ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2016 ជា​ឆ្នាំ​ដែល​គម្រោង​ខុន​ដូ​នានា​បន្ត​សាងសង់​បញ្ចប់​មុន​គម្រោង​ថ្មី​មក​ដល់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៥​កន្លង​មក គម្រោង​ខុន​ដូ​ជា​ច្រើន​បាន​ប្រកាស និង​ចាប់ផ្ដើម​សាងសង់​នៅ​តាម​ទីតាំង​នានា​ទៅ​តាម​គម្រោង​របស់​ខ្លួន ។ ចំណែក​នៅ​ឆ្នាំ​២០១៦ និង​នៅ​ឆ្នាំ​បន្ត​ទៅ​ទៀត​នេះ គម្រោង​ខុន​ដូ​ដែល​បាន​ប្រកាស​វិនិយោគ

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៥​កន្លង​មក គម្រោង​ខុន​ដូ​ជា​ច្រើន​បាន​ប្រកាស និង​ចាប់ផ្ដើម​សាងសង់​នៅ​តាម​ទីតាំង​នានា​ទៅ​តាម​គម្រោង​របស់​ខ្លួន ។ ចំណែក​នៅ​ឆ្នាំ​២០១៦ និង​នៅ​ឆ្នាំ​បន្ត​ទៅ​ទៀត​នេះ គម្រោង​ខុន​ដូ​ដែល​បាន​ប្រកាស​វិនិយោគ និង​ចាប់ផ្ដើម​សាងសង់​កាលពី​ឆ្នាំ​មុន នឹង​បន្ត​សាងសង់​បញ្ចប់​គម្រោង​ទាំងនោះ ខណៈ​ឆ្នាំ​២០១៦​នេះ មាន​គម្រោង​តិចតួច​ប៉ុណ្ណោះ​បាន​បោះទុន​បន្ថែម  ។

លោក ឌឹ​ត ច​ណ្ណា នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី បានឱ្យ​ដឹង​ថា ៖ « នៅ​ឆ្នាំ​ខាង​មុខ​នេះ គម្រោង​ខុន​ដូ​ប្រហែលជា​មិន​មាន​ទៀត​ទេ ដោយ​អាច​ប៉ាន់​ស្មានថា អ្នក​វិនិយោគ​ត្រូវការ​ពេលវេលា​នេះ​ដើម្បី​លក់​គម្រោង​ចាស់​ៗ​របស់​ខ្លួន​ឱ្យ​អស់​សិន ។ កាលពី​ឆ្នាំ​២០១៥​កន្លង​មក គម្រោង​ខុន​ដូ​ថ្មី​ៗ​បាន​សម្រុក​ខ្លាំង​មែនទែន ដោយ​គម្រោង​មួយ​ចំនួន​លក់​បាន​ច្រើន ខ្លះ​ទៀត​បាន​តិចតួច និង​មួយ​ចំនួន​ទៀត​ក៏​ទើប​ចាប់ផ្ដើម​លក់ ។ ដូចនេះ នៅ​ឆ្នាំ​២០១៦ ម្ចាស់​គម្រោង​ទាំងនោះ​អាច​បន្ត​លក់​គម្រោង​ចាស់​ឱ្យ​អស់​សិន​។ សម្រាប់​ម្ចាស់​គម្រោង​ថ្មី​ៗ​ទៀត អាច​នៅ​ចាំ​មើល​សិន ឬ​ចាំ​ឱ្យ​គម្រោង​ចាស់​របស់​គេ​លក់​អស់ ចាំ​ដាក់​គម្រោង​ថ្មី​ៗ​ទៀត » ។

លោក​បន្ត​ថា ៖ « យើង​មិន​អាច​និយាយ​ថា ឆ្នាំ​២០១៦​នេះ​គ្មាន​គម្រោង​ខុន​ដូ​នោះ​ដែរ វា​ប្រាកដជា​មាន តែ​បើសិនជា​មាន ក៏​មិន​មាន​ច្រើន​ដូច​កាលពី​ឆ្នាំ​២០១៥​ដែរ ព្រោះថា នៅ​ឆ្នាំ​២០១៥ គម្រោង​ជា​ច្រើន​បាន​ប្រកាស​វិនិយោគ សាងសង់ និង​លក់​មិន​ទាន់​អស់​នៅឡើយ  ដែល​ត្រូវការ​ពេលវេលា​លក់ និង​សាងសង់ » ។

លោក​បន្ថែម​ថា ៖ « ការ​សាងសង់​ខុន​ដូ​នៅ​កម្ពុជា គឺ​សម្រាប់​ផ្គត់ផ្គង់​ទៅ​ឱ្យ​អ្នក​ដែល​មាន​ជីវភាព​កម្រិត​ខ្ពស់​ៗ តែ​សម្រាប់​កម្ពុជា អ្នកមាន​កម្រិតជីវភាព​ខ្ពស់​ៗ​នៅ​មាន​តិចតួច​នៅឡើយ ។ ម្យ៉ាងទៀត អ្នក​ដែល​មាន​ជីវភាព​ធូរធារ​ភាគច្រើន ក៏​មិន​និយម​ចូល​ចិត្ត​រស់នៅ​ក្នុង​ខុន​ដូ​ដែរ គឺ​ពួក​គាត់​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុងផ្ទះ​វីឡា ដែល​ជា​ទម្លាប់​របស់​ប្រជាជន​កម្ពុជា ។ មាន​តែ​ប្រជាជន​ក្មេង​ៗ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ធ្លាប់​ចេញចូល និង​រស់នៅ​ក្រៅប្រទេស ទើប​ពួក​គេ​ចូល​ចិត្ត និង​ចង់​រស់នៅ​ក្នុង​ខុន​ដូ ដូចនេះ​ពួក​គេ​អាច​នឹង​ទិញ​ខុន​ដូ​ស្នាក់​នៅ ។ សរុប​មក ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​រាង​ពិបាក​បន្តិច ដែល​ម្ចាស់​គម្រោង​ត្រូវ​រក​យុទ្ធសាស្ត្រ​នានា​ដើម្បី​ទាក់ទាញ​អ្នកទិញ » ។

លោក​បញ្ជាក់​ថា ៖ « ម្ចាស់​គម្រោង​គួរតែ​ផ្គត់ផ្គង់​ទៅ​លើ​ខុន​ដូ ដែល​ជា​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​វិញ ។ មាន​ន័យ​ថា ជា​ខុន​ដូ​មាន​តម្លៃ​មធ្យម​សម​ស្រប​ជាមួយនឹង​កម្រិតជីវភាព​របស់​ប្រជា​ពល​ខ្មែរ​ភាគច្រើន ។ ម្យ៉ាងទៀត ដោយសារ​តែ​ផ្ទះល្វែង​នៅ​ក្នុង​ក្រុងមាន​តម្លៃ​ថ្លៃ​ៗ ដូចនេះ តម្រូវ​ឱ្យ​ពួក​គាត់​ទៅ​រស់នៅ​ឆ្ងាយ​ពី​ក្រុង តែ​បើសិនជា​ខុន​ដូ​នៅ​ក្នុង​ក្រុងមាន​តម្លៃ​ធូរ​ថ្លៃ​នោះ ប្រហែលជា​មាន​ប្រជាជន​ខ្មែរ​ភាគច្រើន​អាច​ប្តូរ​មក​ស្នាក់​នៅ​ក្នុង​ខុន​ដូ​វិញ​ហើយ » ។

ចំណែក​លោក ប៉ូ អ៊ា​វ​គង់ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​អេ​ស៊ា​រៀល​អុ​ី​ស្ទេ​ត ក៏​បានឱ្យ​ដឹង​ដែរ​ថា ៖ « ក្នុង​វិស័យ​ខុន​ដូ​នៅ​កម្ពុជា បើ​គិត​ជា​លក្ខណៈ​វិជ្ជមាន​នៅ​តែ​មានការ​វិនិយោគ​បន្ថែម​ក្នុង​ឆ្នាំ​២០១៦​នេះ ដោយសារ​ខុន​ដូ​នៅ​កម្ពុ​ជាមួយ​ចំណែក​ធំ​សម្រាប់​ទីផ្សារ​បរទេស និង​មួយ​ចំណែក​តូច​ជាទី​ផ្សារ​ក្នុងស្រុក ។ អ្នក​វិនិយោគ​ទៅ​លើ​គម្រោង​ខុន​ដូ​នៅ​កម្ពុជា ភាគច្រើន​ពឹងពាក់​លើ​ទីផ្សារ​បរទេស​ច្រើន​ជាង ដោយសារ​តែ​បរទេស​គេ​មាន​ប្រព័ន្ធ​ទំនាក់ទំនង​ល្អ​រវាង​អ្នក​វិនិយោគ និង​អ្នក​វិនិយោគ ។ តែ​យ៉ាង​ក៏​ដោយ ការ​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​ទៅ​លើ​ខុន​ដូ ក៏​គួរ​សិក្សា​ពី​តម្រូវការ​ទីផ្សារ​នៅ​ពេល​បច្ចុប្បន្ន​ផង​ដែរ » ។

លោក​បន្ត​ថា ៖ « តម្រូវការ​ខុន​ដូ​នៅ​ពេល​អនាគត​អាច​នឹង​មាន​ច្រើន ពីព្រោះ​ថា​មនុស្ស​សម័យ​ថ្មី​អាច​នឹង​ផ្លាស់​ប្តូរ​មក​រស់នៅ​បែប​សម័យ​ថ្មី ។ សព្វ​ថ្ងៃនេះ ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​មាន​ចន្លោះ​ពី​២០% ទៅ​៣០% ជា​ជនជាតិ​ខ្មែរ ហើយ​ក្រៅពី​នោះ គឺជា​ទីផ្សារ​សម្រាប់​ជនបរទេស​ដែល​មក​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។

លោក បេ បូ​រិ​ន ប្រធាន​ការិយាល័យ​សំណង់​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ៖ « សំណង់​អគារ​ខ្ពស់​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​កម្ពស់​ចាប់ពី​៥ ដល់​ជាង​៤០​ជាន់​សម្រាប់​ឆ្នាំ​២០១៥​កន្លង​មកនេះ  មាន​ចំនួន​៦២៨​អគារ ដែល​បាន​សាងសង់​រួច និង​កំពុង​សាងសង់ គឺ​កើន​លើស​ឆ្នាំ​២០១៤ ចំនួន​៦៧​អគារ ឬ​ស្មើនឹង​១២% » ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ គម្រោង​សាងសង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​២.៣០៥​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន​៧.៦៨៦.១១២​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៣.៣៣៨​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ពោល​គឺ​កើនឡើង​ប្រមាណ​៣៣,១៤% ។

ការ​រីក​ដុះដាល​នៃ​វិស័យ​សំណង់​ទាំងនេះ ក៏​ដោយសារ​តែ​កម្ពុជា​មាន​ចំណុចខ្លាំង​ដូច​ជា ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត បទ​ប្បញ្ញត្តិ និង​ស្តង់​ដាយ​កមក​ប្រើប្រាស់​ធ្វើ​ជា​ខ្នាត​ក្នុង​ការ​អនុវត្ត​លើ​ការងារ​សាងសង់ ការងារ​ជួសជុល​ការងារ​រុះរើ ការ​ផលិត និង​ការ​ត្រួតពិនិត្យ​លើ​សុវត្ថិភាព គុណភាព និង​សោភ័ណ​ភាព ៕