ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត ពិនិត្យ​ឈាបនដ្ឋាន សម្រាប់​បូជា​អ្នកស្លា.ប់ ដោយ​កូ​វីដ​១៩ នៅ​ក្រុង​ស្វាយរៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចុះ​ពិនិត្យ​សំណង់​អាគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល…

ខេត្តស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចុះ​ពិនិត្យ​សំណង់​អាគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​គយ​ត្របែក ព្រមទាំង​របង ប្រព័ន្ធ​លូបង្ហូរទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​បរិវេណ​សាលាសង្កាត់ និង​ប៉ុស្តិ៍​រដ្ឋបាល ដែល​បាន​ស្ថាបនា​រួចរាល់​។ ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ពិនិត្យ​សំណង់​ឈាបនដ្ឋាន សម្រាប់​បូជា​អ្នកទទួល​មរណភាព ដោយ​ជំងឺ​កូ​វីដ​១៩ កំឡុងពេល ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​មួយ​នេះ​។ ឈាបនដ្ឋាន​នោះ ស្ថិតនៅ​បរិវេណ​វត្ត​កោះ​ជុំ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​ក្រៅពីនោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អញ្ជើញ​ពិនិត្យ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ១​ខ្សែ ប្រវែង ១០៥០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ បាន​ស្ថាបនា​រួចរាល់ ១០០% និង​ការរៀបចំ​ដាក់​បង្គោល​ភ្លើង ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អំណោយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត​។

​សូម​ជម្រាបជូន​ថា ផ្លូវ​មួយ​ខ្សែ​នេះ កន្លងមក ក្រោម​ការដឹកនាំ​នឹង​សម្របសម្រួល​របស់​ឯក​ឧ​ត្ត​ម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម​បាន​ដោះស្រាយ​បញ្ចប់​នូវ​ករណី​ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​រួចរាល់​តាម​បណ្តោយ​ផ្លូវ​មួយ​ខ្សែ​នេះ ដោយ​អនុវត្តតាម​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ​។ ឯកឧត្តម ក៏បាន​សម្រេច​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល​ក្នុងការ​ដំណើរ​ផងដែរ ស្ថិតនៅ​ភូមិ​បា​យ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​សូម​រំលឹកថា ខេត្តស្វាយរៀង ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩ សហគមន៍​២០​កុម្ភៈ មកដល់ពេលនេះ ខេត្តស្វាយរៀង មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ ចំនួន ០៤​នាក់ ហើយ​ក្នុងនោះ មាន​ស្ត្រី ម្នាក់ និង​បុរស ៣​នាក់​។ ក្នុង​រយៈពេល ០៤​ថ្ងៃ​ចុងក្រោយ​មកហើយ ដែល​ខេត្តស្វាយរៀង មិនមាន​អ្នក​ឆ្លង​ថ្មី​ទេ គឺ​មានតែ​អ្នកជា​សះស្បើយ​៕ វ៉ាន់ ប៊ុនធឿន​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ