ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារមូលបត្រកម្ពុជា ជាប្រភពទុនសំខាន់ដល់សហគ្រាសធុនតូច និងមធ្យម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ១៤ ដែលរួមមានក្រុមហ៊ុនចំនួន ៨ បានចុះបញ្ជីជាភាគហ៊ុន និង ៦ ទៀត…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ១៤ ដែលរួមមានក្រុមហ៊ុនចំនួន ៨ បានចុះបញ្ជីជាភាគហ៊ុន និង ៦ ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ។ ក្រុមហ៊ុនទាំង ១៤ នេះ បានប្រមូលទុនពីទីផ្សារមូលបត្រសរុបប្រមាណជាង ២៥៧ លានដុល្លារ ។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ថ្លែងថា ផ្សារមូល បត្របានបោះជំហ៊ានថ្មីមួយទៀតក្នុងការជួយជ្រោមជ្រែង និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្ដល់ឱ្យសហគ្រាសទាំងឡាយនូវច្រកហិរញ្ញប្បទានថ្មីមួយ ដែលជាប្រភពទុនមិនចេះរីងស្ងួតជាមួយនឹងការចំណាយថ្លៃដើមទាប ។ ក្រុមហ៊ុនដែលបានចុះបញ្ជីមិនត្រឹមតែមានលទ្ធភាពទទួលបាននូវប្រភពទុនដែលមិនចេះរីងស្ងួតដែលមានថ្លៃដើមទាប និងជាទុនរយៈពេលវែងប៉ុណ្ណោះទេ តែថែមទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារពីរាជរដ្ឋាភិបាល, បង្កើនកិត្តិនាមខ្លួននៅទីផ្សារជាតិ និងអន្តរជាតិ, ទទួលបានការទុកចិត្តខ្ពស់ពីអតិថិជន, វិនិយោគិន និងសាធារណជន រីឯក្រុមហ៊ុនខ្លះប្រើជាយុទ្ធសាស្ត្រចាកចេញដើម្បីឱ្យភាគហ៊ុនិក មួយចំនួនមានច្រកចេញ ជាមួយនឹងតម្លៃភាគហ៊ុនមួយខ្ពស់តាមស្ថានភាពទីផ្សារ ។ 

ក្នុងពិធី «ចុះបញ្ជីជាផ្លូវការរបស់ក្រុមហ៊ុន DBD Engineering» នៅក្នុងទីផ្សារមូលបត្រកម្ពុជាបន្ថែមមួយទៀត នៅថ្ងៃទី ៦ ខែកញ្ញានេះ ។ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ការឈានជើងចូលទីផ្សារកំណើនរបស់ក្រុមហ៊ុន DBD Engineering Plc. ឆ្លុះបញ្ចាំងពីការគាំទ្រខ្លាំងពីសំណាក់វិនិយោគិនដែលធ្វើបរិវិសកម្មភាគហ៊ុនលើសពីចំនួនភាគហ៊ុនដែលក្រុមហ៊ុនបោះផ្សាយលក់, អាចជាគំរូមួយ និងអាចក្លាយជាកាតាលិករមួយជួយជំរុញទៅដល់សហគ្រាសធុនតូច និងមធ្យមនានាច្រើនទៀតឱ្យពិចារណា និងចេះចាប់យកឱកាសធ្វើពិពិធកម្មប្រភពទុនតាមរយៈផ្សារហ៊ុន ដើម្បីពង្រីក និង ពង្រឹងអាជីវកម្មរបស់ខ្លួន និងដណ្តើមបាននូវភាពប្រកួតប្រជែងនៅក្នុងទីផ្សារជាតិ និ អន្តរជាតិ ។

ក្រុមហ៊ុន ឌីប៊ីឌី ជាក្រុមហ៊ុនពហុមុខងារផ្នែកវិស្វកម្ម និងសំណង់ដំបូងគេបានស្នើសុំធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជានូវមូលបត្រកម្មសិទ្ធិថ្មីចំនួនជាង ៦,៤ លានឯកតាមូលបត្រកម្មសិទ្ធិ ដែលបានកៀរគរទុនប្រមាណជាង ១៥ ពាន់លានរៀល ឬប្រមាណ ៣,៧៧ លានដុល្លារអាមេរិក ដែលនឹងត្រូវចុះបញ្ជីលក់ជាផ្លូវការ» ។

លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ទីផ្សារមូលបត្រកម្ពុជាកំពុងតែមានការរីកចម្រើនច្រើនជាមួយនឹងកំណើននៃក្រុមហ៊ុនបោះផ្សាយមូលបត្រ និងបានឆ្លុះបញ្ជាំងថា ទំាងក្រុមហ៊ន និងវិនិយោគិនសាធារណៈបាន និងកំពុងផ្តល់ទំនុកចិត្តដល់ទីផ្សារមួយនេះ ដែលទីផ្សារមូលបត្រនេះ បានក្លាយជាច្រកមួយសម្រាប់ធ្វើការពិពិធកម្មហិរញ្ញប្បទានដល់ក្រុមហ៊ុន និងជាឱកាសវិនិយោគសម្រាប់វិនិយោគិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ