ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​តែ​អាច​បន្ត​រុករក​រ៉ែ​ត្បូង​លក់ ដើម្បី​ជីវ​ភាព តែ​កាន់តែ​ខ្សត់ខ្សោយ​ជាង​មុន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​ដឹង​ហើយ​ថា ប៉ៃលិន​គឺជា​ខេត្ត​នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​នៅ​ទិស​ពាយព្យ នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​តំបន់​ខ្ពង់រាប ត្រូវ​បាន​គេ​ចាត់ទុកជា​ខេត្ត​ដែល​សំបូរ​ទៅ​ដោយ​ធនធាន​រ៉ែ​ធម្មជាតិ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​ខេត្ត​នេះ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា «​ខេត្ត​ត្បូង​ពេជ្រ​»…

ខេត្ត​ប៉ៃលិន ៖ គេ​ដឹង​ហើយ​ថា ប៉ៃលិន​គឺជា​ខេត្ត​នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​នៅ​ទិស​ពាយព្យ នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​តំបន់​ខ្ពង់រាប ត្រូវ​បាន​គេ​ចាត់ទុកជា​ខេត្ត​ដែល​សំបូរ​ទៅ​ដោយ​ធនធាន​រ៉ែ​ធម្មជាតិ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​ខេត្ត​នេះ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា «​ខេត្ត​ត្បូង​ពេជ្រ​» ។

បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស និង​ឈ្មោះ ម៉ៅ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ៖ នៅ​រយៈពេល​ចុង​ក្រោយ​នេះ ការ​ប្រកប​មុខរបរ​អាជីវកម្ម​រ៉ែ​ត្បូង​តាម​ដងអូរ​សម្រាប់​ប្រជាពលរដ្ឋ​មានការ​ថយ​ចុះ ដោយសារ​តែ​ការ​រ៉ែ​ត្បូង​កាន់តែ​ក្រខ្សត់ មិន​សំបូរ​ដូច​ពី​មុន ហើយ​ដី​ភាគច្រើន​ជា​កម្មសិទ្ធិឯកជន មិន​អាច​អនុ​ញ្ញាត​ឱ្យ​ជីក​កកាយ​បាន​ទេ ។ តែ​ពួក​គាត់​មួយ​ចំនួន​ដែល​សម្រាក​ពី​ការងារ​ស្រែ​ចំការ និង​អ្នក​ដែល​គ្មាន​ដីធ្លី​នៅ​តែ​បន្ត​រុករក​កំទេច​​រ៉ែ​ត្បូង​ជា​រៀងរាល់ថ្ងៃ ដើម្បី​លក់​ឱ្យ​កុងសែ (​ឈ្មួញ​) ទិញ​យក​ទៅ​ច្នៃ​សម្រាប់​ធ្វើ​ជា​គ្រឿងអលង្ការ លក់​បន្ត​ឱ្យ​ភ្ញៀវ​ទេសចរ​ចេញ​-​ចូល​ក្នុង​ខេត្ត​ប៉ៃលិន ។

ប្រភព​ដដែល​បន្ត​ថា ការ​ប្រកប​របរ​រែង​ដី​រក​រ៉ែ​ត្បូង​មួយ​ចំនួន​ធំ ត្រូវ​បាន​បោះបង់​ចោល​ដោយ​ផ្លាស់​ប្តូរ​ទៅ​រក​ការ​ប្រកប​មុខរបរ​ធ្វើស្រែ​ចំការ​ជំនួស​វិញ ។ បច្ចុប្បន្ន​នេះ ពួក​គាត់​មាន​គ្នា​តិច​តូច​បំផុត ដែល​កំពុង​ធ្វើ​សកម្មភាព​រែង​ត្បូង ដោយ​ដៃ​នៅ​ខេត្ត​ប៉ៃលិន ដែល​បញ្ហា​នោះ​ហើយ​នាំ​ឱ្យ​តម្លៃ​ទីផ្សារ​ត្បូង​ប៉ៃលិន មានការ​ឡើង​ខ្ពស់​ជាង​មុន​បន្តិច ។ ត្បូង​ដែល​ល្អ​ជាងគេ នៅ​ក្នុង​ចំណោម​ត្បូង​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា គឺ​ត្បូង​ខេត្ត​ប៉ៃលិន ដែល​មាន​២​ប្រភេទ គឺ​ត្បូង​ទទឹម (​ពណ៌​ក្រហម​) និង​ត្បូង​ក​ន្តៀ​ង (​ពណ៌​ខៀវ​) ដែល​ទទួលស្គាល់​នៅ​លើ​ពី​ភព​លោក​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ទោះបីជា​យ៉ាងណា ឥឡូវនេះ​ត្បូង​មិន​សំបូរ​ដូច​កាលពីមុន​នោះ​ទេ ។ ការ​រែង​ត្បូង​របស់​ពួក​គាត់ បាន​ចំនួន​តិចតួច​បំផុត មាន​តែ​ត្បូង​តូច​ៗ​ប៉ុណ្ណោះ ។

ចំណែក​ថៅកែ​ច្នៃត្បូង​ម្នាក់​ឈ្មោះ លឿង ចំណាន ហៅ​ច​យ បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ៖ តម្លៃ​ត្បូង​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​មាន​ហាង​ឆេង​ខ្ពស់​ជាង​មុន ដោយសារ​ត្បូង​កាន់តែ​ក្រខ្សត់ ដោយ​ភាគច្រើន​ពួក​គាត់​ទិញ​បាន​ពី​អ្នក​រែង​ត្បូង​នៅ​តាម​ដងស្ទឹង ។

លោក​បន្ត​ទៀត​ថា ឥឡូវនេះ មាន​គ្រាប់​ត្បូង​តូច​ៗ​ប៉ុណ្ណោះ តែ​បើសិនជា​ចង់បាន​គ្រាប់​ត្បូង​ធំ​ៗ ហើយ​ភ្ញៀវ​កុម្ម​ង់​ទិញ គឺ​គាត់​ទៅ​យក​ពី​ប្រទេស​ថៃ​មក​វិញ ពីព្រោះ​ជនជាតិ​ថៃ​បាន​ទិញ និង​ចូល​មក​ជីក​កកាយ​រុករក​រ៉ែ​ត្បូង​ពី​ប៉ៃលិន​បាន​ច្រើន​កាលពីមុន​សម័យ​សង្គ្រាម និង​ក្រោយ​សមា​រណកម្ម​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​មានការ​ធ្លាក់​ចុះ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នាំ​គ្នា​ប្រកប​មុខរបរ​នេះ ដោយ​ដៃ​ជា​លក្ខណៈ​គ្រួសារ ។

លោក​បន្ត​ថា ការ​ជីក​រក​រ៉ែ​ត្បូង​នៅ​ខេត្ត​ប៉ៃលិន មិនសូវ​មាន​នោះ​ទេ ប៉ុន្តែ​គេ​មិន​ទាន់​វាយតម្លៃ​បាន​ថា រ៉ែ​ត្បូង​នៅ​ខេត្ត​ប៉ៃលិន អស់​ឬ​នៅ​ច្រើន​នោះ​ទេ ព្រោះ​វា​ជា​ធនធានធម្មជាតិ​នៅ​ក្នុង​ដី និង​អាច​មាននៅ​ក្នុង​តំបន់​ព្រៃ​ភ្នំ​មួយ​ចំនួន ព្រោះ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​មក​សិក្សា​ស្រាវជ្រាវ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ