រាជធានីភ្នំពេញ ៖ ក្រុមបុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលនៅព្រឹកថ្ងៃទី១៨ តុលា កន្លងទៅនេះ បានចូលរួមក្នុងការសំអាតទីក្រុង និងជួយធ្វើឱ្យរាជធានីភ្នំពេញជាកន្លែងដែលល្អសម្រាប់ប្រជាជនយើង និង ភ្ញៀវទេសចរ។
លោក Christopher Park អ្នកគ្រប់គ្រងទូទៅណាហ្គាវើល បានមានប្រសាសន៍ថា «យើងមានការរីករាយក្នុងការរៀបចំកម្មវិធីថ្ងៃសម្អាតម្តងទៀត ហើយនេះគឺជាលើកទី៤ ដែលណាហ្គាវើលបានចូលរួម។ យើងជឿថា នេះគឺជាការទទួលខុសត្រូវរបស់យើងរាល់គ្នា ក្នុងការមើលថែរក្សាទីក្រុង និងបរិស្ថានរបស់យើង។ គោលបំណងក្នុងការរៀបចំសកម្មភាពប្រមូលសំរាមនេះឡើង គឺដើម្បីធ្វើឲ្យទីក្រុងភ្នំពេញស្អាតគ្មានសំរាម និងជាការរួមចំណែកជួយសង្គម ព្រមទាំងជាសារអប់រំដល់ប្រជាពលរដ្ឋឲ្យមានការស្រលាញ់បរិស្ថានមិនចោលសំរាមផ្តេសផ្តាស»។
អ្នកស្ម័គ្រចិត្តបានជួបប្រជុំគ្នានៅខាងមុខព្រះបរមរាជវាំងទាំងព្រឹកព្រលឹម និងចាប់ផ្តើមដើរប្រមូលសំរាមចាប់ពីនៅខាងមុខព្រះបរមរាជវាំងទៅសួនច្បារវត្តបទុម ហើយបានដើរត្រឡប់មកណាហ្គាវើលវិញ តាមសួនច្បារសម្តេចតេជោ ហ៊ុន សែន។ ពួកគេបានធ្វើជាឯកអគ្គរដ្ឋទូតផ្នែកបរិស្ថាន ដោយជូនដំណឹងមួយចំនួនធំពីសារសំខាន់នៃការថែរក្សាទីក្រុងបៃតង និងបរិស្ថានល្អដល់ប្រជាពលរដ្ឋនៅជុំវិញនោះ។
លោក សុធារ៉ា អ្នកប្រតិបត្តិផ្នែកទីផ្សារណាហ្គាវើល បាននិយាយថា «យើងទាំងអស់គ្នា ចង់រស់នៅក្នុងបរិស្ថានល្អ និងវិធីដែលល្អបំផុត គឺការធ្វើឱ្យវាកើតឡើង ដោយការរួមចំណែករបស់ខ្លួនយើងម្នាក់ៗ»។ ការផ្តួចផ្តើមកម្មវិធីនេះ បើកដំណើរការដោយអ្នកស្ម័គ្រចិត្ត ដើម្បីអភិរក្សបរិស្ថានពីណាហ្គាវើល នឹងប្រមូលសំរាមដែលបំពុល និងជាប្រភពពិតនៃការបង្កឱ្យមានជំងឺតាមដងផ្លូវនៅក្នុងទីក្រុង សម្រាប់អនាគតកាន់តែប្រសើរនៃសហគមន៍របស់យើង និងអប់រំដល់សាធារណជនតាមរយៈការបង្ហាញពីវិធីមួយនៃការរស់នៅស្អាត៕




ចែករំលែកព័តមាននេះ