ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្មស្នាក់នៅមានដង្ហើម បើបុណ្យសមុទ្ររៀបចំឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុគ្គលិកបម្រើការនៅផ្ទះសំណាក់មួយ ក្នុងខេត្តព្រះសីហនុ និយាយថា ចាប់តាំងពីមានជំងឺកូវីដ ១៩ មកផ្ទះសំណាក់ដែលលោកធ្វើការ បានផ្អាកមួយរយៈ ដោយសារតែមិនមានភ្ញៀវស្នាក់នៅ…

រាជធានីភ្នំពេញ ៖ បុគ្គលិកបម្រើការនៅផ្ទះសំណាក់មួយ ក្នុងខេត្តព្រះសីហនុ និយាយថា ចាប់តាំងពីមានជំងឺកូវីដ ១៩ មកផ្ទះសំណាក់ដែលលោកធ្វើការ បានផ្អាកមួយរយៈ ដោយសារតែមិនមានភ្ញៀវស្នាក់នៅ ធ្វើឲ្យបុគ្គលិកមួយចំនួនបាត់បង់ការងារ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ផ្តើមមានភ្ញៀវកក់បន្ទប់ឡើងវិញ ពិសេសសម្រាប់ឱកាសបុណ្យសមុទ្រនៅចុងឆ្នាំ ។ ការត្រៀមស្វាគមន៍ភ្ញៀវនៅពេលបុណ្យសមុទ្រថៅកែផ្ទះសំណាក់ ក៏បានហៅបុគ្គលិកឲ្យចូលធ្វើការវិញ ។ 

បុគ្គលិករូបនោះនិយាយថា ផ្ទះសំណាក់របស់លោកធ្វើការបច្ចុប្បន្ននេះ មានភ្ញៀវស្នាក់នៅពី ៤ ទៅ ៥ បន្ទប់ប៉ុណ្ណោះក្នុងមួយយប់ គ្រាន់តែផ្តល់ចំណូលឲ្យថៅកែបង់ថ្លៃភ្លើង ទឹក ប៉ុណ្ណោះ ។ លោកថា បើសិនជាបុណ្យសមុទ្រ ត្រូវចំធ្វើមែន ខេត្តព្រះសីហនុនឹងមានភ្ញៀវទេសចរឡើងវិញ ហើយសេវាកម្មស្នាក់នៅនឹងរស់ឡើងវិញដែរ ។

 «យើងក៏សប្បាយចិត្តនៅពេលឭថា រដ្ឋាភិបាលគ្រោងនឹងរៀបចំពិធីបុណ្យសមុទ្រនៅក្នុងខេត្តព្រះសីហនុនៅចុងឆ្នាំនេះ ។ យើងត្រៀមខ្លួនក្នុងការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត និងសម្រាកនៅក្នុងខេត្តព្រះសីហនុ ខណៈផ្លូវក៏ស្អាត អាជ្ញាធរខេត្តក៏រៀបចំហេដ្ឋារចនាសម្ព័ន្ធបានស្អាតល្អជាងមុខប្លែកភ្នែក» អ្នកបម្រើការងារសេវាស្នាក់នៅខាងបានបញ្ជាក់ ។

រដ្ឋាភិបាលសម្រេចផ្អាករៀបចំបុណ្យសមុទ្រកាលពី ២០២០ ដោយសារស្ថានភាពជំងឺកូវីដ ១៩ ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី ៦ សីហាមកនេះបានចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រឡើងវិញនៅចុងឆ្នាំ ២០២១ នេះ ។  លោកបានលើកឡើងថា ពិធីបុណ្យសមុទ្រ នឹងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា និងកម្សាន្តនៅក្នុងខេត្តនេះកាន់តែច្រើនឡើងវិញដោយរដ្ឋបាលខេត្តកំពុងតែរៀបចំទីតាំងសម្រាប់រៀបចំពីធី និងបានកែលម្អសោភ័ណភាពបន្ថែមទៀត ។ 

ចុងសប្ដាហ៍ទីបួននៃខែកក្កដាកន្លងមកនេះ មានភ្ញៀវទេសចរចំនួន ៧ ៩៤១ នាក់បានទៅកម្សាន្តខេត្តព្រះសីហនុ ក្នុងចំណោមអ្នកដើរលេងក្នុងស្រុកជិត ៧ ម៉ឺននាក់ ដែលបានដើរកម្សាន្តនៅភ្នំពេញ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកែប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ