រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ភិន សុដាលីស បានឆ្លើយតបទៅកាន់ទស្សនិកជនមួយចំនួនដែលប្រៀបធៀបជីវិតរបស់នាង ជាមួយមនុស្សដទៃ បន្ទាប់ពីនាងសម្រេចចិត្តរួមរស់ជាមួយតារាសម្តែងលោកប៉ែន ចំរ៉ុង ដោយមិនចូលរោងការ ។
ប្រតិកម្មតបរបស់ភិន សុដាលីស នាពេលថ្មីៗកន្លងមក ទំនងជាឆ្លើយតបចំពោះមហាជនមួយចំនួនដែលរិះគន់រូបនាងពីរឿងរួមរស់ជាមួយលោកប៉ែន រ៉ុង ក្រោមដំបូលផ្ទះតែមួយដោយមិនបានរៀបការ ខណៈពេលដែលនាងហាក់មិនទទួលបានភាពហ៊ឺហាក្នុងសង្គមសិល្បៈ ខុសប្លែកពីជីវភាពដែលនាងរស់នៅក្រោមដំបូលផ្ទះជាមួយឪពុកម្តាយ។
មានប្រិយមិត្តមួយចំនួនលើកឡើងប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់ភិន សុដាលីស ដែលសម្រេចចិត្តចុះចេញពីផ្ទះទៅរស់នៅជាមួយលោកប៉ែន ចំរ៉ុង ដើម្បីប្រឆាំងដាច់ខាតពីការមិនយល់ស្របរបស់អាណាព្យាបាល ។ ពួកគេទាំងនោះលើកឡើងថា «គ្មានអ្នកណាម្នាក់យល់អារម្មណ៍អ្នកដែលជាឪពុកម្តាយឡើយ ។ ពួកគាត់ស្រឡាញ់យើងមិនតិចជាងអ្នកដទៃទេ សូមគិតឡើងវិញប្អូនស្រី ទោះជាមានរឿងអ្វីកើតឡើងក៏គាត់មិនបោះបង់កូនរបស់គាត់ដែរ ។ កុំធ្វើដោយកំហឹងអីអូន ត្រជាក់ចិត្តហើយគិតឡើងវិញ សង្ឃឹមថាប្អូននឹងយល់ពីគាត់» ។ ដោយសារបញ្ហានេះហើយ ភិន សុដាលីស អះអាងពីអារម្មណ៍របស់ខ្លួន ក្នុងនោះនាងបានលើកឡើងថា ថ្ងៃណាមួយពួកគេនឹងបានដឹងពីការខិតខំរបស់ពួកនាងពីបាតដៃទទេ ដោយមិនពឹងពាក់លើអ្នកដទៃ និងឪពុកម្តាយ ។

លើទំព័រហ្វេសប៊ុក ភិន សុដាលីស សរសេរថា «ខ្ញុំមិនបន្ទោស បងៗ និង ប្អូនៗមួយចំនួនដែលមិនដឹងរឿងរបស់ខ្ញុំច្បាស់ និងតែងតែយកជីវិតរបស់ខ្ញុំទៅប្រៀបធៀបជាមួយមនុស្សដទៃ។ ថ្ងៃណាមួយពួកគាត់នឹងបានដឹងថា ការខំប្រឹងពីបាតដៃទទេមិនពឹងលើអ្នកដទៃ ឪពុកម្តាយ ឬក៏បងប្អូន ឆ្លងកាត់ព្យុះភ្លៀង និងបញ្ហារឿងរ៉ាវជាច្រើនដើម្បីកសាងគ្រួសារដ៏មានសុភមង្គលមួយជាមួយមនុស្សដែលយើងស្រលាញ់ មានផ្ទះសម្បែង មានរថយន្តជិះ និងរបស់ប្រើប្រាស់ខ្លួនឯង ខណៈពេលដែលមនុស្សមួយចំនួនកំពុងទទួលការបែងចែក និងរៀបចំទុកដាក់ជាស្រេចពីឪពុកម្តាយ ។ អ្នកមិនមែនជាអ្នកមាន ឬក៏គ្រាន់បើជាងខ្ញុំនោះទេ បើសិនជារបស់ទាំងអស់នោះមិនមែនបានមកពីការខំប្រឹងដោយកម្លាំងញើសឈាមរបស់អ្នកផ្ទាល់ ។ ខ្ញុំមិនមែនជាអ្នកមានទេ តែខ្ញុំឱ្យតម្លៃលើសមត្ថភាពរបស់ខ្ញុំ និងឱ្យកម្លាំងចិត្តមកខ្លួនខ្ញុំថា ខ្ញុំនឹងអាចធ្វើវាបានក្នុងថ្ងៃណាមួយ ។ ឱកាសមិនដែលបោះបង់អ្នកទ្បើយ។ រឿងជីវិត គេៗអាចដោះស្រាយបានដោយខ្លួនគេ អ្នកមិនចាំបាច់ជាន់ពន្លិច ឬចេះដឹងរឿងគេនោះទេ គួរតែទុកពេលវេលាទាំងនោះសម្រាប់ខ្លួនឯង ធ្វើអ្វីដែលធ្វើឱ្យខ្លួនឯង សប្បាយចិត្ត ហើយមិនរំខានជីវិតឯកជនរបស់អ្នកដទៃ ។
មិនធ្វើការ សន្សំរឿង ទុករឿងអ្នកដទៃក្នុងខ្លួនឯងច្រើនពេក ធ្វើឱ្យសេចក្តីសុខខ្លួនឯងបាត់បង់ព្រោះរវល់តែខ្វល់ខ្វាយពីគេ» ។ ចំណងស្នេហារវាង ភិន សុដាលីស និងលោកប៉ែន ចំរ៉ុង ចាប់ពន្លកឡើង ខណៈអ្នកទាំងពីរសម្ដែងជាតួឯករួមគ្នាក្នុងរឿង «អាព្រឿងងាប់ហើយ» ។
ចំណងស្នេហ៍នេះចាប់ផ្តើមបន្ទាប់ពី ភិន សុដាលីស បានផ្តាច់ពាក្យជាមួយលោកប៉ែន តុលា ដោយសារបញ្ហារកាំរកូសមួយចំនួនដែលមិនអាចឈានទៅដល់ការផ្សះផ្សាគ្នាបាន ។
ការភ្ជាប់ចំណងស្នេហ៍របស់ភិន សុដាលីស និងប៉ែន ចំរ៉ុង នាពេលនេះមិនបានទទួលការស្វាគមន៍ពីលោកហ៊ិន សុភិន ជាឪពុករបស់ ភិន សុដាលីស ទេ ។ ការមិនពេញចិត្តនេះធ្វើ ឱ្យភិន សុដាលីស សម្រេចចាកចោលផ្ទះ ដោយចេញទៅសម្ងំរស់នៅជាមួយលោកប៉ែន ចំរ៉ុង ក្រោមដំបូលផ្ទះតែមួយ ។ មូលហេតុនេះបានធ្វើឲ្យលោកហ៊ិន សុភិន ដាក់ពាក្យប្តឹង ប៉ែន ចំរ៉ុង ថាចាប់ពង្រាត់កូនស្រីរបស់លោក ប៉ុន្តែក្រោយពីមានការចូលបំភ្លឺពី ភិន សុដាលីស និងប៉ែន ចំរ៉ុង ទើបបញ្ហាស្ងប់ស្ងាត់ទៅវិញ ។
រហូតមកដល់ពេលនេះ ភិន សុដាលីស និង ប៉ែន ចំរ៉ុង បន្តរស់នៅជាមួយគ្នា ដោយមិនទាន់ចូលរោងការ ដោយគ្មានការរំខានពីភាគីណាមួយទៀតឡើយ ខណៈពេលដែលពួកគេទាំងពីរសន្យាថា នឹងដឹកដៃគ្នាចូលរោងការនៅពេលណាមួយ ៕
ចែករំលែកព័តមាននេះ