ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃគូ និង​បុគ្គលិក​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បរិច្ចាគ​ឈាម​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​ក្រុមហ៊ុន​ថៃ​មួយ​ចំនួន​ទៀត​ដែល​ជា​ដៃគូ បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ទៅ​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដើម្បី​យក​អំណោយ​ឈាម

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​ក្រុមហ៊ុន​ថៃ​មួយ​ចំនួន​ទៀត​ដែល​ជា​ដៃគូ បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ទៅ​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដើម្បី​យក​អំណោយ​ឈាម​នោះ​ទៅ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​ជា​បន្ទាន់​ដើម្បី​សង្គ្រោះ​ជីវិត ។ កម្មវិធី​បរិច្ចាគ​ឈាម​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មីនា ២០១៦ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ដោយ​មាន​អ្នកចូលរួម​បរិច្ចាគ​សរុប​ចំនួន​១២០​នាក់ ។

លោក​វេជ្ជបណ្ឌិត វ៉ា​ត់​សាន់ អា​ភី​វ៉ា​តា​ណា​គុណ​(Watson Appiwatanakoon)​នាយករង មន្ទី​ពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា សកម្មភាព​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​អ្នក​រកស៊ី​ថៃ​នៅ​ស្រុក​ខ្មែរ​ព្រោះថា ឈាម​មិន​រើស​សញ្ជាតិ​ទេ មិន​ថា​ក្រុម​សញ្ជាតិ​ណាមួយ​ទេ វា​តែ​ប្រភេទ A , B , AB និង O ហើយ​ក្រុម​ទាំងនេះ​សញ្ជាតិ​ណា​ក៏​មាន​ដែរ​។ លោក​បាន​បន្ត​ថា នេះ​គឺជា​សកម្មភាព​គំរូ​មួយ​នៃ​ការ​សហការ​រវាង​អ្នក​រកស៊ី​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​មាន​បុគ្គលិក​ទាំង​ខ្មែរ​និង​ថៃ​មក​បរិច្ចាគ​ឈាម​ជួយ​ជីវិត​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​បន្ទាន់​សម្រាប់​សង្គ្រោះ​ជីវិត ។

លោក​បន្ថែម​ថា អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​វា​ជា​រឿង​សំខាន់ ហើយ​ការ​ដែល​ជួយ​អ្នកជំងឺ​មិន​ថា​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ឬ​មន្ទីរពេទ្យ​ផ្សេង​ៗ​ទៀត​នោះ​ទេ គឺជា​រឿង​ដែល​យើង​ទាំងអស់​គ្នា​មាន​កាតព្វកិច្ច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពេល​អ្នកជំងឺ​ត្រូវការ​ឈាម ។ លោក​វេជ្ជបណ្ឌិត វ៉ា​ត់​សាន់ អា​ភី​វ៉ា​តា​ណា​គុណ បាន​សន្យា​ថា ដើម្បី​ចូលរួម​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​នោះ​មន្ទីរពេទ្យ​របស់​លោក​នឹង​រៀបចំ​ឱ្យ​មានកម្ម​វិធី​ផ្តល់​ឈាម​នេះ​ក្នុង​១​ឆ្នាំ​៣​ទៅ​៤​ដង ដើម្បី​ផ្តល់​ឈាម​ដល់​មជ្ឈមណ្ឌល​ផ្តល់​ឈាម​បែងចែក​ទៅ​តាម​មន្ទីរពេទ្យ​នានា​ជួយ​សង្គ្រោះ​ដល់​អ្នកជំងឺ​ត្រូវការ​ឈាម ។

លោក​វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឃើញ​ថា យុវជន ប្រជាជន និង​ក្រុម​វិស័យ​ឯកជន មន្ទីរ អង្គភាព ស្ថាប័ន​ទាំងអស់​បាន​ចូលរួម​បរិច្ចាគ​ឈាម​ជា​បន្តបន្ទាប់​ហើយ​មាន​ភាព​សកម្ម​ជាង​មុន ។ វា​ជា​ក្តី​សង្ឃឹម​មួយ​ឆ្ពោះទៅ​មុខ​ដើម្បី​ទទួល​បាន​នូវ​អំណោយ​ឈាម​ដែល​ចេញ​ប្រភព​មក​ពី​អ្នក​ស្ម័គ្រចិត្ត ច្រើន​ៗ​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្តែង​ថ្ងៃនេះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ដើម្បី​ជំរុញ​ឱ្យ​សហគមន៍​ថៃ ដែល​មាន​ក្រុមហ៊ុន​និង​វិស័យ​ឯកជន​រកស៊ី​នៅ​កម្ពុជា​ទាំងអស់​ចូលរួម​បរិច្ចាគ​ឈាម ។ លោក​បន្ត​ថា នៅ​ដើមឆ្នាំ​២០១៦​នេះ ខុស​ពី​ឆ្នាំ​មុន​ៗ ដោយ​យើង​ឃើញ​ថា​សកម្មភាព​បរិច្ចាគ​ឈាម​ពី​សប្បុរសជន​នៅ​ឆ្នាំ​២០១៦​នេះ មាន​ភាព​ប្រសើរ​ឡើងជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយ​ខែ​ៗ យើង​អាច​ទទួល​ឈាម​បាន​ជិត​៣​ពាន់​ប្លោក ។

លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២០ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នឹង​ខិតខំ​ធ្វើ​យ៉ាង​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​យល់​ដឹង និង​ចូលរួម​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ឱ្យ​បាន​១០០%​សម្រាប់​យក​អំណោយ​ឈាម​ទាំងនោះ​ទៅ​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​នៅ​តាម​មន្ទីរពេទ្យ​នានា ដោយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម នឹង​រៀបចំ​ឱ្យ​មាន​មជ្ឈ​មណ្ឌល​​នៅ​តាម​បណ្ដា​ខេត្ត​ផង​ដែរ ៕