ប្រធាន​សមាគម​វិស័យ​ទេសចរណ៍បង្ហាញ​ពី​ទុ​ដ្ឋិ​និយម​ចំពោះ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​នេះសម្រាប់​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រធាន​សមាគម​វិស័យ​ទេសចរណ៍បង្ហាញ​ពី​ទុ​ដ្ឋិ​និយម​ចំពោះ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​នេះសម្រាប់​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ

2 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ នៅ​ចុងឆ្នាំ ២០២០ កន្លង​ទៅ​នេះ ប្រតិបត្តិ​ករ​ទេសចរ​ជា​ច្រើន បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ ដោយ​រំពឹង​ថា​លំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​សកម្មភាព​ឡើង​វិញ តែ​ក្រោយ​ព្រឹត្តិការណ៍​២០…

រាជធានី​ភ្នំពេញ ៖ នៅ​ចុងឆ្នាំ ២០២០ កន្លង​ទៅ​នេះ ប្រតិបត្តិ​ករ​ទេសចរ​ជា​ច្រើន បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ ដោយ​រំពឹង​ថា​លំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​សកម្មភាព​ឡើង​វិញ តែ​ក្រោយ​ព្រឹត្តិការណ៍​២០ កុម្ភៈ ២០២១ ការ​រំពឹង​ទុក​នេះ ហាក់​នៅ​ឆ្ងាយ​បន្ទាប់ ពី​មាន​អ្នក​ឆ្លង​ជាង ១០០០ នាក់​ត្រឹម​រយៈពេល​ជាង ១ ខែ​ប៉ុណ្ណោះ ។

Picture

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា លោក ធួន ស៊ី​ណា​ន បានឱ្យ​ដឹង​ថា តាំងពី​ចុងឆ្នាំ​មុន និង​រហូត​មក​ដល់​ពេល​នេះ លោក​មើល​មិនឃើញ​ពី​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ទាល់តែ​សោះ ដែល​ការ​គិត​នេះ ប្រហែលជា​ខុស​ពី​អ្នក​ព្យាករណ៍​មុន​ៗ ដែល​និយាយ​ថា​វិស័យ​ទេសចរណ៍​នឹង​ងើបឡើង​វិញ​នោះ ។

លោក​បន្ត​ថា ដា​រាប​ណា​ជំងឺ​កូ​វី​ដ​១៩​មិន​ទាន់​សាបរលាប វិស័យ​ទេសចរណ៍​នឹង​មិន​អាច​មាន​សកម្មភាព​កម្រើក​បាន​នោះ​ទេ បើ​ទោះបីជា​កម្ពុជា​យើង​មិន​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ទៀត​ក្ដី ។ វិស័យ​ទេសចរណ៍​កម្ពុជា គឺ​ត្រូវ​ពឹងពាក់​លើ​សកម្មភាព​មក​ពី​ប្រទេស ហើយ​បើសិនជា​ជំងឺ​នេះ នៅ​តែ​កើត​មាន​ឡើង​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ដូច​ជា​អឺរ៉ុប អា​មេ​រិ​ក​ជាដើម​នោះ ភ្ញៀវ​ទេសចរ​ទាំងនោះ​មិន​អាច​ចូល​មក​កម្ពុជា ដើម្បី​ដើរ​ទស្សនា​បាន​នោះ​ទេ ។ លោក​ថា​៖ «​គ្មាន​ទេសចរ​ណា​ចូល​មក​កម្ពុជា ឬ​ទៅ​ប្រទេស​ផ្សេង​ដោយ​ចំណាយពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​នោះ​ទេ ។ ក្រោយ​ច​ត្តា​ឡី​ស័ក ដើរ​លេង​បាន​បី​បួន​ថ្ងៃ ហើយ​ត្រលប់​ទៅ​វិញ​ស្រុក​កំណើត​វិញ ក៏​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត » ។

លោក​បន្ថែម​ថា បើ​តាម​យោបល់​លោក ដើម្បី​ឱ្យ​ទេសចរ​អាច​ចូល​មក​ទស្សនា បាន​ខ្លះ​វិញ​រដ្ឋាភិបាល​គួរ​បន្ធូ​បន្ថយ នូវ​វិធាន​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ហើយ ដោយ​កំណត់​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹម ៣ ថ្ងៃ ឬ​៥ ថ្ងៃ ដោយ​មិន​ចាំបាច់ ១៤ ថ្ងៃ​នោះ​ទេ ។ ធ្វើ​ដូចនេះ ភ្ញៀវ​ទេសចរ​អាច​ចូល​មក​ទស្សនា នៅ​កម្ពុជា​បាន​វិញ​បណ្ដើរ​ៗ​ហើយ នឹង​អាច​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរ​មាន​ដង្ហើមរស់​ឡើង​វិញ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ថា ខណៈ​នេះ​ប្រទេស​ណា ដែល​មានការ​គិតគូរ​ពី​គោលនយោបាយ​វ៉ាក់សាំង បាន​មុន​ប្រទេស​នឹង​ទទួល​បាន​ផលប្រយោជន៍​មុនគេ ។ បើសិនជា​រង់ចាំ​ឱ្យ​កូ​វី​ដ​១៩ ស្ងប់ស្ងាត់​សឹម​បើក​ប្រទេស​ឱ្យ​ទេសចរ​ចូល​មក ប្រទេស​ដែល​បើក​ឱ្យ​ទេសចរ​ចូល​មុន នឹង​ទទួល​បាន​ប្រយោជន៍ ពី​វិស័យ​ទេសចរណ៍​មុន​ប្រទេស ដែល​បើក​ឱ្យ​ទេសចរ​ចូល​ក្រោយ​ៗ ។

បើ​តាម​លោកស្រី ក្លឹ​ខៃ ចិន្ដា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​លើក​ឡើង​ថា ចាប់តាំងពី​ដើមឆ្នាំ​២០២០ មក​ម្ល៉េះ​វិស័យ​ទេសចរណ៍ គឺ​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឱ្យ​សណ្ឋាគារ​ខ្លះ​បាន​បិទទ្វារ ខ្លះ​ផ្អាក​ដំណើរការ អស់​ជា​ច្រើន ហើយ​រហូត​មក​ដល់​ពេល​នេះ ក៏​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ងើបឡើង​វិញ​ផង​ដែរ​នៃ​វិស័យ​ទេសចរណ៍ ៕