រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រភាសាអង់គ្លេស នៅវិទ្យាស្ថានប៊ែលធីអន្តរជាតិ នាថ្ងៃទី២៤ តុលា លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ទោះបីជាប្រឈមនឹងការរិះគន់ពីគណបក្សប្រឆាំង ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងលើកំណែទម្រង់ស៊ីជម្រៅវិស័យអប់រំសំដៅលើកកម្ពស់គុណភាព សមត្ថភាព និងចំណេះដឹងទូទៅសម្រាប់សិស្សានុសិស្សកម្ពុជា ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៤ តុលា សាលាប៊ែលធីអន្តរជាតិ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៥-២០១៦ និងពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ និងអន្តរជាតិជូនសិស្សចំនួន៨៤៣នាក់ ក្នុងនោះ Level 6 ចំនួន៤៩៩នាក់ Level 12 ចំនួន ៣៤០នាក់ និងវិញ្ញាបនបត្រអន្តរជាតិ អាយអ៊ែល (IELTS) ចំនួន៤នាក់ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ (សាខាទួលស្លែង) ក្រោមវត្តមានលោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។
លោកលី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប ទទួលបន្ទុកសាលាប៊ែលធី អន្តរជាតិ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សាថ្មី២០១៥-២០១៦នេះ មានសិស្ស-និស្សិតកំពុងសិក្សាចំនួន៣០.៥៧២នាក់ ហើយឆ្នាំសិក្សា២០១៤-២០១៥កន្លងមកនេះ មានសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន១.១០២នាក់ បានប្រឡងជាប់ចំនួន៨៦៤នាក់ស្មើនឹង៧៨,៤០% ក្នុងនោះជាប់និទ្ទេសA ចំនួន៦នាក់ និទ្ទេសB ចំនួន៣២នាក់ និទ្ទេសC ចំនួន ៩៤នាក់ និទ្ទេសD ចំនួន១៣៨នាក់ និងនិទ្ទេសE ចំនួន៥៩៤នាក់ ។
ដោយឡែកថ្នាក់ទី៩ មានសិស្សពូកែជាប់ទូទាំងរាជធានីភ្នំពេញចំនួន៧នាក់ និងជាប់សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរចំនួន២នាក់ផងដែរ ។ លោកបញ្ជាក់ថា កន្លងមកសិស្សបានប្រឡងបញ្ចប់ថ្នាក់ទី១២ទាំង១០ជំនាន់ (២០០៤-២០០៥ ដល់២០១៤-២០១៥) មានចំនួន៦.០០៦នាក់ ជាប់៥.៤២២នាក់ស្មើនឹង៩០,៣០% និងសិស្សភាសាអង់គ្លេស Level 12 បានប្រឡងបញ្ចប់ទាំង៣៦ជំនាន់ចំនួន៣.៨៥០នាក់ ហើយសញ្ញាបត្ររបស់សិស្សទាំងអស់នេះ សាលាបានបញ្ចូលទៅក្នុងវេបសាយសាលាប៊ែលធីអន្តរជាតិដែលមានអាសយដ្ឋាន www.beltei.edu.kh ត្រង់ចំណុច G ។
លោកលី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ក៏បានលើកឡើងផងដែរពីការរីកចម្រើនរបស់ប៊ែលធី និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ ខណៈមកដល់បច្ចុប្បន្ននេះ មានបុគ្គលិកសរុបជិត១.៧០០នាក់ ។ លោកបានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ដោយផ្តោតទៅលើជំនាញទាំង៤ គឺការនិយាយ ការស្តាប់ ការអាន និងការសរសេរ ហើយនៅពេលបញ្ចប់Level12 សិស្សត្រូវទទួលបានពិន្ទុជាអន្តរជាតិតេស្តថូហ្វែល (TOEFL) ឬ អាយអ៊ែល (IELTS) ឱ្យបានពិន្ទុយ៉ាងតិច៥.៥ឡើងទៅ ដើម្បីងាយស្រួលក្នុងការដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ។
លោកលី ឆេង បានឲ្យដឹងថា នៅឆ្នាំនេះ សាលាបានផ្តល់អាហារូបករណ៍ចំនួន១៧នាក់ ដោយរួមទាំងសិស្សនិទ្ទេសA ចំនួន៦នាក់ផងដែរ ឲ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅចក្រភពអង់គ្លេសចំនួន១នាក់ ប្រទេសសិង្ហបុរីចំនួន១៥នាក់ និងសាធារណរដ្ឋប្រជាមានិតចិនផ្នែកពេទ្យចំនួន១នាក់ ។ សរុបសិស្សអាហារូបករណ៍ដែលបានទៅសិក្សាក្រៅប្រទេសគិតត្រឹមខែតុលា មានចំនួន៤១នាក់ ។
លោកស៊ាន បូរ៉ាត បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកប៊ែលធី ទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយ-ចិត្តដើម្បីគ្រប់គ្រង និងផ្ដល់ចំណេះដឹងប្រកបដោយគុណភាពដល់សិស្ស-និស្សិតដែលបានសិក្សានៅក្នុងវិទ្យាស្ថានប្រកបដោយស្ដង់ដារមួយនេះ ។
លោកអះអាងថា អ្វីទាំងអស់នោះគឺបានរួមចំណែកយ៉ាងខ្លាំងដល់នយោបាយកំណែទម្រង់ស៊ីជម្រៅរយៈពេល២ឆ្នាំប្រកបដោយជោគជ័យក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកបញ្ជាក់ថា កំណែទម្រង់របស់រាជរដ្ឋាភិបាលបានធ្វើឲ្យមានការផ្លាស់ប្ដូរនូវផ្នត់គំនិតរបស់យុវសិស្សឲ្យកែប្រែពីភាពខ្ជិលច្រអូសមកឧស្សាហ៍ព្យាយាមក្នុងការសិក្សា រហូតទទួលបានសញ្ញាបត្រដែលជាមូលដ្ឋានគ្រឹះនៃអនាគតរបស់ពួកគេ ៕
ចែករំលែកព័តមាននេះ