ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ ​គ្រូពេទ្យ​នឹង​ចាក់​វ៉ាក់សាំង​ជូន​ដូន​ចាស់​វ័យ​ជិត​១០០​ឆ្នាំដល់ផ្ទះ​នា​ថ្ងៃស្អែក​តាម​ការ​ស្នើ​សុំ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភ្លាម​ៗ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា លោកយាយ​វ័យ​ជិត ១០០​ឆ្នាំ ម្នាក់​ចង់​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ និង​ស្នើ​គ្រូពេទ្យ​ទៅ​ចាក់​ដល់​ផ្ទះ​លោកយាយ ដោយសារ​តែ​លោកយាយ​ពិបាកធ្វើ​ដំណើរ​នោះ លោក​ជំទាវ ឱ…

ខេត្តកំពង់ឆ្នាំង ៖ ភ្លាម​ៗ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា លោកយាយ​វ័យ​ជិត ១០០​ឆ្នាំ ម្នាក់​ចង់​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ និង​ស្នើ​គ្រូពេទ្យ​ទៅ​ចាក់​ដល់​ផ្ទះ​លោកយាយ ដោយសារ​តែ​លោកយាយ​ពិបាកធ្វើ​ដំណើរ​នោះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អះអាង​ថា ក្រុម​គ្រូពេទ្យ​នឹង​ចាក់​ជូន​លោកយាយ​នៅ​ថ្ងៃស្អែក​នេះ​។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ តាម​ការ​ពិតក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​ដល់ទី​នោះ​រួច​ទៅ​ហើយ ប៉ុន្តែ​មិនដឹង​ថា​មូលហេតុ​អ្វី​បានជា​គាត់​មិន​បាន​ចាក់​នោះ​ទេ​។ ខ្ញុំ​បាន​ស្នើ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ចាត់ចែង​ជូន​គាត់​នៅ​ថ្ងៃស្អែក​នេះ​ហើយ​។

ការអះអាងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើង ក្រោយពីសារព័ត៌មានកោះសន្តិភាព បានផ្សព្វផ្សាយអំពី លោកយាយ​មាន​វ័យ​ចំណាស់​ម្នាក់​ដែលទទូចសុំគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនលោកយាយដល់ផ្ទះ ។

សូមបញ្ជាក់ថា ដូនចាស់មួយរូបនៅខេត្តកំពង់ឆ្នាំ បានប្រាប់​ថា រូប​គាត់​មាន​អាយុ​១០៤​ឆ្នាំ (​តែ​ក្នុង​អត្តសញ្ញាណប័ណ្ណ កើត​ឆ្នាំ​១៩២៣) និងបាន​សម្ដែង​នូវ​អារម្មណ៍​របស់​គាត់​ថា​៖ «​គាត់​ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដែរ ប៉ុន្តែ​មិន​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បាន​ដោយសារ​តែ​គាត់​ជរា លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។ យ៉ាងនេះ​ក្តី​លោកយាយ​បាន​បញ្ជាក់​ថាបើ​គ្រូពេទ្យ មក​ចាក់​វ៉ា​ក់​ជូន​លោកយាយ​ដល់​ផ្ទះ លោកយាយ នឹង​ព្រម​ចាក់​ភ្លាម​មិន​រុញ​រា​ឡើយ​។

នៅ​ពីមុខ​ផ្ទះ​បុរាណ មួយ​ខ្នង​ធ្វើ​អំពី​ឈើ ប៉ុន្តែ​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ជញ្ជាំង​ថ្មី ដោយ​រក្សា​ទ្រង់ទ្រាយ​ដើម លោកយាយ សៅ ហោ​ន ក្នុង​សម្លៀក​បំពាក់​ខោ​ខ្មៅ​ជើង​ខ្លី​ត្រឹម​ក្បាលជង្គង់ អាវ​ផ្កា និង​ក្រមា​ពណ៌​ក្រហម តែ​ស្ទើរ​បាត់​ពណ៌​ដើម ដោយសារ​តែ​ក្អែល ប្រែ​ពណ៌ ទៅ​ជា​ក្រ​ម៉ៅ បាន​អង្គុយ​ផ្ទាល់​ដី​ដោយ​បញ្ឈរជង្គង់ ដល់​ចង្កា ប្រឹង​បោចស្មៅ​មុខ​ផ្ទះ ហើយ​បាន​ងើបមុខ​ឡើង​សម្លឹង​ទៅ​រកស​ម្រឹ​ប​ជើងមនុស្ស​កំពុង​ដើរ​ចូល​ទៅ​ដោយ​ក្រសែភ្នែក​ពណ៌​ស្រអាប់ ស្បែក​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ​ក្នុង​វ័យចាស់​ជរា ព្រម​ជាមួយនឹង​ការ​លើកដៃ​សំពះ ជម្រាបសួរ​ដល់​អ្នក​ចំណូល​ថ្មី​ផង​ដែរ​។

លោកយាយ សៅ ហោ​ន ព្យាយាម​និយាយ​ដោយ​មិន​មាន​ភ្លេចភ្លាំង​ថា​៖ លោកយាយ​មាន​អាយុ​១០៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ចៅប្រុស​ស្រី​ចំនួន ២​នាក់​ប្តី​ប្រ​ព​ន្ឋ ក្នុងភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍​។ លោកយាយ​មានកូន ៦​នាក់​ប៉ុន្តែ​ស្លាប់​អស់​ទៅ​ហើយ​ក្នុង​សម័យ​ប៉ុ​ល​ពត នៅ​សល់​តែ​កូន​ម្នាក់ ដែល​មាន​ប្ដី​ប្រពន្ធ ហើយ​បែក​គ្រួសារ​ទៅ​នៅ​ផ្សេង ប៉ុន្តែ​បានឱ្យ​កូន​២​នាក់​ប្តី​ប្រ​ព​ន្ឋ ដែល​ត្រូវជា​ចៅ​លោកយាយ​មក​រស់នៅ​មើលថែរ​លោកយាយ នៅផ្ទះ​ពី​សង្គម​ដើម​របស់​លោកយាយ​ផ្ទាល់ ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ​ដូច​លោកយាយ​ដែរ ប៉ុន្តែ​បាន​ប្តូរ​ជញ្ជាំង​ក្តារក្រាល​អស់ហើយ​។

ពេល​សួរ​លោកយាយ​មានបាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីត​ទេ? លោកយាយ​ឆ្លើយ​យ៉ាង​លឿន ដោយ​មិនបាច់​គិត​ថា​៖ លោកយាយ​ក៏​ខ្លាច​នូវ​ជំងឺ​កូ​វី​ដ​ដែរ​! ហើយ​លោកយាយ​ក៏​ចង់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីត​ដែរ ប៉ុន្តែ​មិន​អាច​ធ្វើ​ដំណើរ​បាន ព្រោះតែ​ជរា​ណាស់​ទៅ​ហើយ​ប្រសិនបើ​មាន​គ្រូពេទ្យ​យក​វ៉ាក់សាំង​មក​ចាក់​ដល់​ផ្ទះ​លោកយាយ នឹង​ព្រម​ចាក់​ភ្លាម​មិន​រុញ​រា​ឡើយ​។ លោកយាយ សៅ ហោ​ន ក៏​បាន​រៀបរាប់​ពី​ការ​លំបាក​ដែល​ខ្វះខាត​ជីវភាព ប្រចាំ​ថ្ងៃ​ពឹង​លើ​ចៅ​២​នាក់​ប្តី​ប្រ​ព​ន្ឋ​ក៏​ហូប​មិនសូវ​គ្រប់គ្រាន់​ដែរ​ព្រោះ​ចៅ​គេ​ក៏​មានកូន​ដែរ ម្លោះ​ហើយ​បញ្ហា​ជីវភាព​ពិតជា​ខ្វះខាត​មែន​។

ក្មួយ​ស្រី វ៉ែន សុ​ម៉ា​លី អាយុ​២៨​ឆ្នាំ ដែល​ត្រូវជា​ចៅស្រី​របស់​លោកយាយ​ខាងលើ​បាន​បញ្ជាក់​ថា សព្វថ្ងៃ​ក្មួយ​ស្រី និង​ប្តី​ជា​អ្នក​មើលថែ​លោកយាយ​។ ប៉ុន្តែ​ជីវភាព​ក៏​ខ្វះខាត​ដែរ ព្រោះ​ជា​អ្នក​ជនបទ ពឹង​តែ​លើ​ស្រែ​មួយ​មុខ មិន​មាន​ចំណូល​អ្វី​ឡើយ ណាមួយ​គ្រួសារ​ក្មួយ​ស្រី​ក៏​មានកូន​២​នាក់​ដែរ​។ ក្រោយ​ពេល​ចៅស្រី​យក​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​របស់​លោកយាយ​មក​ឱ្យ​ពិនិត្យ ឃើញ​ថ្ងៃខែ​ឆ្នាំ​កំណើត​លោកយាយ កើត​ថ្ងៃ​ទី​០៩ ខែ​០៨ ឆ្នាំ​១៩២៨ ដូច្នេះ​បើ​គិត​តាម​អត្តសញ្ញាណប័ណ្ណ លោកយាយ​មាន​អាយុ​ត្រឹម​៩៣​ឆ្នាំ តែ​ក៏​ជា​វ័យចាស់​ជរា​ណាស់​ទៅ​ហើយ​ដែរ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ