ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលសម្រេច​ដាក់​ខេត្តបាត់ដំបង​ជា​បេក្ខភាព «​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ​» របស់​អង្គការ​យូ​ណេ​ស្កូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​សំណើ​របស់ ក្រសួងទេសចរណ៍ និង​ដោយ​មានការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​រដ្ឋបាល​ខេត្តបាត់ដំបង រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ជា​គោលការណ៍​អនុញ្ញាត​ដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង ចូល​ជា​សមាជិក​បណ្តាញ​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO…

រាជធានី​ភ្នំពេញ​៖ យោង​តាម​សំណើ​របស់ ក្រសួងទេសចរណ៍ និង​ដោយ​មានការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​រដ្ឋបាល​ខេត្តបាត់ដំបង រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ជា​គោលការណ៍​អនុញ្ញាត​ដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង ចូល​ជា​សមាជិក​បណ្តាញ​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO Creative Cities Network) «​ក្នុង​ប្រភេទ​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ​»​។

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ មិថុនា ២០២១​នេះ​ថា ការ​ជ្រើសរើស​យក​ទីក្រុង​បាត់ដំបង ដើម្បី​ចូល​ជា​សមាជិក​បណ្តាញ​ទីក្រុង​នេះ​លើ​ផ្នែក «​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ​» ដោយសារ​តាម​ការ​វាយតម្លៃ​របស់​ក្រុមការងារ​ជំនាញ​ទីក្រុង​បាត់ដំបង​មក​ថា ខេត្តបាត់ដំបង​សម្បូរ​ទៅ​ដោយ​ម្ហូបអាហារ​ជា​ច្រើន​ប្រភេទ និង​ច្រើន​ទម្រង់​ដែល​ត្រូវ​បាន​រៀបចំ និង​កែ​ច្នៃ ដើម្បី​ចែករំលែក និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ​។

ឯកឧត្តម​បន្ត​ថា ការ​ចូល​ជា​សមាជិក​បណ្តាញ​នេះ នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​មាន​សិទ្ធិ​ប្រើប្រាស់​និម្មិតសញ្ញា (Logo) របស់​បណ្តាញ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សក្តានុពល និង​ភាព​ពិសេស​ៗ​របស់​ទីក្រុង​ខ្លួន​ទៅ​កាន់​ទីក្រុង​នានា​ជា​សមាជិក​បណ្តាញ និង​ក្នុង​ក្រប​ខណ្ឌ​របស់​អង្គការ​យូ​ណេ​ស្កូ ក្នុង​ការ​លើក​ស្ទួយ​នូវ​វប្បធម៌ សក្តានុពល​ទេសចរណ៍​ទីក្រុង និង​មុខមាត់​របស់​ទីក្រុង​ជ័យ​លា​ភី ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំងមូល ពិសេស​ការ​តម្រង់​ឆ្ពោះទៅ​រក​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ម្ហូបអាហារ (Gastronomy Tourism) ដែល​ជា​និន្នាការ​ថ្មី​របស់​ពិភពលោក ហើយ​ដែល​កម្ពុជា ពិសេស​ទីក្រុង​បាត់ដំបង​តែ​ម្តង មាន​សក្តានុពល​សម្បូរ​បែប​។ បណ្តាញ​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូ​ណេ​ស្កូ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៤ ក្នុង​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ ក្នុង​ចំណោម​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត​លើ​សមាសភាព​សំខាន់​ៗ​មួយ​ចំនួន ដែល​ជា​កត្តា​គន្លឹះ​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចីរភាព​។

បច្ចុប្បន្ន បណ្តាញ​នេះ​មាន​ទីក្រុង​ចំនួន ២៤៦ នៅ​ជុំវិញ​ពិភពលោក ដែល​ចែក​ចេញ​ជា ៧ ប្រភេទ ដែល​រួម​មាន​៖
១៖ ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​សិប្បកម្ម និង​សិល្បៈ​ប្រជាប្រិយ (Crafts and Folk Arts)
២៖ ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​សិល្បៈ​នៃ​ការ​ផ្សព្វផ្សាយ (Media Arts)
៣៖ ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ខ្សែភាពយន្ត (Film)
៤៖ ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​រចនាប័ទ្ម និង​ការ​តុបតែង (Design)
៥៖ ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ (Gastronomy)
៦៖ ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​អក្សរសាស្ត្រ (Literature)
៧៖ ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​តន្ត្រី (Music)​។

ដោយឡែក នៅ​តំបន់​អាស៊ាន​មាន​ទីក្រុង​ចំនួន ៦ ក្នុង​ប្រទេស​ចំនួន ៤ ដែល​ជា​សមាជិក​ក្នុង​បណ្តាញ​ទីក្រុង​របស់​អង្គការ​យូ​ណេ​ស្កូ​នេះ រួម​មាន​៖ ប្រទេស​ថៃ មាន​ទីក្រុង​ភូ​កេ​ត និង​ទីក្រុង​ឈាង​ម៉ៃ​, ប្រទេស​ឥណ្ឌូ​ណេ​ស៊ី មាន​ទីក្រុង​បាន​ឌុ​ង (Bandung) និង​ទីក្រុង​ផេ​កាឡុង​ហ្កា​ន (Pekalongan), ប្រទេស​សិង្ហ​បុរី មាន​ទីក្រុង​សិង្ហ​បុរី និង​ប្រទេស​ហ្វី​លី​ពី​ន មាន​ទីក្រុង​បាក​ជី​អូ (Baguio)​។ ដូច្នេះ​ហើយ​ទើប​កម្ពុជា​ប្រឹង​ស្រវាស្រទេញ ដើម្បី​បាន​ដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង​នេះ​ទៅ​ក្នុង​ប្រភេទ​ទី​៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ