ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ ណែនាំ​ឲ្យ​សេវាកម្ម​ទេសចរណ៍ ២​ប្រភេទ ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​ខ្លាំង​ជាង​មុន ដើម្បី​ទប់ស្កាត់​កូ​វីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ មូលដ្ឋាន​សេវាកម្ម​ទេសចរណ៍​សំខាន់ៗ ២​ប្រភេទ គឺ​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ សេវាកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍ ត្រូវបាន​ក្រសួងទេសចរណ៍ ណែ​នាំឱ្យ​ពង្រឹង​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាង​មុន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក៏ដូចជា​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩…

​រាជធានី​ភ្នំពេញ​៖ មូលដ្ឋាន​សេវាកម្ម​ទេសចរណ៍​សំខាន់ៗ ២​ប្រភេទ គឺ​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ សេវាកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍ ត្រូវបាន​ក្រសួងទេសចរណ៍ ណែ​នាំឱ្យ​ពង្រឹង​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាង​មុន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក៏ដូចជា​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍ ២០ កុម្ភៈ​។​
ក្នុង​សារាចរ​ណែនាំ​ថ្មី​របស់​ក្រសួងទេសចរណ៍ ដែល​បានចេញ​ផ្សាយ​នា​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទន្ទឹមនឹង​ការសម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស ដែល​រាជរដ្ឋាភិបាល​បានសម្រេច​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ រួចហើយនោះ សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ដែលជា​សេវាកម្ម​គាំទ្រ​សំខាន់​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ក៏ដូចជា​សាធារណជន​ទូទៅ​នោះ នឹងមាន​តម្រូវការ​ក្នុង​ប្រតិបត្តិការ​ឡើងវិញ​។ ដូច្នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​កើតមាន​ជាយថាហេតុ​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ នៅតាម​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស ក្រសួងទេសចរណ៍ បាន​ណែនាំ​នូវ​ចំណុច​សំខាន់ ២​ចំណុច រួមមាន​៖

​ទី​១៖ ចំពោះ​គោលដៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ១.១៖ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្តកណ្តាល និង​អាជ្ញាធរ​មូលដ្ឋាន ពិនិត្យ​និង​ពង្រឹង​បន្ថែមទៀត​នូវ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​រាល់​វិធានការ​ជា​ធរមាន ចំពោះ​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការលក់​អាហារ​វេច​ខ្ចប់​។

១.២៖ មន្ទីរ​ទេសចរណ៍​ទាំងពីរ​ខាងលើ ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ណែនាំ​បន្ត​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ​តាមដាន​ត្រួតពិនិត្យ​រាល់​បុគ្គលិក​របស់ខ្លួន ដែល​កំពុង​ជាប់​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក និង​តម្រូវឱ្យ​អ្នកគ្រប់គ្រង​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ត្រូវ​ជូនដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន​នូវ​រាល់​ករណី​សង្ស័យ​ចំពោះ​ភ្ញៀវ​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (​បន្ទាប់ពី​ស្កេ​ន QR Code ទប់ស្កាត់​កូ​វីដ​-១៩)​។

​ត្រង់ចំណុច​នេះ ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា «​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ត្រូវអនុវត្ត​រាល់​វិធានការ​ជា​ធរមាន ករណី​ខកខាន​មិនបាន​អនុវត្ត ឬ​អនុវត្ត​មិនបាន​ត្រឹមត្រូវ មន្ទីរ​ទេសចរណ៍​ត្រូវ​ស្នើសុំ​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​បញ្ឈប់​ប្រតិបត្តិការ​អាជីវកម្ម​នោះ​ជាដាច់ខាត និង​បន្ត​នីតិវិធី​ស្នើសុំ​ការអនុវត្ត​វិធានការ​ច្បាប់​ជា​ធរមាន ពិសេស​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​»​។

​ទី​២៖ ចំពោះ​គោលដៅ​ផ្សេងទៀត​នៃ​ខេត្តកណ្តាល​ក្រៅពី​ក្រុង​តាខ្មៅ និង​ខេត្ត​ផ្សេងទៀត ២.១៖ មន្ទីរ​ទេសចរណ៍​ខេត្តកណ្ដាល និង​ខេត្ត​ដទៃទៀត ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ពិនិត្យ​និង​ពង្រឹង​បន្ថែមទៀត​នូវ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ចំពោះ​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​។ ដោយឡែក ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ដែល​ស្ថិតនៅក្នុង​តំបន់​ដែល​បានដាក់​ចេញ​វិធាន​ការបិទ​ខ្ទប់ មន្ទីរ​ទេសចរណ៍​ខេត្ត​ត្រូវ​បន្ត​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​បន្ត​នូវ​រាល់​វិធានការ​ជា​ធរមាន​។

២.២៖ ត្រូវ​ពង្រឹង​ការអនុវត្ត​ឱ្យបាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​វិធានការ «៣​ការពារ និង ៣​កុំ​»​។ គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ត្រូវ​កត់ត្រា​អត្តសញ្ញាណ​របស់​ភ្ញៀវទេសចរ​ទាំងអស់ ជាពិសេស​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង និង​ត្រូវ​ចុះឈ្មោះ​បង្កើត និង​ប្រើប្រាស់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វីដ​-១៩» និង​តម្រូវឱ្យ​ភ្ញៀវទេសចរ ត្រូវតែ​ស្កេ​ន​ជាដាច់ខាត មុន​ចូលទៅក្នុង​កន្លែង​របស់​ខ្លួន​។ ទន្ទឹមនឹងនេះ ត្រូវ​រៀបចំ​ការត្រួតពិនិត្យ​កម្ដៅ ការបាញ់​អាល់កុល​សម្លាប់​មេរោគ និង​តម្រូវឱ្យ​ភ្ញៀវទេសចរ​ត្រូវ​ពាក់​ម៉ាស់ (​លើកលែង​ពេល​ពិសា​អាហារ​) និង​រក្សា​គម្លាត​សុវត្ថិភាព​ស្របតាម​គោលការណ៍​សុខាភិបាល​។

២.៣៖ មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ណែនាំ​បន្ត​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ តាមដាន​ត្រួតពិនិត្យ​រាល់​បុគ្គលិក​របស់ខ្លួន ដែល​កំពុង​ជាប់​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក និង​តម្រូវឱ្យ​អ្នកគ្រប់គ្រង​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ត្រូវ​ជូនដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន​នូវ​រាល់​ករណី​សង្ស័យ​ចំពោះ​ភ្ញៀវទេសចរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (​បន្ទាប់ពី​ស្កេ​ន QR Code “​ទប់ស្កាត់​កូ​វីដ​-១៩”) និង​មិនត្រូវ​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ត្រូវ​ផ្តល់​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ចូលទៅ​ប្រើប្រាស់​សេវាកម្ម​ជាដាច់ខាត​។

២.៤៖ គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ឱ្យបាន​ល្អប្រសើរ ពិសេស​ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក (Carrying Capacity) អតិបរមា ដែល​អាច​ទទួលភ្ញៀវ​បាន​ក្នុងពេល​តែមួយ ដោយ​អនុលោម​តាម​ស្តង់ដា​គម្លាត​សុវត្ថិភាព និង​មិនត្រូវ​ទទួលភ្ញៀវ​លើសពី​ចំណុះ​នេះ​ជាដាច់ខាត​។ មិនត្រូវ​រៀបចំ​ឱ្យមាន​ការជួបជុំ​ជាដាច់ខាត​។ ចំពោះ​ការជួបជុំ​ជា​ក្រុម​តូច​ដែល​ចាំបាច់ (​លក្ខណៈ​ជា​ក្រុមគ្រួសារ​ផ្ទាល់​) នៅក្នុង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍ ចាំបាច់​ត្រូវតែ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​ត្រឹមត្រូវ (​យ៉ាងតិច ១.៥ ម៉ែត្រ​ពីគ្នា​) និង​មាន​ចំនួន​កម្រិត​អាស្រ័យ​តាម​ការកំណត់​ដោយឡែក​របស់​រដ្ឋបាលខេត្ត​។

២.៥៖ ព្រមជាមួយ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ​ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម ថែរក្សា​បរិស្ថាន​-​អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឱ្យបាន​សមរម្យ​។

២.៦៖ គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ត្រូវអនុវត្ត​សារាចរ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ករណី​ខកខាន​មិនបាន​អនុវត្ត ឬ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​សារាចរ​ណែនាំ​នេះ មន្ទីរ​ទេសចរណ៍​មិនត្រូវ​អនុញ្ញាតឱ្យ​អាជីវកម្ម​នោះ បើក​ដំណើរការ​ជាដាច់ខាត និង​អាច​ប្រឈម​ទៅនឹង​វិធានការ​ច្បាប់​ជា​ធរមាន ពិសេស​ច្បាប់ ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​៕ សុខ សា​រ៉ា​យ​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ