រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Angle Trading Co,.ltd ត្រូវបានទទួលស្គាល់គុណភាពលើផលិតផលសំឡីអនាម័យម៉ាក MiMi , ga ga និង Charcoal ពីសំណាក់ស្ថាប័នបញ្ជាក់គុណភាពរបស់ប្រទេសសិង្ហបុរី ,ចិន, ហុងកុង និងប្រទេសវៀតណាម ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិនូវផលិតផលសម្រាប់ស្ត្រី និងបានចែកចាយទៅកាន់លើទីផ្សាររបស់ប្រទេសខាងលើប្រកបដោយជោគជ័យ ។ ពិធីប្រកាសប្រាប់ដល់អតិថិជនទាំងក្នុងប្រទេស និងក្រៅប្រទេស ចំពោះការទទួលស្គាល់គុណភាពជាលក្ខណៈអន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី២៤ សីហា ២០១៥នេះ នៅក្នុងភោជនីយដ្ឋាន ទន្លេបាសាក់២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានការចូលរួមពីសំណាក់អគ្គនាយិកាក្រុមហ៊ុនសំឡីអនាម័យ MiMi លោកស្រី យិន សំណាង ,តារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា កញ្ញា មាស សុខសោភា និងតារាបង្ហាញម៉ូដ Pop Model ព្រមទាំងអតិថិជនជាច្រើននាក់ទៀត ។
លោកស្រី យិន សំណាង អគ្គនាយិកាក្រុមហ៊ុន Angle Trading Co,.ltd បានថ្លែងបញ្ជាក់ក្នុងកម្មវិធីនោះថា ផលិតផលសំឡីអនាម័យ MiMi បានផលិតឡើងជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការរបស់ស្ត្រីគ្រប់ៗរូប ដោយពីមុនមានតែ៣ប្រភេទទេ ប៉ុន្តែមកដល់ពេលនេះ មានរហូតដល់ទៅ៩ប្រភេទ ប្រើទាំងពេលយប់ ពេលថ្ងៃ ជួយបំបាត់ក្លិន ផ្ដល់នូវភាពត្រជាក់ ជាពិសេសគឺម៉ាក ga ga និង Charcoal ដែលបងប្អូនស្ត្រីខ្មែរបានស្គាល់ជាទូទៅ ហើយផលិតផលទាំងពីរនេះ កំពុងតែមានវត្តមាននៅលើទីផ្សារអន្តរជាតិរួចទៅហើយ ។ លោកស្រីបានបន្តទៀតថា ក្រុមហ៊ុនសំឡីអនាម័យ MiMi ត្រូវបានទទួលស្គាល់គុណភាពពីសំណាក់ប្រទេសចំនួន៣ដែលបានឆ្លងកាត់ការពិនិត្យគុណភាព ធ្វើតេស្តគុណភាព ដោយស្ថាប័នជំនាញប្រចាំប្រទេសនីមួយៗមានដូចជា ប្រទេសសិង្ហបុរី ចិន និងប្រទេសវៀតណាម ។
ជាមួយគ្នានេះ ដោយសារតែថ្មីៗនេះ ក្នុងបណ្ដាញសង្គមទំនាក់ទំនង Facebook ត្រូវបានគេយកសំឡី MiMi យកមកដាក់ត្រាំក្នុងទឹក ហើយឃើញមានចេញជាចាហួយធ្វើឲ្យមានការភ្ញាក់ផ្អើល និងបានបញ្ជូនតៗគ្នានាំឲ្យមានការប៉ះពាល់ដល់គុណភាព និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយ៉ាងខ្លាំងនោះ ត្រូវបានលោកស្រី នាយិកាក្រុមហ៊ុនបានធ្វើការបកស្រាយថា «អ្វីដែលប្អូនៗ ក៏ដូចជាអ្នកប្រើប្រាស់យកសំឡីទៅត្រាំទឹក ហើយចេញជាចាហួយនោះ គឺជាសារធាតុម្យ៉ាងមានឈ្មោះថា Super Absorbent Polymer for sanitary napkins ដែលផលិតឡើងនៅក្នុងប្រទេសជប៉ុន សម្រាប់ដាក់ភ្ជាប់ជាមួយនឹងសំឡីអនាម័យ ហើយគេក៏បានធ្វើតេស្ដទៅលើផលិតផលនេះរួចហើយ មានទាំងលិខិតបញ្ជាក់ត្រឹមត្រូវ ពោលគ្មានជាតិគិមី ឬប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ សូមឲ្យបងប្អូនស្ត្រីទាំងអស់ឈប់បារម្ភបន្តទៅទៀត»។ ម្យ៉ាងទៀតប្រសិនបើនៅតែមានជនខិលខូចណា នៅតែបន្លំម៉ាកផលិតផលសំឡីអនាម័យ MiMi ដើម្បីឲ្យអតិថិជនមានការភ័ន្តច្រឡំ មានការព្រួយបារម្ភប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននោះ លោកស្រីនាយិកា នឹងចាត់វិធានការតាមផ្លូវច្បាប់ស្រាវជ្រាវរកជនខិលខូចទាំងនោះ ដើម្បីមកផ្តន្ទាទោសតាមច្បាប់ និងបានទទូចឲ្យជនទាំងនោះបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់។
បន្ទាប់ពីបានធ្វើការបកស្រាយ ដើម្បីឲ្យអតិថិជនយល់កាន់តែច្បាស់ពីគុណភាពរបស់សំឡីអនាម័យ MiMi រួចមក ខាងក្រុមហ៊ុនក៏បានបង្ហាញនូវផលិតផលថ្មីមួយទៀត គឺសាប៊ូដុសខ្លួន ម៉ាក Pek មាន៥ប្រភេទ ប្រើបានទាំងបុរស និងស្ត្រី ជាផលិតផលថ្មីរបស់ Angle Trading Co,.ltd កំពុងតែមានវត្តមាន លើទីផ្សារកម្ពុជា ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន៕
ចែករំលែកព័តមាននេះ