ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះកូវីដ ១៩ កម្ពុជាបើកទ្វារស្វាគមន៍ប្រតិភូទេសចរណ៍អាស៊ានដើមឆ្នាំក្រោយនៅឆ្នេរព្រះសីហនុ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ ២០២២ (ASEAN Tourism Forum 2022) ឬហៅកាត់ថា…

រាជធានីភ្នំពេញ ៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ ២០២២ (ASEAN Tourism Forum 2022) ឬហៅកាត់ថា ATF 2022 នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន ៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានកំពុងពិនិត្យមើលទីតំាងភូមិសាស្រ្តនៅក្នុងខេត្តព្រះសីហនុដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់នេះ ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាននេះនឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងសិក្ខាសាលានានាជាច្រើន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX»។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ ( Buyers) ជាច្រើន ។

ទោះយ៉ាងណាដោយសារស្ថិតនៅក្នុងការប្រុងប្រយ័ត្នលើបញ្ហាកូវីដ ១៩ នៅឡើយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនអាចធ្វើធំដូចមុនៗបានទេ ចាំបាច់ត្រូវជំរុញការអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាលឱ្យបានហ្មត់ចត់ ស្របតាមគន្លងប្រក្រតីភាពថ្មី ។ លោកថា «យើងនឹងពិចារណាកាត់បន្ថយទំហំទាំងការប្រជុំនានា ពិព័រណ៍ អ្នកសារព័ត៌មានផងដែរ ។ ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ទាំងអ្នកចូលរួម ទាំងម្ចាស់ផ្ទះត្រូវតែធានាបាននូវសុវត្ថិភាពសុខាភិបាល ដោយត្រូវចេះអនុវត្តនតាមគន្លងប្រក្រតីភាពថ្មី ។ ការស្នាក់នៅ ហូបចុក និងគ្រប់សកម្មភាពនៃព្រិត្តិការណ៍ ត្រូវរៀបចំយ៉ាងសាមញ្ញ ក្រៅអគារ (outdoors) ក្នុងបរិវេណតែមួយ ដែលមានពហុសេវាគ្រប់គ្រាន់ ងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យវិធានសុខាភិបាលដោយហ្មត់ចត់» ។ 

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅក្រុងព្រះសីហនុបានល្អប្រសើររួចរាល់ហើយ ការគ្រប់គ្រង ឆ្នេរសមុទ្រ ក៏បានល្អ ។ រីឯសម្បទាទេសចរណ៍ក៏មានគ្រប់គ្រាន់ ដែលអាចរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិ (Travex) ខ្នាតតូចល្មមបាន ។ ម្យ៉ាងវិញទៀត ក្រុងព្រះសីហនុអាចនឹងបញ្ចប់ការវ៉ាក់សាំងជូនប្រជាពលរដ្ឋ (រួមទាំងអ្នកផ្តល់សេវាទេសចរណ៍) ក្នុងពេលខាងមុខ ដែលអាចនឹងផ្ដល់នូវសុវត្ថិភាពដល់អ្នកចូលរួមបាន ហើយអាចរៀបចំជាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់គោលដៅទេសចរណ៍តាមកោះបាន ពិសេសក្រុងព្រះសីហនុ ក៏មានព្រលានយន្តហោះអន្តរជាតិ ដែលអាចនឹងមានការហោះហើរត្រង់ឡើងវិញបានផងដែរ ។

កម្ពុជាត្រូវទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ តែដោយសារវិបត្តិជំងឺកូវីដ-១៩ វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២១ (ATF 2021) បានលើកពេលមករៀបចំនៅដើមឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានឯកភាពឲ្យក្រសួងទេសចរណ៍សហការជាមួយអន្តរក្រសួង-ស្ថាប័ន រួមគ្នារៀបចំព្រឹត្តិការណ៍នេះនៅព្រះសីហនុ តំបន់ឆ្នេរល្អឯករបស់កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ