ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងសកិម្ម ជំរុញឱ្យអ្នកដំាស្វាយចន្ទី អ្នកកែច្នៃ ស្វែងរកដៃគូបរទេសអភិវឌ្ឍន៍ផលិតកម្ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយឃើញសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយនៅខេត្តកំពុងធំ ទទួលជោគជ័យនៅក្នុងនាំការផលិតផលទៅកាន់ទីផ្សារប្រទេស ជប៉ុន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់…

រាជធានីភ្នំពេញ ៖ ដោយឃើញសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយនៅខេត្តកំពុងធំ ទទួលជោគជ័យនៅក្នុងនាំការផលិតផលទៅកាន់ទីផ្សារប្រទេស ជប៉ុន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យម្ចាស់ចម្ការ សហគមន៍ស្វាយចន្ទី សិប្បកម្មកែច្នៃផ្សេងៗទៀត ស្វែងរកដៃគូបរទេស ដើម្បីទទួលបានបច្ចេកទេសដាំដុះ ការកែច្នៃកសិផលឲ្យមានគុភាព សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ។ ឯកឧត្តមបានបញ្ជាក់ថា «ម្ចាស់ចម្ការ សហគមន៍ស្វាយចន្ទី សិប្បកម្មកែច្នៃ ត្រូវស្វែងរកដៃគូដើម្បីទទួលបានបច្ចេកទេសដាំដុះ បច្ចេកទេសកែច្នៃ និងទីផ្សារនាំចេញ ដោយមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ជាឧទាហរណ៍ ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីភាពជោគជ័យរបស់សិប្បកម្មនោះថា ដើមឡើយនៅឆ្នាំ ២០១៩ សិប្បកម្មមានផ្ទះឈើមួយល្វែង ទីធ្លាតូចចង្អៀត មានកម្មករជាង ១០ នាក់ បច្ចុប្បន្នមានបុគ្គលិក និងកម្មករសរុបចំនួន ១១០ នាក់  រោងសិប្បកម្មធំមួយ មានឧបករណ៍ ឬម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទី និងឡចំហុយគ្រាប់ ។ ឯកឧត្តមបានបន្តថា ផលិតផលមានទីផ្សារ នាំឲ្យផលិតកម្មកើនឡើង កំណើនប្រាក់ចំណូល បង្កើតឱកាសការងារ ហើយនេះគឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលក្នុងគោលនយោបាយជំរុញការនាំចេញកសិផល ក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩» ។

ឯកឧត្តមបានជំរុញដូច្នេះ នៅពេលចុះទៅពិនិត្យសិប្បកម្មកែច្នៃស្វាយចន្ទី សិប្បកម្ម ជ័យសំបូរ កាលពីពេលថ្មីនេះ ។ សិប្បកម្មជ័យសំបូរដែលកំពុងនាំស្វាយចន្ទីទៅលក់លើទីផ្សារប្រទេសជប៉ុន បន្ទាប់ពីមានការជួយជ្រោមជ្រែងពីនាយកដ្ឋានកសិ-ឧស្សាហកម្ម និងក្រុមហ៊ុន Top Planning Japan (TPJ) ក្នុងការ លើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីស្រស់ និងផ្តល់តម្លៃខ្ពស់ដល់កសិករក្នុងតំបន់ និងកសិករដែលបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ធានាគុណភាព និងសុវត្ថិភាពគ្រាប់ស្វាយចន្ទី បង្កើតឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្ត្រី និងយុវជននៅក្នុងសហគមន៍ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងទាំងនៅលើទីផ្សារនៅក្នុងតំបន់ និងទីផ្សារអន្តរជាតិ ។

បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខាងលើមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០ តោនក្នុងខែ ។ សិប្បកម្មបាននាំចេញស្វាយចន្ទីប្រាណ ១៦ តោនទៅប្រទេសជប៉ុន ។ ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ បានផ្គត់ផ្គងឲ្យទីផ្សារក្នុងស្រុកដូចជាសហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក ផងដែរ ។

ដំាណាំស្វាយចន្ទី ត្រូវបានពលរដ្ឋខ្មែរដាំតាមគ្នាជាច្រើន ប្រភពខ្លះថា កម្ពុជាមានដំណាំនេះជិតកន្លះលានហិកតាហើយ ។ មានប្រជាពលរដ្ឋខ្លះកាប់ដើមកៅស៊ូ កាប់ដើមម្រេចដែលបានដាំដុះហើយ មកដំាស្វាយចន្ទីវិញ ដែលធ្វើឲ្យមានមតិខ្លះលើកឡើងថា ដំណាំនេះស្ថិតនៅក្នុងបរិមាណច្រើន ។  ចំណែកទីផ្សារមិនទៀងទាត់ ឆ្នាំខ្លះក៍បានថ្លៃ ឆ្នាំខ្លះក៍គ្មានទីផ្សារ ។ 

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងកិច្ចប្រជុំជាមួយតំណាងសមាគមន៍ស្វាយចន្ទីកម្ពុជា តំណាងក្រុមហ៊ុន អង្គការដែលកំពុងធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងគម្រោងស្វាយចន្ទី កាលពីពេលថ្មីៗនេះ បានបង្ហាញពីការព្រួយបារម្មណ៍ទីផ្សារស្វាយចន្ទី ពីព្រោះថា ធនាគាររបស់លោកទទួលទិន្នន័យ គឺមានចំនួនជិតកន្លះលានហិកតាហើយ ហើយទីផ្សារស្វាយចន្ទីកន្លងមកពឹងផ្អែកទាំងស្រុងពីការប្រមូលទិញពីឈ្មួញនៅប្រទេសជិតខាងប៉ុណ្ណោះ ។

ទោះយ៉ាងណាក្តី រយៈពេល ៥ ខែឆ្នាំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ស្វាយចន្ទី ជិត ១ លានតោន គឺ ០,៨០ លាន តោនបាននាំចេញចំនួននេះច្រើនជាងឆ្នាំ ២០២០ ជាង ៦១ ម៉ឺន តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ