ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស ២០ នាក់ បាត់បង់​ជីវិត និង ១០ នាក់ របួស ផ្ទះ​អគារ​រាប់ពាន់​ខ្នង ត្រូវ​ខូចខាត ដោយសារ​គ្រោះមហន្តរាយ ក្នុង​រយៈពេល ៤​ខែ ក្នុង​ឆ្នាំ​២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ រយៈពេល ៤​ខែ ក្នុង​ឆ្នាំ​២០២១ នេះ បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ បាន​បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត ២០​នាក់ និង​របួស…

ភ្នំពេញ​៖ រយៈពេល ៤​ខែ ក្នុង​ឆ្នាំ​២០២១ នេះ បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ បាន​បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត ២០​នាក់ និង​របួស ១០​នាក់ ព្រមទាំង​ខូចខាត​អគារ និង​ផ្ទះ​រាប់ពាន់​ខ្នង​ផងដែរ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​។​

​របាយការណ៍​ដដែល បាន​ឲ្យ​ដឹងថា បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ក្នុង​រយៈពេល ៤ ខែ​ដើមឆ្នាំ​២០២១ ភាគច្រើន បានកើត​ឡើង នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​។ ក្នុងចំណោម​មនុស្ស បាត់បង់​ជីវិត និង​រងរបួស​សរុប ៣០ នាក់​នោះ មាន ២៤ នាក់ បាន​រងគ្រោះ ដោយ​ករណី​រន្ទះបាញ់ និង ៦ នាក់​ទៀត រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​។ ខេត្ត ដែលមាន​ករណី​រងគ្រោះ​ថ្នាក់​ដោយសារ​បាតុភូត​រន្ទះបាញ់​នេះ ភាគច្រើន កើតមាន​នៅតាម​បណ្ដា​ខេត្ត ក្នុង​តំបន់​វាលទំនាប​កណ្ដាល​ភាគ​ពាយព្យ និង​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក​។ ក្នុងនោះ ខេត្តបាត់ដំបង ត្រូវបាន​គេ​កត់ត្រា​មាន​ស្លាប់ រហូតដល់ ៦ នាក់ និង​របួស ២ នាក់ ដោយ​ករណី​រន្ទះបាញ់ គឺ​ច្រើនជាង​បណ្ដា​ខេត្ត​ផ្សេងៗ​។

​របាយការណ៍​ដដែល បាន​បញ្ជាក់ថា បាតុភូត​ខ្យល់​កន្ត្រាក់ ក្នុង​រយៈពេល ៤ ខែ​ដើម​ឆ្នាំនេះ បានកើត​ឡើង ចំនួន ៦០ លើក ប៉ះពាល់​ខេត្ត ចំនួន ២០ រួមមាន ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ក្រចេះ មណ្ឌលគិរី រតនគិរី កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ក្រុងព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ធំ និង​ខេត្តសៀមរាប​។ ក្នុងចំណោម​ខេត្ត ទាំង ២០ នេះ ខេត្ត បន្ទាយមានជ័យ រង​ការខូចខាត​ច្រើនជាងគេ និង​បាន​បង្ក​ឲ្យ​កុមារា​ម្នាក់ បាត់បង់​ជីវិត និង ៥ នាក់​ទៀត រងរបួស​ធ្ងន់ និង​ស្រាល ដោយ​ករណី​រលំ​ផ្ទះ សង្កត់​លើ​។ គ្រោះមហន្តរាយ​នេះ បង្ក​ផលប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ សរុប ១ ២៥៩ ខ្នង ក្នុងនោះ ផ្ទះ​តូចធំ ចំនួន ២០៩ ខ្នង បាន​ដួលរលំ រង ការខូចខាត​ទាំងស្រុង និង ១ ០៥០ ខ្នង​ទៀត បាន​ប៉ើង​របើក​ដំបូល ខូចខាត​មធ្យម​។ លើសពីនេះ បាន បង្ក​ការខូចខាត​ដំបូល​អគារ​សាលារៀន ចំនួន ១០ អគារ និង​អគារ​រដ្ឋបាល​សាធារណៈ ចំនួន ១០ អគារ ផ្សារ​ចំនួន ២ និង​តូប​លក់ដូរ សរុប​ជាង ១០០ តូប​៕ ទុយ ប៊ុន​រី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ