ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ដល់​កុមារ​នៅ​មណ្ឌលកុមារ​កំព្រា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ដល់​កុមារ​នៅ​អង្គការ​មិត្តសំឡាញ់ និង​អង្គការ​ផ្កាយ​សមុទ្រ ដែល​ស្ថិត​ក្នុង​ខណ្ឌ​ស្ទឹង​មាន​ជ័យ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៥ កន្លង​ទៅ​នេះ

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ដល់​កុមារ​នៅ​អង្គការ​មិត្តសំឡាញ់ និង​អង្គការ​ផ្កាយ​សមុទ្រ ដែល​ស្ថិត​ក្នុង​ខណ្ឌ​ស្ទឹង​មាន​ជ័យ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៥ កន្លង​ទៅ​នេះ គោលបំណង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​។
 
លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា «​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​មិន​ត្រឹមតែ​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​សម្រាប់​កុមារ​កម្ពុជា​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់ ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​បាល់ទាត់​ទៅ​ដល់​កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា​ថែម​ទៀត​ផង​។ លើស​ពី​នេះ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​បាល់ទាត់ និង​បាល់ទះ​ជាង​៦០០​បាល់​ទៅ​ដល់​សាលារៀន និង​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ជាង​៣០០​នាក់ បាន​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ ដោយ​ទទួល​បានការ​បង្ហាត់បង្ហាញ​ពី​កីឡាករ​អាជីព​មក​ពី​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល​ដែល​ជា​ក្លិប​បាល់ទាត់​ដ៏​ល្បីឈ្មោះ​មួយ​»​។

លោក​បាន​បន្ថែម​ទៀត​ថា «​យើង​រំពឹង​ថា តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា នឹង​ឈាន​ឡើង​មួយ​កម្រិត​ទៀត ហើយ​កីឡាករ​បាល់ទាត់​វ័យក្មេង​មួយ​ចំនួន​នឹង​អាច​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​នា​ពេល​អនាគត ហើយ​ពួក​គេ​អាច​ផ្ទេរ​ជំនាញ​របស់​ពួក​គេ​ទៅ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ទៀត​ផង​»​។
កុមារ​ម្នាក់​មក​ពី​អង្គការ​មិត្តសំឡាញ់​បាន​និយាយ​ថា «​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ដែល​បាន​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ អត្ថប្រយោជន៍​នៃ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​ជំនាញ​បច្ចេកទេស​ក្នុង​ការ​លេង​បាល់ទាត់​។ យើង​ក៏​បាន​ស្គាល់​មិត្តភក្តិ​ថ្មី​ៗ​ជា​ច្រើន​នាក់​មក​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ យើង​សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ដែល​បាន​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​សម្រាប់​យើង​»​។

លោក​សាម​ឌី បុគ្គលិក​របស់​អង្គការ​ផ្កាយ​សមុទ្រ​បាន​មាន​ប្រសាសន៍​ថា «​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​បាន​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​សម្រាប់​កុមារ​របស់​យើង​។ ជា​ច្រើន​លើក​មក​ហើយ ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​សម្រាប់​កុមារ​កម្ពុជា​។  វា​ដល់​ពេល​ដែល​កុមារ​ទាំងនេះ ត្រូវ​អនុវត្ត​ជំនាញ​របស់​ពួក​គេ​ដែល​បាន​រៀន​ពី​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​លហើយ​។ ខ្ញុំ​គិត​ថា កម្មវិធី​នេះ មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​កុមារ ដើម្បី​អភិវឌ្ឍ​ជំនាញ​បាល់ទាត់​របស់​ពួក​គេ​។ តាំង​នាម​ឲ្យ​កុមារ​ទាំងនេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​បាន​ផ្តល់​ទាំង​សម្ភារៈ​កីឡា និង​កម្មវិធី​បណ្តុះបណ្តាល​ដល់​កុមារ​»៕