រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៏ជាបឋមបានអោយដឹងថា នៅព្រឹកថ្ងៃទី២០ កក្កដា ២០២១នេះ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ មានក្រុមរថយន្តធុនធំ ប្រមូលផ្ដុំគ្នា តវ៉ាទៅក្រសួងសាធារណការ កុំឲ្យចាប់រថយន្តរបស់ពួកគេរក្សាទុកមួយឆ្នាំ ត្រឹមពិន័យបានហើយ និងសុំក្រសួងបន្ថែម ទម្ងន់ផ្ទុកអោយបានលើសមុន ។
ការប្រមូលផ្តុំនៅមាននៅឡើយ ខណៈគេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍នៅកន្លែងតវ៉ា ផងដែរ ។ (ព័ត៌មានលម្អិត ផ្សាយជូនជាបន្ត)
សូមជម្រាបថា កន្លងមកថ្មីៗនេះ លើផ្លូវព្រែកហូរ ត្រង់ភូមិសាស្ត្រព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ក្រុមការងារចល័តចម្រុះ បានឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ ហើយបានឃាត់រថយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន ៦គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី៥តោន រហូតដល់ ២១តោន ។
ក្នុងនោះចាប់បាន រថយន្ត ២គ្រឿង ដែលជារថយន្តដឹកជញ្ជូន បានដឹកលើសទម្ងន់លើសពី២០% នៃទម្ងន់ដែលបានអនុញ្ញាត ត្រូវបានយកមករក្សាទុក ចំនួន ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រាទី៦០ និងតាមសេចក្ដីជូនដំណឹងលេខ០៤៩ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ។
ក្រសួង សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ សារជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុត ដោយគ្មានការលើកលែងឡើយ ៕
ចែករំលែកព័តមាននេះ