ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រក្សាសីល​គឺជា​អភ័យ​ទាន​ដ៏​ប្រពៃ

2 ឆ្នាំ មុន

កាលបើ​បុគ្គល​បាន​លះបង់​នូវ​អំពើ​បាប​ទាំងពួង ដោយ​ការ​រក្សា​នូវ​សីល​ជាដើម នោះ​ឈ្មោះ​ថា បាន​បំពេញ​នូវ​អំពើ​ជា​កុសល ដែល​ព្រះពុទ្ធ​ទ្រង់​ត្រាស់​សរសើរ​ថា ជា​អភ័យ​ទាន គឺ​ការ​ផ្ដល់​នូវ​សេចក្ដីសុខ​ដល់​ជន​ដទៃ ផ្ដល់​នូវ​សេចក្ដី​អាណិត​មេត្តា​ដល់​មនុស្ស​សត្វ​ផង​គ្នា​ដ៏​ប្រពៃ ។ ពុទ្ធបរិស័ទ…

កាលបើ​បុគ្គល​បាន​លះបង់​នូវ​អំពើ​បាប​ទាំងពួង ដោយ​ការ​រក្សា​នូវ​សីល​ជាដើម នោះ​ឈ្មោះ​ថា បាន​បំពេញ​នូវ​អំពើ​ជា​កុសល ដែល​ព្រះពុទ្ធ​ទ្រង់​ត្រាស់​សរសើរ​ថា ជា​អភ័យ​ទាន គឺ​ការ​ផ្ដល់​នូវ​សេចក្ដីសុខ​ដល់​ជន​ដទៃ ផ្ដល់​នូវ​សេចក្ដី​អាណិត​មេត្តា​ដល់​មនុស្ស​សត្វ​ផង​គ្នា​ដ៏​ប្រពៃ ។

ពុទ្ធបរិស័ទ ឬ​ពុទ្ធ​មា​មិ​ក​ជន ជា​អ្នក​ដល់​នូវ​ត្រៃសរណគមន៍ ពោល​គឺ​ការ​យក​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទីរឭក ដោយ​ព្យាយាម​បណ្ដុះ​នូវ​គុណសម្បត្តិ សីលធម៌ នៅ​ក្នុង​ខ្លួន​ផ្ទាល់​៖ «​ការ​សមាទានសីល ឬ​ក៏​ការ​ប្រកាស​ខ្លួន​ដើម្បី​បាន​ដល់​ព្រះសម្មាសម្ពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាស​រណៈ​នេះ មិនមែន​ចាំបាច់​ទាល់តែ​ថា យើង​ទៅ​វត្ត ឬ​សមាទាន​ពី​សំណាក់​បុគ្គល​ណា​នោះ​ទេ ។

បើសិនជា​យើង​បាន​យល់​ដឹង​អំពី​គុណ​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះធម៌ ព្រះសង្ឃ យល់​ពី​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ យើង​នៅ​ទីណា​កន្លែង​ណា​ក៏​យើង​អាច​តាំងចិត្ត​ដើម្បី​ដល់​ព្រះសម្មាសម្ពុទ្ធ​ជាស​រណៈ​បាន​ដែរ ។ គ្រាន់តែ​ថាបើ​យើង​អាច​មានឱកាស​បាន​ទៅ​កាន់​ទី​វត្ត​អារាម ឬ​ក៏​យើង​សមាទាន​នូវ​កុសលធម៌ ឬ​ការ​ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាស​រណៈ​ពី​ព្រះសង្ឃ ឬ​ពី​គ្រហស្ថ​ក៏​ដោយ ឬ​ក៏​ជា​អ្នក​ដែល​មាន​សីល​ប្រសើរ​ខ្ពង់ខ្ពស់ ដែល​យើង​គិត​ថា គួរ​បាន​នូវ​ការ​សមាទាន​នូវ​សេចក្ដី​ល្អ​ពី​គាត់ ក៏​យើង​អាច​សុំ​សមាទាន​បាន​ដែរ ។

ការ​សំអាតចិត្ត​ឱ្យ​ស្អាត​បរិសុទ្ធ​ជា​កត្តា​សំខាន់​ណាស់​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ គឺ​គាថា​បទ​ទី​៣ ស​ចិត្ត​បរិ​យោ​ទ​ប​នំ ។ បុគ្គល​ម្នាក់​អាច​មានការ​យល់​ដឹង​យ៉ាង​ច្បាស់​ថា អាត្មាអញ​តោង​ធ្វើ​តែ​អំពើ​ល្អ ហើយ​ត្រូវ​ចៀសវាង​កុំ​ធ្វើអំពើ​បាប ដែល​នឹង​នាំ​ឱ្យ​មានទុក្ខ​ទោស​ដល់​ខ្លួនឯង និង​អ្នក​ដទៃ ។

ប៉ុន្តែ​ជា​ញឹកញយ​ណាស់ ខណៈ​ដែល​ចិត្ត​ពាល់ត្រូវ​ដោយ​គ្រឿង​សៅហ្មង​ផ្សេង​ៗ មាន​លោភៈ គឺ​ក្តី​លោភលន់ ឬ​ទោសៈ កំហឹង​និង​ការ​ស្អប់ខ្ពើម​ជាដើម បុគ្គល​នោះ​រមែង​ត្រូវ​គ្រប​សង្កត់ជាប់​ដោយ​មោហៈ គឺ​ក្តី​ភ័ន្ត​ភាំង​មិនដឹង​ការ​ពិត វង្វេង​មិន​ស្គាល់​ខុស​ត្រូវ ហើយ​ក៏​ប្រព្រឹត្ត​នូវ​អំពើ​ជា​អកុសល​ទាំងពួង​បាន​ដោយ​ងាយ ព្រោះ​អកុសល​ទាំង​បី​គឺ លោភៈ ទោសៈ មោហៈ​ជា​ប្រភព​នាំ​ឱ្យ​បាត់បង់​បញ្ញា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ