ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គរាជទូត​តំណាង​សន្តិភាព​ពិភពលោក​ទស្សនកិច្ច​នៅ​កម្ពុជា និង​ផ្តល់​សារ​ស្តី​ពី​សន្តិភាព​ផ្លូវចិត្ត​ដល់​យុវជន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​, សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ និង វិទ្យាស្ថាន ដើម្បី​សិក្សា​ភាព​ជោគជ័យ​បាន​អញ្ជើញលោក​ព្រី​ម រ៉ា​វ៉ា​ត់ (Prem Rawat) អគ្គរាជទូត​តំណាង​សន្តិភាព​ពិភពលោក ចូលរួម​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​ការ​អប់រំ​ផ្លូវចិត្ត «Educating the Heart» នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៦ តុលា ២០១៥ ។

លោក​ឃី​ម សុខ​ហេង នាយក​វិទ្យាស្ថាន ដើម្បី​សិក្សា​ភាព​ជោគជ័យ​បាន​មាន​ប្រសាសន៍​ថា គោលបំណង​ដែល​អញ្ជើញលោក​ព្រី​ម រ៉ា​វ៉ា​ត់ មក​កម្ពុជា នា​ពេល​នេះ ដោយសារ​តែ​យើង​មើលឃើញ​ថា អ្វី​ដែល​ជា​សារ​របស់​គាត់ វា​ជា​តម្រូវការ​របស់​មនុស្ស​ចង់​ស្តាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ព្រោះថា មនុស្ស​ម្នាក់​ៗ​ចង់បាន​សន្តិភាព​ក្នុង​ចិត្ត តែ​ពេល​ខ្លះ​មិនដឹង​ធ្វើ​ដោយ​របៀប​ណា​នោះ​ទេ ។

លោក​ព្រី​ម រ៉ា​វ៉ា​ត់ ដែល​មាន​សម្បុរ​សណ្តែកបាយ វ័យ​៥៧​ឆ្នាំ មាន​សញ្ជាតិ​ឥណ្ឌា និង​អា​មេ​រិ​ក បាន​ចាប់ផ្តើម​និយាយ​លើ​វេទិកាសាធារណៈ​តាំងពី​លោក​អាយុ​បាន​៤​ឆ្នាំ​មក​ម្ល៉េះ និង​បាន​ទទួល​លិខិត​អញ្ជើញ​រាប់​ពាន់​ពី​បណ្តា​ប្រទេស និង​ស្ថាប័ន​ជា​ច្រើន​នៅ​លើ​ពិភពលោក ដែល​អញ្ជើញលោក​ទៅ​និយាយ និង​ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី​សន្តិភាព ។ ជាក់ស្តែង​លោក​ធ្លាប់​បាន​អញ្ជើញ​ចូលរួម​និយាយ​នៅ​ក្នុង សភា​នៃ​សហគមន៍​អឺរ៉ុប អង្គការសហប្រជាជាតិ សភា​នៃ​ចក្រភព​អង់គ្លេស ព្រឹទ្ធសភា​នៃ​អ៊ី​តា​លី អូស្ត្រាលី អា​សង់​ទី​ន និង​ណូ​វេ​សេ​ឡង់​ជាដើម ។

លោក​ព្រី​ម រ៉ា​វ៉ា​ត់ ធ្លាប់​បាន​លើក​ឡើង​ក្នុង​សភា​ចក្រភព​អង់គ្លេស​ដឹកនាំ​ដោយ​អតីត​មេធាវី​ប្រចាំ​ចក្រភព​អង់គ្លេស គឺ​លោក Baroness Scotland ថា សន្តិភាព គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត សម្រាប់​គោល​គំនិត​មនុស្សធម៌​។ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ​ផង​ដែរ​។ លោក​ព្រី​ម​បាន​ចែករំលែក​សារ​សន្តិភាព​ទៅ​កាន់​មនុស្ស​ជាង​មួយ​លាន​នាក់ ក្នុង​ចំណោម​វេទិការ​សាធារណៈ​ទាំង​៤៥ ដែល​លោក​បាន​បង្កើត​នៅ​ជុំវិញ​ពិភពលោក ។

គួរ​បញ្ជាក់​ថា លោក​ព្រី​ម រ៉ា​វ៉ា​ត់ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦ និង​២៧ ​តុលា ដែល​នៅ​ថ្ងៃ​ទី​១ លោក​ចូលរួម​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​វេទិកា​សាធា​រណៈ​​ស្តី​ពី​ការ​អប់រំ​ផ្លូវចិត្ត «Educating the Heart» នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន និង​ថ្ងៃ​ទី​២ លោក​ចូលរួម​ជាមួយ​ក្មេង​កំព្រា​នៅ​អង្គការ​ស៊ី​ឌី​អាយ ៕