ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀង ទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ២៩៧០០ ដូស សម្រាប់ចាក់ជូនមន្ត្រីរាជការ ក្នុងទ្រង់ទ្រាយធំ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ…

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុ​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Sinovac ក្នុងគោលការណ៍​ស្ម័គ្រចិត្ត។

ជាមួយគ្នានេះ ក៏មានការចាក់ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តផងដែរ​។ ពិធីចាក់វ៉ាក់សាំងនេះ បានធ្វើឡើង​ នៅសាលប្រជុំធំ អាគារ “ឃ” ក្នុង​សាលាខេត្តស្វាយរៀង​។

សូមជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១​ នៃការបើកឆាកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ប្រភេទ Sinovac ដែលបានប្រព្រឹត្តិ ទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស ក្រោមការគិតគូ​ និងដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា។ ក្នុងនោះ ​ខេត្តស្វាយរៀង ក៏បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង ៨ ក្រុងស្រុក ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែង ដែលរដ្ឋបាលក្រុងស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូន ដោយផ្អែកលើគោលការស្ម័គ្រចិត្ត។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ដំណាក់កាលទី២នេះ រដ្ឋបាលខេត្តស្វាយរៀង ទទួលបានវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់(Sinovac)ចំនួន២៩,៧០០ដូស សម្រាប់ចាក់ជូនមន្ត្រីរាជ្យការក្នុងខេត្តស្វាយរៀងចំនួន១៤,៨៥០នាក់។លោកវេជ្ជបណ្ឌិតបន្តទៀតថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩នៅថ្ងៃទី១មេសានេះ គឺជាដំណាក់កាលទី២ លើកទី១ ដែលទទួលវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន ២៩​៧០០ដូស​។​ កាលពីដំណាក់កាលទី១ ខេត្តស្វាយរៀង ទទួលបានវ៉ាក់សាំង (ប្រភេទស៊ីណូហ្វាម) ចំនួន ៣​០០០ដូស សម្រាប់ចាក់ឲ្យមន្ត្រីសុខាភិបាលនិងកងកម្លាំងនគបាល និងទាហាន។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា នៅដំណាក់កាលទី២ លើកទី១នេះ យើងមាន ៨ទីតាំង សម្រាប់ចាក់វ៉ាក់សាំង​ការពារជំងឺ​កូវីដ១៩ គឺ៖ ទី១ នៅ អគារ«ឃ» សាលាខេត្តស្វាយរៀង គឺសម្រាក់ចាក់ជូនថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីសាលាខេត្ត និងមន្ត្រីរាជការតាមមន្ទីរនានា ជុំវិញខេត្ត និង ៧ ទីតាំងទៀត រួមមាន មន្ទីរពេទ្យខេត្តស្វាយរៀង មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យបង្អែក ជីភូ មន្ទីរពេទ្យបង្អែក ស្វាយទាប មន្ទីរពេទ្យបង្អែកស្វាយជ្រំ មណ្ឌលសុខភាពមេសរថ្ងកស្រុកចន្ទ្រា និងមណ្ឌលសុខភាពញរ ឃុំញរ ស្រុកកំពង់រោទិ៍។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ក៏បានឲ្យដឹងដែរថា មកដល់ថ្ងៃទី១មេសា២០២១នេះ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ២៨នាក់ នៅខេត្តស្វាយរៀង។ ក្នុងនោះ ព្យាបាលជាសះស្បើយ ២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៦នាក់។ ម្នាក់ ត្រូវបាន​បញ្ជូនទៅរាជធានីភ្នំពេញ និង ២៥នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យស្វាយជ្រំ៕ ដោយ៖ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ