ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford ប្រកាស​រក​បេក្ខជន​ប្រកួត​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​ពី​សម្ភារៈ​សំណល់​ផ្លា​ស្ទិ​ច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ហ្វ​ដ​ម៉ូ​ទ័​រ (Ford Motor) កំពុងធ្វើការ​ស្វែងរក​នូវ​អ្នក​ច្នៃ​ម៉ូ​ដដែល​មាន​ថ្វីដៃ​ល្អ​ក្នុង​ការ​ច្នៃប្រឌិត​នូវ​សម្ភារៈ​ប្រើប្រាស់​ច្នៃ​ចេញពី​សំណល់​ផ្លា​ស្ទិ​ច ដើម្បី​ប្រកួត​យក​ពានរង្វាន់​អ្នក​ច្នៃ​ម៉ូ​ដ​របស់​ក្រុមហ៊ុន​ហ្វ​ដ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ហ្វ​ដ​ម៉ូ​ទ័​រ (Ford Motor) កំពុងធ្វើការ​ស្វែងរក​នូវ​អ្នក​ច្នៃ​ម៉ូ​ដដែល​មាន​ថ្វីដៃ​ល្អ​ក្នុង​ការ​ច្នៃប្រឌិត​នូវ​សម្ភារៈ​ប្រើប្រាស់​ច្នៃ​ចេញពី​សំណល់​ផ្លា​ស្ទិ​ច ដើម្បី​ប្រកួត​យក​ពានរង្វាន់​អ្នក​ច្នៃ​ម៉ូ​ដ​របស់​ក្រុមហ៊ុន​ហ្វ​ដ (Ford) ។ កម្មវិធី​នេះ នឹង​ផ្តល់​រង្វាន់​ដល់​សិស្ស និស្សិត​៣​នាក់ ដែល​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ មក​ពី​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី និង​អ៊ឺ​រ៉ុ​ប ដោយ​ក្រុមហ៊ុន​នឹង​ផ្តល់​ជូន​នូវ​វត្ថុធាតុដើម ដែល​នៅ​សេសសល់​ពី​ការ​ផលិត​រថយន្ត​ហ្វ​ដ (Ford) ព្រមទាំង​ទឹកប្រាក់​១.០០០​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ជា​ទុន​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជ័យ​លា​ភី​ទាំង​៣​នាក់​នោះ នឹង​មានឱកាស​ក្នុង​ការ​បង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន តាម​រយៈ​ការ​តម្រូវ​ឱ្យ​ច្នៃប្រឌិត​នូវ​សម្លៀក​បំពាក់​ដែល​បង្កើត​ឡើង​ពី​ក្រណាត់​កៅអី​ឡាន​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ហ្វ​ដ ក្នុង​គោលបំណង​ជម្រុញ​ឱ្យ​មនុស្សជាតិ​យល់​ដឹង និង​ចូលរួម​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ហ្វ​ដ​នឹង​ផ្តល់​ជូន​ស្រោម​កៅអី​ឡាន​ដែល​ផលិត​ពី​សំណល់​ដប​ផ្លា​ស្ទិ​ច​ដល់​បេក្ខជន​ដែល​ចូលរួម​ប្រកួត​សម្រាប់​យក​ទៅ​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​ផង​ដែរ​។

កញ្ញា ឈែល ស៊ី​លីវ ប្រធាន​ផ្នែក​ច្នៃ​ម៉ូ​ដ​របស់​ក្រុមហ៊ុន​ហ្វ​ដ បាន​និយាយ​ថា ក្នុង​នាម​យើង​ជា​អ្នក​ផលិត​រថយន្ត យើង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ចូលរួម​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​បរិស្ថាន ជា​ពិសេស​កាត់​បន្ថយ​ការ​កើនឡើង​នូវ​ឧស្ម័ន​កាបូ​និក​នៅ​ក្នុង​បរិយាកាស​។ ជា​ច្រើន​ឆ្នាំ​កន្លង​មក យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផលិត​រថយន្ត​ហ្វ​ដ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​កែ​ច្នៃ​ចេញពី​សំណល់​ដប​ផ្លា​ស្ទិ​ច កប្បាស ក្រចៅ ចំបើង គ្រាប់សណ្តែក និង​ប្រេង​ល្ហុងខ្វង​ជាដើម​។

កញ្ញា​បន្ត​ថា កម្មវិធី​នេះ បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​បេក្ខជន​ដែល​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​បាន​បញ្ចេញ​នូវ​ទេព​កោសល្យ​របស់​ខ្លួន​តាម​រយៈ​ការ​ប្រើប្រាស់​កាក​សំណល់​យក​មក​កែ​ច្នៃ​រចនា​ជា​ម៉ូ​ដ​សម្លៀក​បំពាក់ ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ហ្វ​ដ ចង់​ជំរុញ​ឱ្យ​មានការ​កែ​ច្នៃ​នូវ​សម្ភារៈ​ដែល​ប្រើប្រាស់​រួច​ទុកជា​សម្ភារៈ​ដែល​មាន​ប្រយោជន៍ និង​រួម​គ្នា​ការពារ​បរិស្ថាន ។

កញ្ញា លីវ បន្ថែម​ថា តាម​រយៈ​កម្មវិធី​នេះ យើង​បាន​ជំរុញ​ឱ្យ​បេក្ខជន​ខិតខំ​បង្កើត និង​ច្នៃប្រឌិត​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ក្នុង​ការ​កែ​ច្នៃ​នូវ​ក្រណាត់ និង​ម៉ូ​ដដែល​ទាន់សម័យ​។ ការ​ផ្តល់​ជូន​នូវ​វត្ថុធាតុដើម​សម្រាប់​ការ​រចនា​នូវ​សម្ភារៈ​ប្រើប្រាស់​នេះ យើង​ជឿជាក់​ថា នៅ​ថ្ងៃ​អនាគត អ្នក​ច្នៃ​ម៉ូ​ដ​ទាំងអស់​នឹង​នៅ​តែ​បន្ត​គំនិត​ថ្មី​ៗ និង​ល្អ​ៗ ក្នុង​ការ​បង្កើត​សម្ភារៈ​ប្រើប្រាស់​ដែល​ច្នៃ​ចេញពី​កាក​សំណល់​នានា​។

ក្រុមហ៊ុន​ហ្វ​ដ​នឹង​នៅ​តែ​បន្ត​សហការ​ជាមួយនឹង​អង្គការ Redress ជា​អង្គការ​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​ទប់ស្កាត់​នូវ​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន ដោយ​ផ្តួចផ្តើម​ចេញពី​វិស័យ​ច្នៃប្រឌិត​សម្ភារៈ​ប្រើប្រាស់​ពី​កាក​សំណល់ ដើម្បី​បង្កើត​ឱ្យ​មានការ​ប្រកួត​នូវ​ការ​ច្នៃ​ម៉ូ​ដ​របស់​ហ្វ​ដ​ឆ្នាំ​២០១៦ នេះ​។ នៅ​ក្នុង​កម្មវិធី​នេះ បេក្ខជន​ទាំង​១០​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ប្រកួត​នេះ នឹង​តម្រូវ​ឱ្យ​ប្រើប្រាស់​ស្រោម​កៅអី​រថយន្ត​ហ្វ​ដ ដើម្បី​កែ​ច្នៃ​ឱ្យ​ចេញ​ជា​ម៉ូ​ដ​សម្លៀក​បំពាក់​។

សម្លៀក​បំពាក់​ដែល​មានការ​ច្នៃប្រឌិត​ខ្ពស់​ជាងគេ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូ​ដ Hong Kong Fashion Week ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រកួត​ច្នៃ​ម៉ូ​ដ​របស់​ហ្វ​ដ (Ford) ។ ការ​ប្រកួត​ច្នៃ​ម៉ូ​ដ​របស់​ក្រុមហ៊ុន​ហ្វ​ដ (Ford) នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​បេក្ខជន​អាច​ចាប់ផ្តើម​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ចាប់ពី​ថ្ងៃនេះ​តទៅ នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ហ្វ​ដ​ (Ford) www.digitalsnippets.ford.com/fordgrant