រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ ករុណា ពេជ្រ បានចំណាយភាពអត់ធ្មត់ជាមួយការមើលព្យាបាលជំងឺលោកឪពុកជាច្រើនខែ។ លោកមិនដែលត្អូញត្អែរហត់នឿយអ្វីឡើយ នៅពេលចូលមកជួយលោកឪពុកធ្វើយ៉ាងណាអោយតែលោកឪពុកធូរចិត្ត និងស្បើយអារម្មណ៍លំបាក។ ក្នុងពេលឱកាសរំលឹកទិវាគុណឪពុក ករុណា ពេជ្រ បានច្រៀងចម្រៀងមួយបទឈ្មោះថា «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ»។ លោកបានបង្ហាញនូវអារម្មណ៍សោកសៅឃើញរឹតតែអាណិត។
តារាចម្រៀង ករុណា ពេជ្រ បានរៀបចំពិធីឡើងផ្ទះក្នុងសភាពស្ងប់ស្ងាត់ ស្របពេលដែលតារារូបនេះ បានសន្យាថា នឹងរៀបចំផ្ទះអោយរួចរាល់ នឹងឆាប់បាននាំយកលោកឪពុកមករស់នៅជុំគ្នាក្នុងផ្ទះតែមួយខណៈដែលពេលមុន លោកឪពុករបស់លោកបានត្រឹមសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាច្រើនខែ ។
អស់រយៈពេលជាងបីឆ្នាំ ករុណា ពេជ្រ បានជំរុញទាំងទឹកប្រាក់ និងទឹកចិត្ត ព្រោះតែការពុះពារធ្វើយ៉ាងណាពន្លឿនការសាងសង់អោយបានឆាប់រហ័ស និងអាចឆាប់យកអ្នកមានគុណដែលកំពុងសម្រានលើគ្រែពេទ្យមក រួមរស់ជុំគ្នាក្នុងដំបូលផ្ទះតែមួយ ។
ផ្ទះវីឡាដ៏ស្កឹមស្កៃនេះ ត្រូវបានគេដឹងថា ចំណាយទឹកប្រាក់ប្រមាណជាង៦០ម៉ឺនដុល្លារ ប៉ុន្តែស្របពេលកំពុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩បែបនេះ បានធ្វើ ករុណា ពេជ្រ រៀបចំឡើងផ្ទះវីឡាយ៉ាងសាមញ្ញនិងស្ងប់ស្ងាត់ ។ កាយវិការមើលថែឪពុកនេះជាគម្រូដល់ក្មេងៗរលកក្រោយអោយចេះអាណិតស្រឡាញ់ម្តាយឪពុក ដើម្បីអោយអ្នកមានគុណកក់ក្តៅ ជាពិសេសពេលគាត់ឈឺស្កាត់។
ចែករំលែកព័តមាននេះ