ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅភ្នំពេញមានអ្នកជំងឺប្រមាណជាង២ពាន់​នាក់ កំពុងសម្រាកព្យាបាលតាមផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​ដៃ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា​ថា ក្រោយ​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ក្រុមការងារ​របស់​ក្រុម​គ្រូពេទ្យ សហការ​ជាមួយ​អ​ជ្ញា​ធរ​មូលដ្ឋាន​បាន​អនុញ្ញាត និង​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​ដៃ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា​ថា ក្រោយ​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ក្រុមការងារ​របស់​ក្រុម​គ្រូពេទ្យ សហការ​ជាមួយ​អ​ជ្ញា​ធរ​មូលដ្ឋាន​បាន​អនុញ្ញាត និង​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ អាច​សម្រាក និង​ព្យាបាល​ជម្ងឺ​កូ​វី​ដ​១៩​នៅ​តាម​ផ្ទះ ក្រោយ​ពី​រក​ឃើញ​ថា គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

លោក​បន្ត​ថា គិត​ពី​ចុង​ខែមេសា​រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាន និង​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​កូ​វី​ដ​១៩​នៅ​តាម​ផ្ទះ​មាន​ជាង​២​ពាន់​នាក់ និង​ជា​សះស្បើយ​ចំនួន​២៧៤​នាក់ ។

លោក ងី មាន​ហេង បាន​ពន្យល់​ថា ចំពោះ​អ្នក ដែល​រក​ឃើញ មាន​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​-១៩ ហើយ ស្ម័គ្រចិត្ត​ព្យាបាល​តាម​ផ្ទះ​ត្រូវ​ព្យាបាល​ឱ្យ​បាន​១៣​ថ្ងៃ ។ នៅ​ពេល​ពិនិត្យ​យក​សំណាក​នោះ បើ​ទោះបីជា​រក​ឃើញ ឬ​រក​មិនឃើញ​ជម្ងឺ​កូ​វី​ដ​-១៩​ក៏​ដោយ​ក៏​ត្រូវ​តែ​បន្ត​ដាក់ខ្លួន​អោយ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ​បន្ត​ទៀត​មិន​អាច​ចេញ​ក្រៅ​បាន​ទេ ។

ដោយឡែក​សម្រាប់​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​ការ​ផ្តល់​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​នៅ​តាម​ផ្ទះ តាម​រយៈ Video Conference​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ល្ងាច ថ្ងៃ​ទី​២០ កក្កដា ២០២១​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ និង​មន្ត្រី​កងកម្លាំង​ទាំងអស់​ត្រូវ​តែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត ចំពោះ​ការ​ព្យាបាល​តាម​ផ្ទះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត ជឿ​មក​លើ​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​របស់​យើង​ស្ម័គ្រចិត្ត ព្យាបាល​តាម​ផ្ទះ​កាន់តែ​ច្រើន ។

លោក​ក៏​បាន​ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ខណ្ឌ​បន្ត​ចុះ​ត្រួតពិនិត្យ រឹត​បន្តឹង​ការ​គ្រប់គ្រង​ការ​ជួបជុំ​ការ​លួច​បើក​ទីតាំង​ម៉ាស្សា KTV និង​កន្លែង​សប្បាយភាព​ផ្សេង​ៗ​ទៀត ។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ការ​ព្យាបាល​តាម​ផ្ទះ​ជា​ជំរើស​ដ៏​ល្អ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការ​ព្យាបាល​តាម​ផ្ទះ​នេះ​កាន់តែ​ច្រើន​ឡើង​។ ដូច្នេះ​អ្វី​ដែល​ត្រូវ​អនុវត្ត​នោះ គឺ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ​និង​មន្ត្រី កងកម្លាំង​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់​បំផុត ចំពោះ​ការ​ព្យាបាល​តាម​ផ្ទះ​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត ជឿ​មក​លើ​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​របស់​យើង ។

លោក​បន្ត​ថា ចំពោះ ខណ្ឌ​នីមួយ​ៗ​ត្រូវ​បង្កើត​ឲ្យ​មាន​ទីបញ្ជាការ​ស្រាល​១​កន្លែង​ក្នុង​មួយ​ខណ្ឌ ដើម្បី​ប្រចាំ​បញ្ជា​ជួយ​អន្តរាគមន៍ ប្រជាពលរដ្ឋ​ពេល​មាន​បញ្ហា​អ្វីមួយ ហើយ​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ (OD) ក៏​ត្រូវ​តែ​នៅ​ក្នុង​ទីបញ្ជាការ​ស្រាល​នេះ​ដែរ​ពោល គឺ​នៅ​ពេល​មាន​បញ្ហា​អ្វី​យើង​អាច​ជួយ​សូ​វ៉េ បាន​ទាន់​ពេលវេលា​មិន​គ្រោះថ្នាក់​ដល់​អាយុ​ជី​វីត ។

លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ចំពោះ​អ្នក​ដែល​ពិនិត្យ​រក​ឃើញ​ថា មាន​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​-១៩ និង​បាន​សម្រេចចិត្ត​ព្យាបាល​នៅ​តាម​ផ្ទះ​ហើយ តែ​បែ​ជា​ល្មើស និង​ច្បាប់ ដោយ​លួច​ចេញ​មក​ខាងក្រៅ​និង​បាន​ចម្លង​ដល់​អ្នក​ដទៃ​ថែម​ទៀត​នោះ អ្នក​នោះ​ក្រោយ​ពី​ព្យាបាល​ជម្ងឺ​បានជា​សះស្បើយ​ហើយនឹង​ចាប់​មក​ទទួលទោស​ទៅ​តាម​ផ្លូវច្បាប់​ធ្ងន់ធ្ងរ ដោយ​មិន​មានការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ