រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០២០កន្លងទៅ គ្រប់គ្នាប្រាកដជាបានដឹងថា ជាឆ្នាំមួយដ៏អាក្រក់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងពិភពលោកទាំងមូល ក្នុងនោះវិស័យទេសចរណ៍ដែលជាវិស័យសំខាន់មួយក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឃើញថាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជាបង្ហាញថាក្នុងឆ្នាំ២០២០ទាំងមូលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែជាង១លាន៣០ម៉ឺននាក់ បើធៀបនឹងឆ្នាំ ២០១៩មានការធ្លាក់ចុះដល់ទៅ៨០ភាគរយ ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញផងដែរពីភ្ញៀវទេសចរអន្តរជាតិដែលមកដល់កម្ពុជាច្រើនជាងគេនៅក្នុងឆ្នាំ២០២០ ក្នុងនោះចិននៅតែឈរលំដាប់លេខ១ ដែលមានភ្ញៀវទេសចរប្រមាណជិត៣៣ម៉ឺននាក់ តែបើធៀបនឹងឆ្នាំ២០១៩ មានការធ្លាក់ចុះដល់ទៅ៨៦ភាគរយ ។
យោងតាមរបាយការណ៍ដដែលនេះ បង្ហាញថាភ្ញៀវទេសចរដែលមកដល់កម្ពុជាតាមរយៈអាកាសយានដ្ឋានទាំងបីមានចំនួន ៧៥៦ពាន់នាក់ ធ្លាក់ចុះ៨២,៨ភាគរយ ក្នុងនោះភ្ញៀវអន្តរជាតិតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន៤៤១ពាន់នាក់ តាមព្រលានយន្តហោះ សៀមរាបមាន២៤០ពាន់នាក់ និងតាមច្រកអាកាសយានដ្ឋានអន្តរជាតិកងកេង មានចំនួន៧៣ពាន់នាក់ ។
ចំណែកភ្ញៀវអន្តរជាតិដែលចូលមកកម្ពុជាតាមច្រកព្រំដែនទឹក មានចំនួនជាង៥១ពាន់នាក់ ធ្លាក់ចុះ៦៧,២ភាគរយនិងភ្ញៀវអន្តរជាតិដែលចូលមកម្ពុជាតាមច្រកព្រំដែនគោកមានចំនួនជិត៥០ម៉ឺននាក់ តែធ្លាក់ចុះ៧៥,៧ភាគរយ ។
លោកធួន ស៊ីណានប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានលើកឡើងថា ក្នុងឆ្នាំ២០២១នេះ វិស័យទេសចរណ៍នៅតែជួបហានិភ័យដដែល ហើយភ្ញៀវអន្តរជាតិចូលមកក្នុងប្រទេសកម្ពុជានឹងបន្តធ្លាក់ចុះទៀតក្នុងឆ្នាំ ដោយសារតែជំងឺកូវីដ១៩នៅតែបន្តរីករាលដាលជាសកលដដែល ។ វិស័យទេសចរណ៍អាចងើបឡើងវិញបាន លុះត្រាតែ ជំងឺកូវីដ១៩ឈប់ឆ្លងរាលដាល ហើយបើទោះបីជាជំងឺនេះ មិនឆ្លងរាលដាលក្នុងប្រទេសកម្ពុជា តែនៅលើពិភពលោកនៅតែមានការឆ្លងវិស័យទេសចរណ៍នៅតែជួបបញ្ហាដដែល ។
លោកបន្តថា មានតែចលនាទេសចរក្នុងស្រុកទេ ដែលអាចជួយជំរុញឱ្យវិស័យទេសចរណ៍មានសកម្មភាពខ្លះៗមកវិញបើរង់ចាំតែភ្ញៀវទេសចរអន្តរជាតិ មិនដឹងជាពេលណានោះឡើយ ព្រោះរហូតមកដល់ពេលនេះ យើងមើលពុំឃើញពីសញ្ញាវិជ្ជមានណាដែលបញ្ជាក់ពីការងើបវិញនៃវិស័យទេសចរណ៍ឡើយ ៕
ចែករំលែកព័តមាននេះ