ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះមិនប្រណី​! ម៉េ​ង កែវ​ពេ​ជ្ជ​តា ដាក់​ចំ​ៗ​លើ​អ្នក​យក​បទ​ខ្លួន​ទៅ​ច្រៀង​មិន​ដាក់​ឈ្មោះ​ម្ចាស់​ដើម

2 ឆ្នាំ មុន

តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ម្ចាស់​ឆា​ណែ​ល​យូ​ធូប ដែល​បាន​យក​បទ​ចម្រៀង​របស់​នាង​​​ច្រៀង​ឡើង​វិញ (Cover) តែ​មិន​បាន​ដាក់​ឈ្មោះ​អោយ​ចំ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ម្ចាស់​ឆា​ណែ​ល​យូ​ធូប ដែល​បាន​យក​បទ​ចម្រៀង​របស់​នាង​អោយ​តារាចម្រៀង​ថ្មូ​ៗ​ច្រៀង​ឡើង​វិញ (Cover) តែ​មិន​បាន​ដាក់​ឈ្មោះ​អោយ​ចំ​ម្ចាស់​ដើម​។ បទ «​ជំនោរ​ដើមខែ​» ដែល​ជា​បទ​ដើម​របស់​អ្នកចម្រៀង​អ្នកស្រី ម៉​ម សុខា តែ​ត្រូវ​បាន​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​យក​មក​កែសម្រួល​ថ្មី​ខ្លះ ទាំង​ទំនុកច្រៀង និង​ការ​ច្រៀង​ពី​អ្នក​នាង​ផ្ទាល់​។

ព្រោះតែ​បទ​នេះ មាន​ភាព​ល្បីល្បាញ​បាន​ធ្វើ​អោយ​មានការ​លើកយក​មក​ច្រៀង ដោយ​តារាចម្រៀង​នានា ហើយ​បង្ហោះ​តាម​យូ​ធូប ដោយ​បាន​ប្រើប្រាស់​ភាសាសរសេរ​ដាក់​ថា «​មរតក​ដើម​» ដោយ​មិន​បាន​ប្រើប្រាស់​ឈ្មោះ​នាង​អោយ​ចំ​។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​ថា បទ​: ជំនោរ​ដើមខែ ជា​បទ​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​បទ​ល្បី​ៗ​ជា​ច្រើន​រយ​ពាន់​បទ​របស់​នាង​ខ្ញុំ ម៉េ​ង កែវ​ពេ​ជ្ជ​តា ។ នាង​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​បទ​នេះ មាន​ប្រភព​ពី​អ្នកចម្រៀង​រៀមច្បង​ជំនាន់​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ( ១៩៧៩-៨៩ ) គឺ​លោកស្រី ម៉​ម សុខា ប្រគំ​ភ្លេង​ដោយ​ក្រុម​តន្ត្រី វិទ្យុជាតិ​កម្ពុជា ប៉ុន្តែ​ចំពោះ​ទំនុកច្រៀង​ចាស់​នោះ ពេ​ជ្ជ​តា បាន​កែសម្រួល​ជា​ថ្មី​ខ្លះ ដើម្បី​តម្រូវ​តាម​ថត​ភាព​សង្គម​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ប្តូរ​ពី​បទ​ចម្រៀង​បែប​នយោបាយ​មក​ជា​បែប​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​កសិករ​ខ្មែរ​ទូទៅ​វិញ ដោយ​កាល​ណោះ ពេ​ជ្ជ​តា បាន​ប្រើ​ពេល ប្រើ​គំនិត និង​ដាក់​អារម្មណ៍​បញ្ចូល​តួ​ខ្លាំង​ណាស់ ទំ​រាំ​បទ​នេះ​ក្លាយជា​បទ​ចម្រៀង​មាន​អត្ថន័យ​សម​ស្រប និង​កាន់តែ​ពេញ​និយម​សម្រាប់​អ្នក​ស្តាប់​គ្រប់​ស្រទាប់ ។

អ្នក​នាង​បន្ត​ថា មិនតែប៉ុណ្ណោះ នៅ​លើ​ប្រព័ន្ធ យូ​ធូប ឃើញ​មាន​បងប្អូន​យើង​ជា​ច្រើន​មិន​ថា ជាតា​រា ឬ​អ្នក​ធម្មតា រហូត​ដល់​ខ្សែ​រាជវង្ស ក៏​ចាប់អារម្មណ៍​ថត​បទ​ចម្រៀង​នេះ​ឡើង​វិញ​ដែរ ក្នុង​ម្នាក់​យ៉ាង​ហោច​ណាស់​ក៏​ពីរ​ដង អ្នកខ្លះ​យក​ទាំង​ភ្លេង​ដើម​របស់​ពេ​ជ្ជ​តា ទៅ​ច្រៀង​ទៀត​ផង ។

អ្នក​នាង​ថា អ្នក​ដែល​យក​ច្រៀង​តាម ( Cover ) ទាំងនោះ​ក៏​ទទួល​បានការ​សរសើរ​ពី​ហ្វេ​ន​ៗ​របស់​ពួក​គេ​ច្រើន​គួរសម ។ មិន​ចម្លែក​ទេ ព្រោះ​បទ​នេះ​ជា​បទ​ល្បី​ស្រាប់​ហើយ ។ ប៉ុន្តែ​ដែល​ចម្លែក​នៅ​ត្រង់​ថា លើ Subtitle ពេល​បង្ហោះ​របស់​ពួក​គេ ក៏​ដូច​ជា​នៅ​លើ​ខ​មិន​តប​ទៅ​អ្នកគាំទ្រ មិន​ដែល​ឃើញ​អ្នក​ច្រៀង Cover ឬ​ម្ចាស់​ឆា​នែ​ល​យូ​ធូប​ខ្លះ​នោះ ហ៊ាន​ប្រាប់​គេ​ថា បទ​នេះ​យក​តាម​លំនាំ​ពេ​ជ្ជ​តា ឬ​ដាក់ Credit អោយ​ម្ចាស់​សំនៀង​ដើម​ទេ ក្រៅពី​ប្រើ​ពាក្យ​ដដែល​ៗ​ថា មរតក​ដើម ។

អ្នក​នាង​បន្ត​ទៀត​ថា ( បើ​មិន​ស្គាល់​លោកស្រី ម៉​ម សុខា ព្រោះ​គ្មាន​សម្លេង​គាត់​នៅ ក៏​គួរតែ​ស្គាល់​សម្លេង និង​ស្គាល់​មុខ​របស់ ពេ​ជ្ជ​តា ស្គាល់​អា​ខោ​ន​ពេ​ជ្ជ​តា ដែរ ម្តេច​មិន​ឆាត​សួរ ព្រោះថា​ពួក​គេ​ច្រៀង​តាម​នាង​ពេ​ជ្ជ​តា ក្នុង​ផលិតកម្ម​ឆ្លង​ដែន​ទេតើ )​? តើ​មូលហេតុ​អ្វី​ទៅ​ហ្ន៎? ដែល​ពួក​គេ​ចូល​ចិត្ត​ធ្វើ​រំលង​ដដែល​ៗ​បែប​នេះ ? ខ្លាច​ម្ចាស់​ដើម​ល្បី​ជាង ? ខ្លាច​គេ​ថា​ខ្លួន​អន់ ? ចង់​បំបាត់​ឈ្មោះ​ម្ចាស់​ដើម ? ឬ​ចង់អោយ​ជំនាន់​ក្រោយ​ច្រ​លំ ? តើ​វា​ពិបាក​ជាង​ម្ចាស់​ស្នាដៃ​ខ្លាំង​ណាស់​មែន​ទេ? ដែល​គ្រាន់តែ​ដាក់​ឈ្មោះ​អោយ​​គេ ដោយ​មិន​ចំណាយ​លុយ​មួយ​ជ្រុង​សេន​ផង ? ហ៊ឺ​… បើ​មិន​គិតដល់​ផ្លូវច្បាប់ ក៏​គួរតែ​គិត​ពី​ផ្លូវចិត្ត​ម្ចាស់​បទ​ដែរ ។

អ្នក​នាង​បញ្ជាក់​ថា ស្នាដៃ​នីមួយ​ៗ​ឆ្លងកាត់​ការ​លំបាក​ច្រើន​ណាស់​ទំ​រាំ​ចេញ​ជា​ផ្លែផ្កា​មក ម្តេច​ក៏​អ្នក​យក​ស្រាប់​ៗ​សោះ​អត់​ចិត្តថ្លើម​អ្វី​យ៉ាងនេះ​លោក ? បើ​មិនដឹង​ថា​យក​បទ​គេ​មក​ច្រៀង​គួរ​ធ្វើ​អ្វីខ្លះ​ជា​ការ​អរគុណ​ដល់​ម្ចាស់​ដើម អ្នក​គួរ​មើល​រូបថត​គំរូ​របស់ខ្ញុំ​មួយ​ផ្ទាំង​នេះ​ទៅ ។ បើ​មាន​ខ្វះចន្លោះ​ខ្លះ ក៏​ព្រោះ​ខ្វះ​ឯកសារ​តែ​ក៏​មិន​អត់​សោះ​ដែរ មិនមែន​ស្អី​ក៏​មរតក​ដើម​នោះ​ទេ ព្រោះ​អ្នក​ច្រៀង អ្នកភ្លេង​នៅ​រស់​នៅឡើយ ! ។ ខ្ញុំ​ជឿ​ថា អត្ថបទ​នេះ​នឹង​មាន​អ្នក​ខឹង​ខ្ញុំ តែ​ខ្ញុំ​មិន​ខ្វល់ ព្រោះ​ខ្ញុំ​ធ្វើ​នេះ​ក៏​ដើម្បី​ការពារ​តម្លៃ​អោយ​ម្ចាស់​បទ​ដើម​គ្រប់​បទ​មិន​ចំពោះតែ​បទ​របស់ខ្ញុំ​ទេ ។ តែ​ខ្ញុំ​សូម​អរគុណ​បងប្អូន​ទស្សនិកជន ហ្វេ​ន​ៗ​ដែល​យល់ចិត្ត​ខ្ញុំ ដឹង​ថា​ខ្ញុំ​ត្រូវ​គេ​យក​បទ​ទៅ​ច្រៀង​កើប​លុយ ហើយ​មិន​អរគុណ តែ​ខ្លះ​បែរជា​មក​តាម​ខាំ​ញាំញី​កិត្តិយស​ខ្ញុំ​វិញទៀត ដូច្នេះ​ខ​មិន​របស់​អ្នក​ទាំងអស់​គ្នា គឺជា​ថ្នាំ​ដាស់សតិ​ដ៏​ស័ក្តិសិទ្ធិ​ដល់​អ្នកខ្លះ​ដែល​មិន​អោយ​តម្លៃ​ម្ចាស់​ដើម​៕