ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកភូមិប្រមាណជា៣.០០០នាក់ដែលរស់នៅ ក្នុងបណ្ដាតំបន់មានជនជាតិភាគតិចការ៉ែនភាគច្រើន រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅកាន់ប្រទេសថៃ។ កងទ័ពអាកាសមីយ៉ាន់ម៉ា បានវាយប្រហារពួកឧទ្ទាមការ៉ែនជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩៥មក។
កាសែតអង់គ្លេស THE GUARDIAN រាយការណ៍ថា ការវាយប្រហារតាមអាកាសមួយចំនួនរបស់កងទ័ពមីយ៉ាន់ម៉ា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានជម្រុញឲ្យមនុស្សច្រើនពាន់នាក់ រត់ភៀសខ្លួនឆ្លងកាត់ព្រំដែន ចូលប្រទេសថៃ។ កាសែតនោះបន្តថា ការវាយប្រហារទាំងនេះលើបណ្ដាតំបន់ដែលមានជនជាតិការ៉ែនភាគច្រើន ចាប់ផ្ដើមពីថ្ងៃទី២៧មីនាមក។ គេវាយតម្លៃថាតាំងពីមានការវាយប្រហារនោះមក អ្នកភូមិប្រមាណជា៣.០០០នាក់បានរត់ឆ្លងកាត់ស្ទឹងSALWEENភៀសខ្លួនមកកាន់ដែនដីថៃ ហើយមនុស្សមួយចំនួនកំពុងតែរត់កាត់ព្រៃក្នុងដែនដីមីយ៉ាន់ម៉ា។
តាមសាក្សីទាំងឡាយថា មានការផ្ទុះខ្លាំងៗ ហើយផ្ទះនិងអគារជាច្រើនត្រូវភ្លើងឆាបឆេះ។ មនុស្សយ៉ាងតិច៣នាក់ត្រូវស្លា.ប់ក្នុងការវាយប្រហារតាមអាកាស កាលពីថ្ងៃទី២៧មីនា។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រយុទ្ធ ប្រឆាំងពួកឧទ្ទាមការ៉ែនចាប់តាំងពីច្រើនឆ្នាំមកហើយ និងបើតាមកាសែតអង់គ្លេសថា ការវាយប្រហារតាមអាកាសនាពេលនេះ ជាការវិវត្តន៍គួរឲ្យបារម្ភ ពេលដែលរបបយោធាកំពុងបង្ក្រាបបាតុកម្ម ដែលបណ្ដាលឲ្យមនុស្សស្លាប់ជិត៥០០នាក់រួចហើយ។
ពួកបាតុករស្និទ្ធប្រជាធិបតេយ្យក៏ទោះបីមានការបង្រា្កបយ៉ាងបង្ហូរឈា.ម ក៏នាថ្ងៃទី២៩មីនា បានលើកគ្នាដើរហែក្បួនតវ៉ាជាថ្មី តាមដងវិថីនានា តាំងពីព្រឹកព្រលឹមថ្ងៃទី២៩មីនានៅមីយ៉ាន់ម៉ា។ មនុស្សយ៉ាងតិច១០៧នាក់ក្នុងនោះមានកុមារ៧នាក់ បានត្រូវស្លា.ប់កាលពីថ្ងៃទី២៧មីនាក្នុងការបង្ក្រាបបាតុកម្មពីសំណាក់កងកម្លាំងសន្តិសុខ ដោយប្រើប្រាស់បណ្ដាមធ្យោបាយយោធា ជាមួយការវាយប្រហារតាមអាកាសក្នុងតំបន់ភាគអាគ្នេយ៍ប្រទេស។ សរុបមកទល់ពេលនេះមនុស្ស៥១០ហើយ ក្នុងនោះមាននិស្សិតនិងក្មេងជំទង់ច្រើននាក់ បានត្រូវស្លា.ប់ដោយគ្រាប់កាំភ្លើង របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ក្នុងការបង្ក្រាបបាតុកម្មចាប់តាំងពីរដ្ឋប្រហារមក។ ចំណែកពួកឧទ្ទាមប្រដាប់អាវុធ បានគំរា.ម ចូលរួមក្នុងការតវ៉ាប្រឆាំងរបបយោធាប្រសិនបើការបង្ក្រាបបង្ហូរឈា.មនៅបន្តទៀត។
តំណាងពាណិជ្ជកម្មអាមេរិកលោកស្រីKATHERINE TAI ប្រកាសនាថ្ងៃទី២៩មីនាពីការផ្អាកភ្លាមៗ រាល់ការសន្យាពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកជាមួយមីយ៉ាន់ម៉ា ដោយសាររដ្ឋប្រហារយោធាថ្ងៃទី១កុម្ភៈ និងការបង្ក្រាបយ៉ាងបង្ហូរឈា.មបាតុកម្មទាំងឡាយដោយរបបយោធា៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ