រាជធានីភ្នំពេញ ៖ តារាសម្តែងសម្បុរស្រអែមស្រស់នាង គង់ វិច្ឆិកា បានវិលមកចាប់ការងារសិល្បៈពេញដៃឡើងវិញ បន្ទាប់ពីមួយរយៈចុងក្រោយនេះបានជាប់ដៃនូវការងាររកស៊ី។ យ៉ាងណា ក្នុងវិបត្តិកូវីដ នាពេលនេះមុខរកស៊ីបើកភោជនីយដ្ឋានហាក់មិនសូវកាក់កបនោះទេ ទើបតារារូបនេះក៏បានសម្លឹងមើលការសម្តែងឡើងវិញ ត្បិតការងារនេះគឺជាការស្នូលដែលនាងមិនមានបំណងបោះបង់ចោលឡើយ។

គង់ វិច្ឆិកា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា មួយរយៈចុងក្រោយនេះ ពោលគឺចាប់តាំងពីចុងឆ្នាំ២០១៩មក នាងបានរយាលច្រើនពីការងារសិល្បៈ។ នាងបញ្ជាក់ថា មូលហេតុដែលឃ្លាតពីការងារសិល្បៈនោះ គឺនាងមានមុខរបរដោយបើកហាងរកស៊ីដែលមានឈ្មោះថា «អាហារដ្ឋានមាតុភូមិ»។ នាងថា ដោយសារជាប់ដៃរកស៊ីនេះហើយ ទើបនាងសម្រេចមិនសូវទទួកយកការងារថតដូចជាពេលមុននោះឡើយ។

ទោះជាយ៉ាងណា បើតាម គង់ វិច្ឆិកា ថា មួយរយៈចុងក្រោយនេះ ដោយសារតែប្រទេសកម្ពុជាបានពើបប្រទះនូវវិបត្តិកូវីដ១៩ នោះ ធ្វើអោយហាងរបស់នាង ក៏ដូចជាភោជនីយដ្ឋានជាច្រើនទៀតសម្រេចបិទទ្វារ និងសូវលក់ដាច់ដូចមុននោះឡើយ ទើបនាងវិលមករកការសម្តែងជាថ្មីឡើងវិញ។
នាងបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ នាងបានទទួលថតកាយវិការក្នុងបទចម្រៀង និងថតច្រៀងដាក់តាមយូធូបប៉ុណ្ណោះ ខណៈការថតភាពយន្តនោះ គឺនាងមិនទាន់មាននៅឡើយទេ។ នាងថា ដោយសារមួយរយៈមុន នាងបានបាត់មុខ ហេតុនេះការងារសិល្បៈដែលទើបផ្តើមឡើងវិញនេះ ហាក់មិនសូវមានច្រើន ណាមួយវាចំពេលនៃវិបត្តិកូវីដផងនោះ។

នាងបញ្ជាក់បន្តទៀតថា កូវីដបានធ្វើអោយរូបនាង និងអ្នកសិល្បៈជាច្រើននាក់ទៀត បាត់បង់ការងារ និងប៉ះពាល់ការរកប្រាក់ចំណូលយ៉ាងខ្លាំង។
ទោះជាយ៉ាងណា ក្នុងពេលបច្ចុប្បន្ននេះ គង់ វិច្ឆិកា បានប្រកាសថា នាងនឹងចាប់ការងារសិល្បៈនេះអោយណែនពេញដៃឡើងវិញ។ ដោយឡែកពាក់ព័ន្ធទៅនឹងអនាគតគូស្រករនោះ គង់ វិច្ឆិកា អះអាងថា រហូតមកដល់ពេលនេះ នាងនៅមិនទាន់មានម្ចាស់ចិត្តទេ ពោលគឺនាងនៅមិនទាន់រកឃើញបុរសណាដែលត្រូវចិត្តនាងនៅឡើយ៕









 
                        
			         
				
ចែករំលែកព័តមាននេះ