រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញដេកដួលក្នុងថ្លុកឈាមស្លាប់គួរឲ្យរន្ធត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅអគារក្រុមហ៊ុនអភិវឌ្ឍន៍ និងសាងសង់ តំបន់សេដ្ឋកិច្ចចិន-កម្ពុជាគ្រុប ក្នុងបន្ទប់ផ្សារជាន់ទី២ ក្នុងបូរីញូថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ CHEN HUAYING ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់ ស្រី២នាក់ និងប្រុស៣នាក់ ។
ប្រភពព័ត៌មានពីសន្តិសុខយាមនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានទទួលព័ត៌មានពីជនជាតិចិនម្នាក់ប្រាប់គាត់ថា មានករណីឃាតកម្មនៅក្នុងបន្ទប់ ដោយឃើញមានស្នាមឈាមកក និងសក់ដាច់ទាំងដុំនៅមាត់ទ្វារបន្ទប់ជាន់ទី២ គាត់ក៏បានឡើងទៅមើលឃើញមានពិតប្រាកដមែន ហើយភ្លាមៗនោះបាននាំគ្នា២-៣នាក់ធាក់ទម្លាយទ្វារបន្ទប់ចូលទៅឃើញស្ត្រីជនជាតិចិនម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមនៅជាប់មាត់ទ្វារ ដោយមានស្នាមកាប់ជាច្រើនកាំបិតនៅលើបំពង់ក ដៃ និងក្រោមដោះ ហើយនៅលើពូករបស់ជនរងគ្រោះបន្សល់ទុកកូនកាំបិតចុងស្រួច និងកាំបិតបុ័ងតោ ព្រមទាំងកំរាលពូកញ៉េរញ៉ៃ ។
ស្របពេលដែលសន្តិសុខឡើងទៅពិនិត្យបានឃើញស្ត្រីជនជាតិចិនម្នាក់ឈ្មោះ YANG PEIPEI ភេទស្រី អាយុ២៤ឆ្នាំ នៅអង្គុយក្នុងសភាពញ័រញាក់នៅក្បែរបន្ទប់កើតហេតុ ហើយមានកាន់ដំបងនៅដៃ និងស្នាមឈាមប្រឡាក់សក់ និងក្រចកជើង ទើបសន្តិសុខរាយការណ៍ទៅសមត្ថកិច្ចចុះឃាត់ខ្លូនស្ត្រីគួរឲ្យសង្ស័យ និងជនជាតិ៤នាក់ទៀតដែលស្នាក់នៅក្បែរនោះយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ។
ស្ត្រីសង្ស័យជនជាតិចិនដែលមានកាន់ដំបងជាប់នឹងដៃនោះបាននិយាយប្រាប់អ្នកបកប្រែថា រូបគេមិនបានសម្លាប់ជនរងគ្រោះទេ ប៉ុន្តែពេលដែលគេចូលទៅដល់ក្នុងបន្ទប់ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ចំណែកដំបងដែលកាន់នៅដៃគឺគេកាន់ការពារខ្លួនតែប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាតាមការពិនិត្យជាក់ស្តែងឃើញថា ស្ត្រីខាងលើមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវទៀត ។ សមត្ថកិច្ចសន្និដ្ឋានថា ករណីឃាតកម្មគិតទុកជាមុននេះឃាតករអាចមានគ្នាច្រើននាក់លើសពី២នាក់ ព្រោះនៅក្នុងបន្ទប់មានការប្រតាយប្រតប់គ្នាមុននឹងសម្លាប់ដោយដាច់សក់ទាំងដុំៗ ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង៥នាក់ត្រូវសមត្ថកិច្ចនាំទៅសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។ ចំណែកសពស្ត្រីជនជាតិចិនរងគ្រោះដឹកយកទៅតម្កល់ទុក្ខនៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច្ច័យ រួចប្រគល់ឲ្យស្ថានទូតរកសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតវិញ ៕
ចែករំលែកព័តមាននេះ