ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាថ្លៃមិនប្រាកដថា ផលិតបាននិស្សិតល្អឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖  មហាវិទ្យាល័យដែលមានតម្លៃសិក្សាខ្ពស់ ទើបជាមហាវិទ្យាល័យល្អ បង្រៀននិស្សិតមានគុណភាព ចំណែកមហាវិទ្យាល័យដែលមានតម្លៃសិក្សាទាបមិនល្អនោះឡើយ ។ ទំាងនេះជាសំណួរ និងបានក្លាយជាបញ្ហាផងដែលនៅក្នុងការសម្រេចចិត្តជ្រើសរើសសាលារៀនរបស់និស្សិត ។…

រាជធានីភ្នំពេញ ៖  មហាវិទ្យាល័យដែលមានតម្លៃសិក្សាខ្ពស់ ទើបជាមហាវិទ្យាល័យល្អ បង្រៀននិស្សិតមានគុណភាព ចំណែកមហាវិទ្យាល័យដែលមានតម្លៃសិក្សាទាបមិនល្អនោះឡើយ ។ ទំាងនេះជាសំណួរ និងបានក្លាយជាបញ្ហាផងដែលនៅក្នុងការសម្រេចចិត្តជ្រើសរើសសាលារៀនរបស់និស្សិត ។ តែនិស្សិតមួយចំនួនដែលបានជ្រើសរើសមហាវិទ្យាល័យសិក្សាទៅហើយ និងខ្លះត្រៀមចេញទៅកាន់ទៅផ្សារការងារនោះបានយល់ឃើញផ្សេងៗគ្នាពីរឿងនេះ ។

កំពុងសិក្សាឆ្នាំទីបួន នៅក្នុងសាកលវិទ្យាល័យមួយ កញ្ញា តារា រស្មី​ យល់ថា សាលាទាំងអស់សុទ្ធសឹងតែល្អដូចគ្នា មិនថា ជាសាលាឯកជន សាលារដ្ឋ ឬសាលាថ្លៃ​ និងសាលាមិនថ្លៃនោះឡើយ ពោលគឺសាស្រ្តាចារ្យមានជំនាញច្បាស់លាស់ និងយកចិត្តទុកដាក់ក្នុងការបង្រៀនដើម្បីឲ្យសិស្សទទួលបានចំណេះជំនាញដូចៗគ្នា ។ និស្សិតរូបនេះបន្តថា អ្វីដែលសំខាន់គឺអាស្រ័យលើនិស្សិតខ្លួនឯងផ្ទាល់ ប្រសិនបើខិតខំយកចិត្តទុកដាក់ខ្ពស់ និងព្យាយាមធ្វើកិច្ចការសាលា ក៏ដូចជាស្រាវជ្រាវបានច្រើន ហើយថែមទាំងរៀនជំនាញដែលខ្លួនស្រឡាញ់ពិតប្រាកដទៀតនោះ  នឹងទទួលបានលទ្ធផលល្អ តែបើមិនមានការខិតខំទេ ទោះសាលាថ្លៃយ៉ាងណាក៏ពួកគាត់នៅតែរៀនមិនចេះដែរ ។

ស្រដៀងគ្នានេះដែរ និស្សិត សាក់ ចិត្រា ដែលនឹងបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យក្នុងពេលឆាប់ៗខាងមុខនេះ បានទទួលស្គាល់ថា សាលាដែលមានតម្លៃថ្លៃ​ គឺមានស្តង់ដារអប់រំខ្ពស់ជាងសាលាដែលមានតម្លៃសិក្សាទាប ។ សាលាថ្លៃមាន សាស្ត្រាចារ្យល្អៗ បំពាក់ដោយសម្ភារសិក្សាទំនើប ចំណែកកម្មវិធីសិក្សាមានជាភាសាជាតិ និងបរទេស ប៉ុន្តែមិនប្រាកដថា និស្សិតសុទ្ធតែអាចរៀនចេះទាំងអស់នោះទេ ។ លោកបន្ថែមថា «ការសិក្សានៅមហាវិទ្យាល័យនិស្សិតអាចជោគជ័យទៅបាន គឺអាស្រ័យទៅលើសាលាផង និងនិស្សិតខ្លួនឯងផង វាមិនអាចអាស្រ័យតែម្ខាងៗទេ» ។

ក្រៅពីនិស្សិតពីររូបខាងលើ នៅមាននិស្សិតមួយរូបទៀត ដែលកំពុងឈានជើងចូលឆ្នាំទីបួន  នៃសាកលវិទ្យាល័យមួយបានយល់ស្រដៀងគ្នាដែរថា វាមិនអាស្រ័យតែទៅសាលាមួយផ្នែកទេ គឺទាមទារឱ្យនិស្សិតមានការខិតខំខ្ពស់ ជាពិសេសនោះ គឺឱ្យត្រូវទៅនឹងជំនាញរបស់ខ្លួន ហើយចំពោះឧបករណ៍ ក៏ដូចជាសម្ភារៈប្រើប្រាស់ក្នុងសាលាវិញ វាមិនមែនជាបញ្ហាចោទនោះទេ ។ និស្សិតរូបនេះនិយាយថា «គួរតែជ្រើសររើសសាលាណាដែលស័ក្តិសមនឹងជំនាញរបស់ខ្លួន ទើបរៀនឆាប់ចេះ ហើយមួយវិញទៀត នៅពេលទៅធ្វើការ គេមិនមើលតែសញ្ញាប័ត្រដែលចេញពីសាលាថ្លៃ ឬមិនថ្លៃទេ គឺគេ ផ្តោតលើសមត្ថភាពយើងជាកត្តាចម្បង» ។

សូមជម្រាបថា សាលារដ្ឋ ឬឯកជន សាលាដែលមានតម្លៃសិក្សាខ្ពស់ ឬទាប ស្ថិតនៅក្រោមការគ្រប់គ្រងក្រសួងអប់រំ យុវជននិងកីឡាករ ដែលជាអាណាព្យាបាលនៅក្នុងការត្រួតពិនិត្យគុណភាព និងកម្មវិធីសិក្សាដូចៗគ្នា ក្នុងនោះក៏មានគណៈកម្មការទទួលស្គាល់គុណភាពអប់រំផងដែរ ​។ ជាការកត់សម្គាល់មានការមើលឃើញថា ការប្រឈមរបស់យុវជន គឺជំនាញសិក្សានៅតាមសាលាហាក់មិនទាន់សមស្របតម្រូវការទីផ្សារការងារជាក់ស្តែង ដែលចំណុចនេះមុនជ្រើសរើសសាលាសិក្សានិស្សិតគួរពិនិត្យឲ្យបានច្បាស់ដែរ ៕ ដោយ ៖ លាក់ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ