ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡាយបឹងទំពន់ត្រូវបានស្តាររួចរាល់ ដែលមានសំរាម និងស្មៅជាង២៥០០ឡាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ស្តារ​ប្រឡាយ​បឹង​ទំពន់​ដែល​មាន​ប្រវែង​ជិត​៤​គីឡូម៉ែត្រ ដើម្បី​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខណ្ឌ​ចំនួន​៥ នៃ​រាជធានី​ភ្នំពេញ ពេល​នេះ​បាន​ឈាន​មក​ដល់ទី​បញ្ចប់​១០០ ភាគរយ​ហើយ បន្ទាប់​ពី​ក្រុមការងារ​បាន​ធ្វើ​សកម្មភាព​ស្តារ​អស់​រយៈ​៤​ខែ​រួច​មក ដោយ​ស្តារ​សំរាម និង​ស្មៅ​បណ្តែត​ទឹក…

រាជធានី​ភ្នំពេញ ៖ ការ​ស្តារ​ប្រឡាយ​បឹង​ទំពន់​ដែល​មាន​ប្រវែង​ជិត​៤​គីឡូម៉ែត្រ ដើម្បី​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខណ្ឌ​ចំនួន​៥ នៃ​រាជធានី​ភ្នំពេញ ពេល​នេះ​បាន​ឈាន​មក​ដល់ទី​បញ្ចប់​១០០ ភាគរយ​ហើយ បន្ទាប់​ពី​ក្រុមការងារ​បាន​ធ្វើ​សកម្មភាព​ស្តារ​អស់​រយៈ​៤​ខែ​រួច​មក ដោយ​ស្តារ​សំរាម និង​ស្មៅ​បណ្តែត​ទឹក បាន​ជាង​២៥០០​ឡាន ស្មើ​និង​ជាង​១​ម៉ឺន​២​ពាន់​ម៉ែត្រគូប ។

លោក​ដួង ចាន់​សា​រ៉ាត់ ប្រធាន​អង្គភាព​លូ​ទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ​ថា ដោយ​មានការ​យកចិត្ត​ទុក្ខ​ដាក់ និង​ការ​ចង្អុល​ណែនាំ​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ដោះស្រាយ​ការ​ស្តារ​ប្រព័ន្ធ​បង្ហូរទឹក ជា​ពិសេស​ប្រឡាយ​មេ នៅ​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដែល​មាន​អង្គភាព​លូ​ទឹក បូមទឹក និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ បាន​ធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​បឹង​ទំពន់ បញ្ចប់​១០០​ភាគរយ​ហើយ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ស្តារ​អស់​រយៈពេល​៤​ខែ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ ។

លោក​បាន​បន្ត​ទៀត​ថា ប្រឡាយ​បឹង​ទំពន់​នេះ​មាន​ប្រវែង​៣៧១០​ម៉ែត្រ​ទទឹង​៣០​ម៉ែត្រ​ពី​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ដល់​ស្ថានីយ​បឹង​ទំពន់​ផ្លូវ​៣៧១ ។ ដោយ​ចាប់ផ្តើម​ស្តារ កាលពី​ថ្ងៃ​ទី​០៥ ខែមេសា ហើយ​បាន​បញ្ចប់​ជា​ស្ថាពរ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​ដោយ​ស្តារ​សំរាម និង​ស្មៅ​បណ្តែត​ទឹកបាន​២៥១០​ឡាន​ស្មើ ១២០៥០​ម៉ែត្រគូប ។

ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំដោះ​ទឹក​ពី​ប្រឡាយ​ដើម​ស្លែង​ប្រឡាយ​បារាំង ពិសេស​រំដោះ​ទឹក​ពី​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​១​ផ្នែក​ខ្លះ​ក្នុង​ខណ្ឌ​ចំការ មន និង​ខណ្ឌ​៧​មក​រា ។

លោក ដួង ចាន់​សា​រ៉ាត់ បាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ទីតាំង​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​កំណត់​កុំ​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយ​ទឹក​នាំ​ឱ្យ​បិទ​បាំង​ផ្លូវទឹក​មិន​អាច​ហូរ​ដល់​ស្ថានីយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ