ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​នៅ​មណ្ឌល​គិ​រី​ ឡើងថ្លៃ​ខ្លាំង​ទោះ​ការ​សង់​ព្រ​លាន​យន្តហោះ​បាន​ពន្យារ​ពេល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ជួញដូរ​ដីធ្លី​បាន​អះអាង​ថា ​មួយ​រយៈ​នេះ​ដី​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ ឡើងថ្លៃ​ខ្លាំង ​។ ការ​ឡើងថ្លៃ​ទំនង​ដោយសារ​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​មណ្ឌល​គី​រី​ នេះ ពិសេស​សក្តានុពល​ទេសចរណ៍​នៅ​ទីនោះ​កាន់តែ​ទាក់ទាញ ​។…

រាជធានី​ភ្នំពេញ ៖ អ្នក​ជួញដូរ​ដីធ្លី​បាន​អះអាង​ថា ​មួយ​រយៈ​នេះ​ដី​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ ឡើងថ្លៃ​ខ្លាំង ​។ ការ​ឡើងថ្លៃ​ទំនង​ដោយសារ​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​មណ្ឌល​គី​រី​ នេះ ពិសេស​សក្តានុពល​ទេសចរណ៍​នៅ​ទីនោះ​កាន់តែ​ទាក់ទាញ ​។

លោក ​មាឃ ឬ​ទ្ធី​ជ័យ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Zillion Holding ប្រចាំ​ខេត្ត​មណ្ឌល​គី​រី​ បានឱ្យ​ដឹង​ថា តម្លៃ​ដីធ្លី​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ បាន​ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។ កាលពីមុន​ដី​នៅ​តំបន់​ក្បែរ​គម្រោង​ព្រ​លាន​យន្តហោះ ដែល​មាន​តម្លៃ​ ២០០០ ​ដុល្លារ​អា​មេ​រិ​ក​ទៅ ​៣០០០​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រ​ដើរ បាន​ហក់​ឡើង​ដល់ ​៥០០០ ​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រ​ដើរ​ ។ លោក​ថា​ តំបន់​ខ្លះ​ទៀត​ដែល​មាន​តម្លៃ​ត្រឹម ​២០០០ ​ដុល្លារ​អា​មេ​រិ​ក​ក៏​បាន​ហក់​ដល់ ​៤០០០ ​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។

បើ​តាម​អ្នក​រកស៊ី​ដីធ្លី​ខាងលើ​ថា ​សម្រាប់​អ្នកទិញ​ដីធ្លី​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី ភាគច្រើន​ជា​វិនិយោគិន​ក្នុងស្រុក​មក​ពី​ខេត្ត​ព្រះ​សីហ​នុ សៀមរាប និង​ភ្នំពេញ​ជាដើម ។ ប៉ុន្តែ​សម្រាប់​វិនិយោគិន​ចិន​ត្រូវ​បានឃើញ​ថា​ចាប់ផ្ដើម​ចូល​ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី​ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​របស់​ខ្លួន​ផង​ដែរ ។ លោក​ឬ​ទ្ធី​ជ័យ ថា នៅ​ដើមឆ្នាំ ​២០២២ ​ខាង​មុខ​នេះ ដីធ្លី​និង​សក្ដានុពល​វិនិយោគ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ កាន់តែ​ហក់​ឡើង​ខ្ពស់​បន្ថែម​ទៀត ជា​ពិសេស​នោះ​នៅ​ពេល​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ចាប់ផ្ដើម​អភិវឌ្ឍន៍​នៅ​ពេល​ណា​នោះ វា​នឹង​ហុច​សក្ដានុពល​ក៏​ដូច​ជា​ទាក់ទាញ​វិនិយោគិន​ជា​ច្រើន​ទៀត ចូល​មក​កាន់​មណ្ឌល​គី​រី ។

ដោយសារ​ជំងឺ​កូ​វី​ដ ​១៩ គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ខេត្តមណ្ឌលគិរី បាន​ពន្យារពេល​ ។​ លោក​ ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល​បាន​ប្រាប់ កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩ ​តុលា ​២០២១ ​នេះ​ថា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​មណ្ឌល​គី​រី បើ​តាម​ផែនការ​ចាស់ ​គឺ​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​ក្រោយ ប៉ុន្តែ​បញ្ហា​កូ​វី​ដ ​១៩ ផែនការ​នេះ​ក៏​ត្រូវ​ពន្យារ​ទៅ​ចុងឆ្នាំ​ក្រោយ​ឬ​ក៏​ដើមឆ្នាំ ​២០២៣ ​។

លោក​ថា​ នៅ​ដើមឆ្នាំ​ ២០២៣ យើង​ក៏​មិន​ប្រាកដ​ថា​ នឹង​អាច​សាងសង់ ​ឬ​ក៏​បើក​ការដ្ឋាន​សាងសង់​នោះ​ដែរ ពីព្រោះ​មុន​នឹង​ចាប់ផ្ដើម​សាងសង់​យើង​ត្រូវការ​បទដ្ឋាន​គតិយុត្តិ​ច្រើន ។ មន្ត្រី​បាន​បញ្ជាក់​ថា បញ្ហា​កូ​វី​ដ ​១៩ ​ធ្វើ​ឱ្យ​អ្នកជំនាញ​ផ្នែក​សាងសង់​ព្រ​លាន​យន្តហោះ មិន​អាច​ចូល​មក​កម្ពុជា ដើម្បី​សិក្សា​លម្អិត​បាន ហើយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​គម្រោង​នេះ ក៏​បាន​បង្អាក់​សកម្មភាព​របស់​ខ្លួន ដោយ​រង់ចាំ​មើល​ស្ថានភាព​កូ​វី​ដ​ ១៩ ដោយ​គេ​មិន​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ក្នុង​ការ​អភិវឌ្ឍ​ឡើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ