​ដំណើរការ​ប្រទេស​ឡើង​វិញ បាន​ធ្វើ​ឱ្យ​អ្នកជំនួញ ធុរជន​ និង​ពលរដ្ឋ​ជា​ទូទៅ​សា​ទរ ​។ លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​មាន​ប្រសាសន៍​ថា ការ​បើក​ដំណើរការ​ឡើង​វិញ​ល​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​នេះ វា​គឺជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​វិស័យ​ឯកជន​ដែល​រង់​ចាំ​អស់​រយៈពេល​ជិត​ ២​ ឆ្នាំ​មកនេះ ​។

លោក​ឧកញ៉ា លឹ​ម ហេង មាន​ក្តី​រំពឹង​ថា ​«​ខ្ញុំ​គិត​ថា ​នៅ​ពេល​យើង​បាន​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ​នេះ​នឹង​ធ្វើ​ឱ្យ​មាន​កំណើន​ទាំង​ផ្ទៃក្នុង​ និង​ខាងក្រៅ​ ។ ​ដូច្នេះ​សម្រាប់​អាជីវករ​លើ​គ្រប់​វិស័យ​នឹង​ដំណើរការ​ឡើង​វិញ​ ហើយ​អាច​ធ្វើ​ឱ្យប្រាក់​ចំណូល​ និង​អាជីវកម្ម​របស់​ខ្លួន​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​» ​។

លោក មៀ​វ សុខ​ទ្រី ប្រធាន​សមាគម​ផលិត​ចំណីអាហារ​កម្ពុជា​ បានឱ្យ​ដឹង​ថា បើ​មើលទៅ​លើ​បរិបទ​ពិភពលោក​ទាំងមូល​យើង​ឃើញ​ថា ប្រទេស​ភាគច្រើន​គេ​កំពុង​ចាប់ផ្តើម​បើក​ដំណើរការ​សេដ្ឋកិច្ច​ដូច​គ្នានិង​កម្ពុជា ​។ លោក​សាទរ​ និង​រីករាយ​ដែល​កម្ពុជា​ប្រកាស​បើក​ប្រទេស​នា​ពេល​នេះ​ ។

នៅ​ថ្ងៃ​ទី​ ១ ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ​ ។ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ពលរដ្ឋ​ឱ្យដើរ​កម្សាន្ត​ផង ​ប៉ុន្តែ​ត្រូវ​គោរព​គោលការណ៍​សុខាភិបាល ដែល​ជា​ការ​រស់នៅ​ក្នុង​គន្លង​ថ្មី ពាក់​ម៉ាស រក្សា​គម្លាត​និង​ឧស្សាហ៍​លាង​សម្អាត​ដៃ ​។

តំណាង​ឱ្យ​អ្នក​ផលិត​ចំណីអាហារ​ក្នុងស្រុក​លោក មៀ​វ សុខ​ទ្រី បាន​លើក​ឡើង​បន្ថែម​ថា ​ចំពោះ​ប្រទេស​កម្ពុជាយើងខ្ញុំ​គិត​ថា ​ល្អ​ណាស់ ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​បាន​ទាន់​ពេលវេលា​ធ្វើ​ឱ្យ​វិស័យ​ផ្សេង​ៗ​ទាំងអស់​អាច​ក្រោក​ឡើង​វិញ​បាន ​។ ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​នេះ ខ្ញុំ​សប្បាយចិត្ត​ ​និង​​សាទរ ហើយ​អ្នក​ផលិត​ផ្សេង​ទៀត​ក៏​ពួក​គាត់​សប្បាយចិត្ត​ដូច​គ្នា​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ