រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រកាសផ្សព្វផ្សាយគំរោងលើកកំពស់គុណភាពនិងសមត្ថភាពឧត្តមសិក្សា កាលពីថ្ងៃទី១១ វិច្ឆិកា នៅសណ្ឋាគារសាន់វេ ក្រោមអធិបតីភាពលោកអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ គំរោងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកចុះហត្ថលេខារួចហើយ កាលពីខែកញ្ញា ឆ្នាំ២០១០ កន្លងមក ដោយមានទឹកប្រាក់ចំនួន២៣លានដុល្លារអាមេរិក ក្នុងគោលបំណងជួយលើកកំពស់គុណភាពបង្រៀន សមត្ថភាពគ្រប់គ្រង និងការសិក្សាស្រាវជ្រាវ និងផ្តល់អាហារូបករណ៍ដល់និស្សិតដែលជួបការលំបាក ។ លោកស្រីអាណែត ឌីកសុន នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា គំរោងថ្មីនេះនឹងជួយប្រទេសកម្ពុជាឱ្យពង្រឹងស្តង់ដាគុណភាពអប់រំ និងការកសាងសមត្ថភាពជំនាញដែលជាតំរូវការរបស់វិស័យសាធារណៈ និងវិស័យឯកជន ។ សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាផ្នែកមួយនៃធនាគារពិភពលោក ក្នុងការជួយប្រទេសក្រីក្របំផុត នឹងផ្តល់ជាជំនួយឥតសំណងដែលមានទឹកប្រាក់១១,៥លានដុល្លារអាមេរិក និងកម្ចីឥតការប្រាក់ដែលមានទឹកប្រាក់១១,៥លានដុល្លារអាមេរិកដូចគ្នាសំរាប់គំរោងនេះ ។ គំរោងរយៈពេល៥ឆ្នាំនេះ នឹងផ្តោតលើសមាសភាពសំខាន់៤រួមមាន ៖
១-ការពង្រឹងសមត្ថភាពប្រព័ន្ធអប់រំឧត្តមសិក្សាកម្ពុជា តាមរយៈការលើកកំពស់ការអភិវឌ្ឍ ការគ្រប់គ្រង និងអភិបាលកិច្ចនៃគ្រឹះស្ថានឧត្តមសិក្សា ។ កិច្ចការទាំងនោះរួមមាន ការពង្រឹងសមត្ថភាពនាយកដ្ឋានឧត្តមសិក្សា នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សា ។
២-ការផ្តល់នូវជំនួយឥតសំណងសំរាប់នវានុវត្តន៍ និងការអភិវឌ្ឍក្នុងលក្ខណៈប្រកួតប្រជែង ដែលអាចជួយលើកកំពស់ការបង្រៀន និងការគ្រប់គ្រង ក៏ដូចជាការផ្តល់នូវដំណោះស្រាយល្អៗទៅលើបញ្ហាក្នុងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នេះសំដៅដល់ការពង្រឹងសមត្ថភាពស្រាវជ្រាវរបស់គ្រឹះស្ថានឧត្តមសិក្សា។
៣-ការផ្តល់នូវអាហារូបករណ៍ដល់និស្សិតជួបការលំបាក ដោយផ្អែកលើគោលដៅជួយជនក្រីក្រ និងលក្ខខណ្ឌអប់រំ ។
៤-ការគ្រប់គ្រង តាមដាន និងវាយតំលៃគំរោង ។
លោកអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា «គំរោងលើកកំពស់គុណភាព និងសមត្ថភាពឧត្តមសិក្សា មានគោលបំណងលើកកំពស់គុណភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិនៃប្រព័ន្ធឧត្តមសិក្សាកម្ពុជា ។ គំរោងនេះក៏នឹងបង្កើននូវឥទ្ធិពលនៃប្រព័ន្ធឧត្តមសិក្សាទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការបង្កើនជំនាញលើធនធានមនុស្ស ។ គំរោងនេះនឹងត្រួសត្រាយឱ្យមានគំនិតថ្មីៗក្នុងប្រព័ន្ធគ្រប់គ្រង ការចូលរៀនរបស់និស្សិត ការគ្រប់គ្រងស្ថាប័ន ការរៀន និងបង្រៀន និងការស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សា» ។ លោករដ្ឋមន្ត្រីបានបន្តថា «ខ្ញុំជឿជាក់ថា គំរោងឧត្តមសិក្សាដំបូងបំផុតនេះ នឹងកសាងមូលដ្ឋានគ្រឹះសំរាប់ការអភិវឌ្ឍនាពេលអនាគតនៃអនុវិស័យឧត្តមសិក្សាកម្ពុជា ។ ជាលទ្ធផល នឹងនាំមកនូវការរីកចំរើនស្ថានភាពសង្គមដល់ប្រជាជនកម្ពុជា និងបង្កើនផលិតភាពជាតិដូចដែលមានចែងក្នុងគោលដៅយុទ្ធសាស្ត្រជាតិ»៕
ចែករំលែកព័តមាននេះ