ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ អឹ​ម ខេ រៀបចំ​សិក្ខាសាលា​ជួបជុំ​មហា​គ្រួសារ​ប្រចាំឆ្នាំ​២០១៥

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ ភី អិ​ល​ស៊ី រៀបចំ​កម្មវិធី​ជួបជុំ​បុគ្គលិក​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​ខ្លួន​ដែល​មានការ​ចូលរួម​ពី​បុគ្គលិក​មក​ពី​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​​ប្រមា​ន​ជាង​២.០០០​នាក់

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ ភី អិ​ល​ស៊ី រៀបចំ​កម្មវិធី​ជួបជុំ​បុគ្គលិក​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​ខ្លួន​ដែល​មានការ​ចូលរួម​ពី​បុគ្គលិក​មក​ពី​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​​ប្រមា​ន​ជាង​២.០០០​នាក់ ក្នុង​គោលបំណង​បង្ហាញ​អំពី​សមិទ្ធផល​ដែល អេ អឹ​ម ខេ សម្រេច​បាន និង​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាង​សកម្ម​ក្នុង​ការ​រួមចំណែក​សម្រេច​បាន​ទិស​ដៅ​សង្គម​របស់ អេ អឹ​ម ខេ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លង​មក ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​បុគ្គលិក​ទាំងអស់​បាន​ជួប​សំណេះសំណាល ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​រឹតចំណង​មិត្តភាព​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។ សិក្ខាសាលា​នៃ​ការ​ជួបជុំ​មហា​គ្រួសារ អេ អឹ​ម ខេ នេះ រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៤ តុលា ២០១៥ នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

ថ្លែង​ទៅ​កាន់​បុគ្គលិក​ទាំងអស់​ដែល​មាន​វត្ត​មាននៅ​ក្នុង​សិក្ខាសាលា​ជួបជុំ​នេះ លោក​គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​បាន​មាន​ប្រសាសន៍​ថា លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់ ដោយ​មើលឃើញ​ថា មហា​គ្រួសារ អេ អឹ​ម ខេ កាន់តែ​រីក​ចម្រើន​ជា​លំដាប់ តាម​រយៈ​កំណើន​បុគ្គលិក ការ​ពង្រីក​តំបន់​ប្រតិបត្តិការ​ទូ​ទាំង​ប្រទេស ការ​បង្កើន​ផលិតផល និង​សេវា​មីក្រូហិរញ្ញវត្ថុ​បន្ថែម និង​កំពុង​តែ​ដើរ​នៅ​លើ​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​បេសកកម្ម និង​ទស្សនវិស័យ​របស់​ខ្លួន​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង តាម​រយៈ​ការ​ផ្តល់​សេវា​មីក្រូហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​របស់​ខ្លួន​។

លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​គូសបញ្ជាក់​ថា សិក្ខាសាលា​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ធំ​ៗ​ចំនួន​បួន គឺ ទី​១-​ជា​ការ​ជួបជុំ​បុគ្គលិក​ទាំងអស់​ទូ​ទាំង​ប្រទេស ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព​នឹង​គ្នា​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ទី​២-​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​ដែល​គ្រឹះស្ថាន​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៥ នេះ ទី​៣-​ជា​ឱកាស​ដ៏​ពិសេស​មួយ​ដែល​បុគ្គលិក​ទាំងអស់​អាច​លើក​ឡើង​នូវ​ឧបសគ្គ ឬ​បញ្ហា​ដែល​ជួប​ប្រទះ​នៅ​ក្នុងឆ្នាំនេះ និង​សំណូមពរ​ផ្សេង​ៗ​មក​កាន់​គណៈកម្មាធិការ​ប្រតិបត្តិ ដើម្បី​ចូលរួម​មតិ​ដោះស្រាយ និង​ទី​៤-​ដើម្បី​ផ្លាស់​ប្តូរ​មតិយោបល់​រវាង​បុគ្គលិក​ទាំងអស់​ក្នុង​ការ​រក​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្តន៍​នា​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥ ខាង​មុខ​នេះ​។

ក្នុង​ឱកាស​ដ៏​មហោឡារិក​នេះ គណៈកម្មាធិការ​រៀបចំ​សិក្ខាសាលា ក៏​បាន​រៀបចំ​កម្មវិធី​ពិសេស​ៗ​មួយ​ចំនួន ដូច​ជា ការ​ប្រគល់​ពានរង្វាន់​ជូន​សាខា​ឆ្នើម​ក្នុង​ការ​អនុវត្តន៍​សេវា​អតិថិជន​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៥ ការ​ប្រគល់​លិខិត​សរសើរ​ដល់​បុគ្គលិក​ដែល​បាន​បម្រើ​ការងារ​ជាមួយ​គ្រឹះស្ថាន​បាន​ជាង​១០​ឆ្នាំ ការ​ប្រកួត​បាត់​ទាត់ កម្មវិធី​ចាប់​រង្វាន់ និង​ពិសារ​ភោជនីយ​អាហារ​ជាដើម​។

សូម​បញ្ជាក់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ ភី អិ​ល​ស៊ី  គឺជា​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ​ឈានមុខ​គេ​លើ​ចំនួន​អតិថិជន​។  បើ​គិត​មក​ត្រឹម​ខែសីហា ឆ្នាំ​២០១៥ នេះ អេ អឹ​ម ខេ មាន​អតិថិជន​សរុប​ជាង​សែសិប​ម៉ឺន​នាក់ ដែល​មាន​១៤៣​ការិយាល័យ និង​ភ្នាក់ងារ​ជាង​២.៥០០​កន្លែង  ធ្វើ​ប្រតិបត្តិការ​គ្របដណ្តប់​៨៨% នៃ​ចំនួន​ភូមិ​ទាំងអស់​ទូ​ទាំង​ប្រទេស​។ អេ អឹ​ម ខេ មាន​ផលិតផល និង​សេវាកម្ម​ជា​ច្រើន​ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់ ដូច​ជា​ផលិតផល​កម្ចី ប្រាក់​សន្សំ ផ្ទេរ​ប្រាក់ សេវា​ទូទាត់​វិ​ក័យ​ប​ត្រ ធានា​រ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATM& CDM)៕