ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែក តុលាការ​កំពូល ​បើក​សវនាការ​ជំនុំជម្រះលើបណ្តឹងសាទុក្ខ ឡាយ វណ្ណៈ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើសិន​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ ស្អែក​នេះ តុលាការ​កំពូល គ្រោង​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​ប្តឹង​សាទុក្ខ របស់​ជនជាប់ចោទ…

រាជធានី​ភ្នំពេញ ៖ បើសិន​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ ស្អែក​នេះ តុលាការ​កំពូល គ្រោង​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​ប្តឹង​សាទុក្ខ របស់​ជនជាប់ចោទ ឡាយ វណ្ណៈ អតីត​ចៅហ្វាយ​ខេត្តតាកែវ និង​ជនជាប់ចោទ ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​ខេត្តតាកែវ នេះ​បើ​យោង​តាម​កម្មវិធី​ជំនុំជម្រះ​ព្រហ្មទណ្ឌ​របស់​តុលាការ​កំពូល ។

ជនជាប់ចោទ ១. ឡាយ វណ្ណៈ មាន​មេធាវី លោកស្រី សេង វួ​ច​ហ៊ុន ។ ២. ឡាយ ណា​រិ​ទ្ធ មាន​មេធាវី លោក នី ចាន់​ឌី លោកស្រី ដា​នី ច័​ន្ទ្រ​រស្មី​ឈូករ័ត្ន និង​លោក អ៊​ន ហ៊ឹង ។ ៣. ជី​ម វុ​ធ ហៅ ថូ​ត មាន​មេធាវី លោកស្រី ស៊ូ សោភា លោក សេក សុ​វ​ណ្ណា លោក សារី បុត្រ​ចរិយា ។ ៤. ម៉េ​ន សា​ម៉ៃ មាន​មេធាវី លោកស្រី ស៊ូ សោភា លោក សេក សុ​វ​ណ្ណា លោក សារី បុត្រ​ចរិយា ។

សវនាការ​លើ​បណ្តឹងសាទុក្ខ​នេះ​ ដឹកនាំ​ដោយ​លោក និល ណុ​ន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​លោក ឌុ​ច គឹ​ម​សន ជា​អគ្គ​ព្រះរាជអាជ្ញា បន្ទាប់​ពី​ជន​ត្រូវ​ចោទ មិន​សុខចិត្ត​ទទួលយក​ការ​សុំ​ម្រេច​របស់​លោក យន់ ណា​រ៉ុ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាឧទ្ធរណ៍ ដែល​បាន​សម្រេច​ធ្វើការ​ប្រកាស​សា​ដីកា តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល ។

គួរ​រម្លឹក​ឡើង​ថា តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែល​បច្ចុប្បន្ន​កំពុង​អនុវត្ត​ទោស នៅ​ក្នុង​ពន្ធនាគារ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី លើ​បណ្តឹងសាទុក្ខ​របស់​ជនជាប់ចោទ ។ ប៉ុន្តែ​អង្គ​សវនាការ​នេះ ត្រូវ​បាន​ប្រកាស​លើក​ពេល​វិញ ដោយសារ​មូលហេតុ​ជនជាប់ចោទ​មាន​សុខភាព​មិនល្អ ចំណែក​បងប្រុស​ឈ្មោះ ឡាយ ណា​រិ​ទ្ធ បាន​មក​ចូលរួម​សវនាការ​តាម​ការ​កំណត់ ប៉ុន្តែ​ក៏​ត្រូវ​បាន​ក្រុម​អនុរក្ស​ពន្ធនាគារ​ដឹក​យក​ទៅ​ឃុំខ្លួន​វិញ​ដែរ ។

សូម​បញ្ជាក់​ថា សំណុំរឿង​ជនជាប់ចោទ​២​នាក់​បងប្អូន ឡាយ វណ្ណៈ និង​ឡាយ ណា​រិ​ទ្ធ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ស្ត្រី​មេម៉ាយ​កូន​៣​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវ​បាន​លោក ហម ម៉េ​ង​សែ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំ ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ត​ទ​ន្ទា​ទោស​លើ​ឈ្មោះ ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​អភិបាល​ខេត្តតាកែវ ដាក់​ពន្ធនាគារ​កំណត់​រយៈ ពេល​១៣​ឆ្នាំ ពី​បទ​.​ឃាតកម្ម តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ។

សាលក្រម​ក៏​បាន​សម្រេច​ផ្តន្ទាទោស​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អតីត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ និង​ជា​បងប្រុស​បង្កើត​របស់ ឡាយ វណ្ណៈ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១០​ឆ្នាំ ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ។​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ អ្នកបើកបរ​រថយន្ត​ឲ្យ ឡាយ វណ្ណ​: ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ និង​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​ស្ត្រី ចេ​វ សុ​វ​ឌ្ឍ​នា ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២​ឆ្នាំ ។

ទាំង​២​នាក់​នេះ ត្រូវ​បាន​ចោទ​ពី​បទ​លាក់បាំង​តម្រុយ​ក្នុង​អំពើ​ឃាតកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ លើ​ជន​រង​គ្រោះ​ឈ្មោះ ចេ​វ​សុ​វ​ឌ្ឍ​នា ដែល​ជា​ស្រី​កំណាន់​របស់ ឡាយ វណ្ណៈ យោង​តាម​មាត្រា​៥៣២​នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ពី​ការ​ប្រកាស​សាល ក្រម​នេះ​ភ្លាម ជនជាប់ចោទ ឡាយ វណ្ណៈ និង​បងប្រុស ឡាយ ណា​រិ​ទ្ធ បាន​បញ្ចេញ​ប្រតិកម្ម​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ថា​មិន​មាន​ភាព​យុត្តិធម៌ ហើយ​ជនជាប់ចោទ​ទាំង​២​នាក់​បងប្អូន បាន​ប្រកាស​ប្តឺ​ង​ទៅ​សាលាឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។ ទាំង ឡាយ វណ្ណៈ និង ឡាយ ណា​រិ​ទ្ធ ធ្លាប់​បាន​បដិសេធ​ថា ទាំង​២​នាក់​បងប្អូន​មិន​បាន​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទេ ហើយ​បើ​មាន​ពាក់ព័ន្ធ​មែន​នោះ សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​បរាមុខ​ឲ្យ​ស្លាប់​តៃហោង​ទាំង​ប្រពន្ធ​កូន និង​ធ្លាក់​នរក​៩​ជាន់​កុំ​ចាប់ជាតិ​ចុះ ។

ក្រោយមក សំណុំរឿង​នេះ​សាលាឧទ្ធរណ៍​បាន​លើកយក​មក​បើក​សវនាការ​តាម​បណ្តឹងរបស់​ជនជាប់ចោទ និង​បាន​ប្រកាស​សាលដីកា នៅ​រក្សា​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល ។​ ដោយឡែក ជនជាប់ចោទ​ជា​អ្នកបម្រើ​និង​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ពេល​អនុវត្ត​ទោស​គ្រប់​តាម​ការ​កំណត់ ។ ចំណែក​ជនជាប់ចោទ​ទាំង​២​នាក់​បងប្អូន នៅ​ពេល​ដឹង​ថា​សាលាឧទ្ធរណ៍ នៅ​តែ​រក្សា​និង​តម្កល់​ទុក​សាលក្រម​របស់​សាលាដំបូង​នោះ ក៏​កើត​ទុក​មិន​សុខចិត្ត និង​បាន​ពឹងពាក់​មេធាវី​ការពារ​ផ្លូវច្បាប់​ប្តឹង​សា​ទុក​ទៅ​តុលាការ​កំពូល ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឡើង​វិញទៀត ។

ហេតុនេះ​ហើយ ទើប​បានជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ តុលាការ​កំពូល​លើកយក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ប៉ុន្តែ​ដោយ​ជនជាប់ចោទ ឡាយ វណ្ណៈ មាន​បញ្ហា​សុខភាព សវនាការ​នោះ​ក៏​ត្រូវ​បាន​ប្រកាស​លើក​ពេល​វិញ ។

មហាជន​នៅ​រង់ចាំ​អ៊ុត​មើល​អាប៉ោង ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស​តើ​វាសនា​ទៅ​ជា​យ៉ាងណា ? ៕

អត្ថបទសរសេរ ដោយ