ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​នូ​ឡាយ​ហ្វ៍ សហការ​គាំទ្រ និង​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​រយៈពេល​៥​ឆ្នាំ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​បាន​ប្រកាស​ចូលរួម​ឧបត្ថម្ភ​ដល់​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ច កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៥ នេះ រហូត​ដល់​ឆ្នាំ​២០១៩ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ​ដែរ អ្នកចូលរួម​រត់ប្រណាំង​ក្នុង​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​ត្រូវ​រំពឹង​ថា នឹង​មាន​ចំនួន​កើន​ជាង​ឆ្នាំ​២០១៤​កន្លង ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ច​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៤ តុលា ២០១៥ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ​រ៉ូ​យ៉ា​ល់ ថា  យើង​ពិតជា​រីករាយ​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ កម្ពុជា ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ។

លោក​បន្ត​ថា កីឡា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត មិន​ត្រឹមតែ​ក្លាយជា​ព្រឹត្តិការណ៍ ប្រមូល​ថវិកា​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ដើម្បី​ជួយ​កុមារ​កំព្រា និង​ជន​ពិការ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា​ផង​ដែរ ។

លោក​ក៏​បាន​បញ្ជាក់​ថា កីឡា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង បាន​រៀបចំ​ឡើង​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ និង​មានការ​លំបាក​មួយ​ចំនួន ដោយ​ចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ​១៩៩៦ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ពី​៤០០​ទៅ​៥០០​នាក់​ប៉ុណ្ណោះ ហើយ​នៅ​ឆ្នាំ​១៩៩៧ ដូច​យើង​ដឹង​ហើយ​ថា មាន​ព្រឹត្តិការណ៍​អ្វី​កើតឡើង​សម្រាប់​កម្ពុជា​យើង តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​លើក​ទី​២ មាន​អ្នកចូលរួម​ពី​៦០០​ទៅ​៧០០​នាក់ និង​មាន​ជនបរទេស​ប្រមាណ​៣០០​នាក់​ផង​ដែរ ។

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​ជានា​យក​ចាត់ការ​ទូទៅ ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្រុមហ៊ុន​យើង​ពិតជា​មាន​មោទនភាព​ក្រៃ​លែង​ក្នុង​ការ​ឧបត្ថម្ភ​កីឡា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​កាលពី​ឆ្នាំ​មុន ដែល​មាន​អ្នកចូលរួម​ប្រមាណ​៨​ពាន់​នាក់​មក​ពី​៧៨​ប្រទេស​ជុំវិញ​ពិភពលោក ។

លោក​បន្ត​ថា សុខុមាលភាព គឺជា​ការ​យកចិត្តទុកដាក់​យ៉ាង​សំខាន់​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ដូច្នេះ​ការ​គាំទ្រ​ដល់​ការ​រត់ប្រណាំង​ដែល​ជួយ​ផ្សព្វផ្សាយ​អំពី​សារសំខាន់​នៃ​សុខភាព គឺជា​ឱកាសល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ។ ក្រុមហ៊ុន​យើង​ពិតជា​មាន​មោទនភាព​ក្នុង​ការ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ ជាមួយ​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ច  កាលពី​ខែកក្កដា ២០១៥ កន្លង​មកនេះ ដើម្បី​បន្ត​គាំទ្រ​ព្រឹ​តិ្ត​ការណ៍​នេះ ក្នុង​ជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​ឆ្នាំ​២០១៥ ,២០១៦ , ២០១៧,២០១៨, និង​ឆ្នាំ​២០១៩ ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ដែល​រៀបចំ​ឡើង​នៅ​លើ​ទឹកដី​អង្គរវត្ត​ឆ្នាំ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ធ្នូ ២០១៥ ហើយ​រំពឹង​ថា អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​នា​ឆ្នាំ​នេះ នឹង​មាន​ចំនួន​កើនឡើង ៕